(តូក្យូ)៖ ក្រុមហ៊ុន Toyota Motor បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ផលិតកម្មរថយន្តនៅទូទាំងពិភពលោករបស់ខ្លួនបានកើនឡើងជាលើកដំបូងក្នុងរយៈពេលមួយឆ្នាំក្នុងខែមករា ខណៈដែលក្រុមហ៊ុនបានបង្កើនផលិតកម្មនៅប្រទេសជប៉ុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ផលិតកម្មពិភពលោករបស់ក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់ពិភពលោកសម្រាប់ខែមករាបានកើនឡើង ៦ភាគរយធៀបនឹងខែមករាឆ្នាំ២០២៤ ដល់ ៧៨១ ៧២៩គ្រឿង ខណៈដែលផលិតកម្មក្នុងស្រុកកើនឡើង ២២ ភាគរយដែលប៉ះប៉ូវដល់ការធ្លាក់ចុះផលិតកម្មនៅក្រៅប្រទេស។

ផលិតកម្មរបស់ក្រុមហ៊ុន Toyota នៅអាមេរិកខាងជើងបានកើនឡើង ៣ភាគរយនៅក្នុងខែមករាដោយសារការកើនឡើងផលិតកម្មនៅក្នុងប្រទេសម៉ិកស៊ិក ដែលប៉ះប៉ូវដល់ការធ្លាក់ចុះនៅសហរដ្ឋអាមេរិកនិងប្រទេសកាណាដា។

ក្រុមហ៊ុន Toyota បានផលិតរថយន្តប្រហែល ២៦ ៥០០គ្រឿងនៅក្នុងប្រទេសម៉ិកស៊ិកពោលគឺកើនឡើងជិត ៣,៥ដងធៀបនឹងខែមករាកាលពីឆ្នាំមុន។ ក្រុមហ៊ុន Toyota បានឱ្យដឹងថា ការកើនឡើងនេះគឺដោយសារតែការផ្លាស់ប្តូរផលិតកម្មកាលពីឆ្នាំមុន។

ការលក់នៅទូទាំងពិភពលោករបស់ក្រុមហ៊ុន Toyota មិនប្រែប្រួលខណៈដែលកំណើនលក់ក្នុងស្រុក ១៣ភាគរយ បានជួយធ្វើឱ្យមានតុល្យភាពដល់ការធ្លាក់ចុះការលក់ ១៤ភាគរយនៅក្នុងប្រទេសចិន និងការធ្លាក់ចុះការលក់ ១ភាគរយនៃការលក់នៅសហរដ្ឋអាមេរិក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕