(ភ្នំពេញ)៖ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញពិធីសម្ពោធមជ្ឈមណ្ឌលកែច្នៃ និងនវានុវត្តន៍ និងមន្ទីរពិសោធន៍ត្រួតពិនិត្យគុណភាព Labiocert របស់ក្រុមហ៊ុនប៉េប៉េអឹម និងខនហ្វីរែល ដោយមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងឧកញ៉ាឱសថ បណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកក្រុមហ៊ុនប៉េប៉េអឹម និងខនហ្វីរែល ព្រមទាំងតំណាងវិស័យឯកជនជាច្រើនរូប នារសៀលថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរោងចក្រខនហ្វីរែល។

ក្នុងឱកាសនោះ លោកស្រីរដ្ឋមន្ត្រី ចម និម្មល បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ដល់ក្រុមហ៊ុនប៉េប៉េអឹម និងខនហ្វីរែល ចំពោះភាពរីកចម្រើន និងការឈានទៅមុខ មួយជំហានទៀត រហូតសម្រេចបានមជ្ឈមណ្ឌលកែច្នៃ និងអភិវឌ្ឍន៍ម្ហូបអាហារ ព្រមទាំងការរៀបចំ ឱ្យមានមន្ទីរពិសោធន៍ Labiocert នេះឡើង ដែលនឹងចូលរួមចំណែកជាច្រើន ក្នុងការលើកកម្ពស់ការកែច្នៃ និងពង្រឹងគុណភាពម្ហូបអាហារ ក៏ដូចជាផលិតផលខ្មែរទាំងមូល។

លោកស្រីរដ្ឋមន្ត្រីបានបន្តថា ការបញ្ជាក់អំពីគុណភាពចំណីអាហារនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការផ្ដល់នូវសេចក្ដីទុកចិត្តដល់ប្រជាពលរដ្ឋ ដែលជាអ្នកទទួលទាន ជាពិសេសការអភិវឌ្ឍម្ហូបអាហារប្រកបដោយគុណភាព ជាលក្ខខណ្ឌចាំបាច់មួយ ដើម្បីផ្ដល់ជូនអ្នកប្រើប្រាស់នូវជម្រើសផលិតផលម្ហូបអាហារថ្មីៗ មានគុណភាពខ្ពស់ និងរសជាតិឆ្ងាញ់ សម្រាប់ទទួលទានប្រចាំថ្ងៃ និងអាចឈានទៅដល់ការនាំចេញទៅទីផ្សារអន្តរជាតិ ដើម្បីឱ្យពិភពលោកបានស្គាល់នូវសិល្បៈនៃការធ្វើម្ហូបរបស់ខ្មែរ និងទាក់ទាញភ្ញៀវទេសចរ ឱ្យទទួលយកបទពិសោធន៍ម្ហូបអាហារដោយផ្ទាល់នៅកម្ពុជាផងដែរ។

លោកស្រី ចម និម្មល ក៏បានចែករំលែកនូវទស្សនៈផ្ទាល់ខ្លួនមួយចំនួន ដើម្បីចូលរួមលើកស្ទួយការកែច្នៃ និងអភិវឌ្ឍម្ហូបអាហារ និងផលិតផលកម្ពុជា រួមមាន៖

១៖ លើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ អ្នកផលិត អ្នកកែច្នៃ និងអាជីវករ ចាប់យកនូវឱកាសមួយនេះ ដើម្បីរួមគ្នាអភិវឌ្ឍវិស័យម្ហូបអាហាររបស់យើង ឱ្យបានកាន់តែប្រសើរ និងមានភាពទាក់ទាញកាន់តែខ្លាំងឡើង

២៖ លើកទឹកចិត្តឱ្យក្រុមហ៊ុន បន្តកិច្ចសហការជាមួយដៃគូពាក់ព័ន្ធទាំងក្នុងនិងក្រៅប្រទេស និងសកលវិទ្យាល័យនិងគ្រឹះស្ថានស្រាវជ្រាវនានា ក្នុងការសិក្សាស្រាវជ្រាវវិធីសាស្រ្តថ្មីៗ ការលើកកម្ពស់គុណភាព និងការបង្កើនការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ

៣៖ លើកទឹកចិត្តឱ្យក្រុមហ៊ុនយកចិត្តទុកដាក់ខ្ពស់ ក្នុងការចុះបញ្ជីការពារកម្មសិទ្ធិបញ្ញា ទាំងម៉ាក គំនូរឧស្សាហកម្ម ប្រកាសនីយបត្រតក្កកម្ម ឬសិទ្ធិអ្នកនិពន្ធ ដើម្បីការពារនូវកិច្ចខិតខំប្រឹងប្រែង និងរបកគំហើញថ្មីៗដែលក្រុមហ៊ុនបានរកឃើញ

៤៖ លើកទឹកចិត្តឱ្យសហការជិតស្និទ្ធ ជាមួយក្រុមការងារជំរុញការនាំចេញរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីទទួលបានព័ត៌មាននិងលក្ខខណ្ឌតម្រូវរបស់ប្រទេសនាំចូល ឱកាសក្នុងការចាប់ដៃគូពាណិជ្ជកម្ម និងការបង្កើនការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ

និង៥៖ លើកទឹកចិត្តឱ្យចូលរួម ឱ្យបានសកម្មនៅរាល់ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម វេទិកាធុរកិច្ច និងបេសកកម្មពាណិជ្ជកម្មនានា ដែលក្រសួងពាណិជ្ជកម្មរៀបចំ ដើម្បីផ្សព្វផ្សាយបន្ថែមអំពីកិត្តិនាមផលិតផលកម្ពុជា និងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគថ្មីៗ បន្ថែមទៀត។

ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង បានថ្លែងថា មន្ទីរពិសោធន៍គុណភាព LABIOCERT ជាមន្ទីរពិសោធន៍មួយដែលបំពាក់ទៅដោយឧបករណ៍ទំនើបៗ និងមានធនធានមនុស្សយ៉ាងច្រើន ប្រកបទៅដោយសមត្ថភាព ប្រកបដោយវិជ្ជាជីវៈច្បាស់លាស់ ក្នុងការផ្តល់លទ្ធផលវិភាគផ្សេងៗ ប្រកបដោយទំនុកចិត្ត និងក្រមសីលវិជ្ជជីវៈ ហើយមានការទទួលស្គាល់ជាលក្ខណៈជាតិ និងអន្តរជាតិ ក្រោមកិច្ចសហប្រតិបត្តិការជាមួយនឹងសាកលវិទ្យល័យរដ្ឋមួយចំនួន ដូចជាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) និងសាកលវិទ្យាល័យភូមិន្ទកសិកម្មជាដើម។

ឧកញ៉ា ឱសថបណ្ឌិត ហៃ លីអ៊ាង បានបន្ថែមទៀតថា មន្ទីរពិសោធន៍គុណភាព LABIOCERT ក្រៅពីផ្តល់ការត្រួតពិនិត្យគុណភាពដល់ក្រុមហ៊ុនទាំងពីររបស់យើង គឺសហគ្រាសផលិតឱសថប៉េប៉េអឹម និងក្រុមហ៊ុនខនហ្វីរេល។ មន្ទីរពិសោធន៍មួយនេះ ក៏មានទទួលសេវា វិភាគផលិតផលដូចជា៖ ផលិតផលឱសថ គ្រឿងសំអាង និងអាហារបំប៉ន, ផលិតផលអាហារ ភេសជ្ជៈ និងចំណីសត្វ, ទឹកស្អាត និងទឹកកខ្វក់ និងដីកសិកម្ម ជាដើម៕