(ហាណូយ)៖ នាយករដ្ឋមន្ត្រីវៀតណាមលោក ផាម មិញជិញ (Pham Minh Chinh) បាននិយាយកាលពីថ្ងៃសៅរ៍ថា រដ្ឋាភិបាលរបស់លោកមានបំណងចេញអាជ្ញាប័ណ្ណឱ្យបានឆាប់ឱ្យក្រុមហ៊ុន Starlink របស់មហាសេដ្ឋី Elon Musk ដើម្បីផ្តល់សេវាអ៊ីនធឺណិតតាមផ្កាយរណបនៅវៀតណាមស្ថិតក្រោមកម្មវិធីសាកល្បងមួយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោក Chinh ខណៈថ្លែងទៅកាន់អ្នកតំណាងក្រុមហ៊ុនអាជីវកម្មរបស់អាមេរិកជិត ៤០ក្រុមហ៊ុននៅទីក្រុងហាណូយថា វៀតណាមកំពុងចាត់វិធានការដើម្បីរក្សាតុល្យភាពអតិរេកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកឡើងវិញ ដោយលើកឡើងពីលទ្ធភាពនាំចូលយន្តហោះ អាវុធ ឧស្ម័នធម្មជាតិរាវ ទំនិញកសិកម្ម និងផលិតផលឱសថ។

រដ្ឋាភិបាលទីក្រុងហាណូយកំពុងព្យាយាមគេចចេញពីវិធានការពន្ធគយអាមេរិកលើការនាំចេញដ៏ច្រើនរបស់ខ្លួន ដែលបានរួមចំណែកបង្កឱ្យមានអតិរេកពាណិជ្ជកម្មដ៏ច្រើនកាលពីឆ្នាំមុន ដែលធ្វើឱ្យប្រទេសនេះងាយរងគ្រោះទៅនឹងការគំរាមកំហែងដកហូតពន្ធតបតរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលចាប់ផ្តើមនៅក្នុងខែមេសា។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ រដ្ឋាភិបាលវៀតណាមបានឱ្យដឹងនៅលើគេហទំព័ររបស់ខ្លួនថា៖ «នាយករដ្ឋមន្ត្រី [វៀតណាម] បានណែនាំក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឱ្យចេញអាជ្ញាប័ណ្ណឱ្យបានលឿនទៅឱ្យក្រុមហ៊ុន Starlink ស្ថិតក្រោមមូលដ្ឋានសាកល្បង»។

កាលពីខែកុម្ភៈ សភាវៀតណាមបានអនុម័តគម្រោងបណ្ដោះអាសន្នមួយដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនអ៊ីនធឺណិតតាមផ្កាយរណបនានាផ្តល់សេវាកម្មក្នុងប្រទេសវៀតណាមដែលក្នុងគម្រោងនេះ ក្រុមហ៊ុនទាំងនោះនឹងរក្សាការគ្រប់គ្រងពេញលេញលើក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុងស្រុករបស់ខ្លួន ពោលគឺជាបុរេលក្ខខណ្ឌដែលកំណត់ដោយលោក Musk ។

ការណ៍នេះបង្ហាញឱ្យឃើញពីការផ្លាស់ប្តូរគោលជំហរភា្លមៗរបស់វៀតណាមអំពីភាពជាម្ចាស់កម្មសិទ្ធិលើក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតតាមផ្កាយរណប ដោយសារប្រទេសកុម្មុយនិស្តតែងតែរក្សាដែនកំណត់យ៉ាងតឹងរ៉ឹងលើកម្មសិទ្ធិគ្រប់គ្រងរបស់ជនបរទេសទៅលើវិស័យសេដ្ឋកិច្ចជាច្រើនដែលខ្លួនចាត់ទុកថាមានភាពរសើប។

មន្ត្រីអាមេរិកម្នាក់ដែលបានចូលរួមក្នុងកិច្ចប្រជុំកាលពីថ្ងៃសៅរ៍បាននិយាយថា ការពិភាក្សា «នឹងសង្ឃឹមថានឹងដោះស្រាយបញ្ហាដែលមិនទាន់សម្រេច» សម្រាប់ក្រុមហ៊ុនអាមេរិកនៅក្នុងប្រទេសវៀតណាម។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕