(តូក្យូ)៖ ក្រុមហ៊ុនវាយតម្លៃចំណាត់ឥណទាន Fitch Ratings បានឱ្យដឹងនៅថ្ងៃពុធថា ខ្លួនបានទម្លាក់ចំណាត់ថ្នាក់ឥណទានរបស់ក្រុមហ៊ុន Nissan Motor ទៅជាចំណាត់ថ្នាក់មិនល្អ BB+ ពីចំណាត់ថ្នាក់ BBB- ដោយសារ «ប្រាក់ចំណេញទាបជាប់លាប់របស់ក្រុមហ៊ុនផលិតរថយន្តជប៉ុនជាមួយនឹងការស្ទុះងើបឡើងវិញយឺតធៀបនឹងការរំពឹងទុករបស់យើង»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ក្រុមហ៊ុន Fitch ក៏បានរក្សាចក្ខុវិស័យអវិជ្ជមានចំពោះចំណាត់ថ្នាក់ឥណទានរបស់ក្រុមហ៊ុន Nissan ផងដែរ។
ការទម្លាក់ចំណាត់ថ្នាក់ឥណទានដោយក្រុមហ៊ុន Fitch បានកើតមានឡើងបន្ទាប់ពីក្រុមហ៊ុន Moody's Ratings កាលពីសប្តាហ៍មុនបានកាត់បន្ថយចំណាត់ថ្នាក់ឥណទានរបស់ក្រុមហ៊ុន Nissan មកនៅត្រឹមកម្រិត Ba1 ដែលជាចំណាត់ថ្នាក់មិនមែនវិនិយោគ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុន S&P Global Ratings កាលពីខែមុនបានកែប្រែចក្ខុវិស័យឥណទានរបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយនេះមករកចក្ខុវិស័យអវិជ្ជមាន និងបានរក្សាចំណាត់ថ្នាក់កម្រិត BB+ ដដែលសម្រាប់ក្រុមហ៊ុនមួយនេះ៕