(ភ្នំពេញ)៖ រោងចក្រផលិតស្រោមដៃ (PVC & Rubber) និងឧបករណ៍បរិក្ខារពេទ្យ​ របស់ក្រុមហ៊ុន​ Nex Healthcare Co., Ltd.​ ដែលមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ខេត្តស្វាយរៀង​ ក្នុងទំហំទុនវិនិយោគ​ប្រមាណ​ ២៧៣​ លានដុល្លារអាមេរិក​ ត្រូវបានបញ្ចុះបឋមសិលាសាងសង់លើផ្ទៃដី​ទំហំ​ ២១ ហិកតា នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា។

ក្រុមហ៊ុន​នេះ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Shadong Blue Sail Health Technology Co., Ltd. មកពីខេត្តសានដុង សាធារណរដ្ឋប្រជាមានិតចិន​ តំណាងដោយ លោកស្រី Liu Wenjing​ ។ ផលិតផលស្រោមដៃការពារសុខភាពរបស់ក្រុមហ៊ុននេះ​ ជាប់ចំណាត់ថ្នាក់លេខ៣​ នៅទូទាំងពិភពលោក,​ រីឯ​ឧបករណ៍​ពិនិត្យ​បេះដូងជាប់ចំណាត់ថ្នាក់លេខ ៤​ ទូទាំងពិភពលោក និងជាប់លេខ ២​ នៅក្នុងប្រទេសចិន។

នាឱកាសនេះ​ លោក ជា វុទ្ធី បានបញ្ជាក់ជូន​វិនិយោគិន និងភ្ញៀវជាតិ-អន្តរជាតិទាំងអស់​ អំពីភាពជោគជ័យ​របស់តំបន់សេដ្ឋកិច្ចពិសេស​មកដល់សព្វថ្ងៃនេះ​ គឺកើតចេញក្រោមគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់សម្តេច​តេជោ​ ហ៊ុន​ សែន​ អតីតនាយករដ្ឋមន្ត្រី​ បច្ចុប្បន្ន​ជាប្រធានព្រឹទ្ធសភា​ ដែលតែងតែ​យកចិត្តទុកដាក់​ខ្ពស់ចំពោះតំបន់សេដ្ឋកិច្ចពិសេស ដោយប្រើនូវអភិក្រមចំនួន៣​ រួមមានៈ​ កាត់បន្ថយពេលវេលា, កាត់បន្ថយ​ចំណាយ​ និងកាត់បន្ថយឋានានុក្រម​លេីប្រតិបត្តិការវិនិយោគ​ និងនីតិវិធីផ្សេងៗ។

បន្ថែមពីនេះ​ សម្តេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយកដ្ឋាន​រដ្ឋមន្ត្រី​នៃកម្ពុជា​ ក៏បានផ្តល់នូវអភិក្រមចំនួន​៣​ គឺ​ ការទាក់ម៉ូយ​ ទាក់ទាញវិនិយោគិន,​ ការថែទាំវិនិយោគិន​ និងការជំរុញដើម្បីឱ្យវិនិយោគិនបន្តទាក់ទាញវិនិយោគិនថ្មីៗបន្ថែមទៀត។ជារួម​ សមិទ្ធផល​វឌ្ឍនភាព​នៃការរីកចម្រើននៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនេះ​ កើតចេញពីការចង្អុលបង្ហាញ​ ការណែនាំដ៏ប៉ិនប្រសប់​របស់សម្តេចទាំងពីរ។

ជាការឆ្លើយតបមន្ត្រីតំណាងក្រសួងស្ថាប័ន និងអាជ្ញាធរទាំងអស់ដែលបំពេញការងារប្រចាំការនៅតាមតំបន់​ បានប្តេជ្ញា​យ៉ាងម៉ុតមាំថា​ នឹងបន្តខិតខំអនុវត្តតាមការណែនាំ​ និងការចង្អុលបង្ហាញស្របតាមអភិក្រមដ៏ថ្លៃថ្លារបស់សម្តេចទាំងពីរ។

ឆ្លៀតឱកាស​នេះដែរ លោក ជា វុទ្ធី ក៏បានអញ្ជើញចូលទៅក្នុងតំបន់សេដ្ឋកិច្ចពិសេស​ ហ្វ័រស៊ាំង​ អ៉ិនធើណេសិនណាល​,​ តំបន់សេដ្ឋកិច្ចពិសេស​ ហ្វុងហ្វ៊ូ​ និងតំបន់សេដ្ឋកិច្ចពិសេស​ ហ័្វរស៊ុន​ ហ្គីហ្គា​ ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់ផងដែរ។

ការកើនឡើងនៃចំនួន​គម្រោងវិនិយោគ​ជាបន្តបន្ទាប់​ ក៏ដូចជាតំបន់សេដ្ឋកិច្ចពិសេសនាពេលនេះ បានសបញ្ជាក់អំពីការអភិវឌ្ឍន៍របស់តំបន់សេដ្ឋកិច្ចពិសេស បាននិងកំពុងទាក់ទាញវិនិយោគិនមកបណ្តាក់ទុនវិនិយោគជាហូរហែរ ព្រមទាំងបានបង្កើតការងារ និងលើកកម្ពស់ជីវភាពបងប្អូនប្រជាពលរដ្ឋ ជាពិសេស បានជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិជាបន្តបន្ទាប់៕