(ញូវដែលី)៖ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារ៉េនដ្រា ម៉ូឌី (Narendra Modi) និងប្រធានគណៈកម្មការអឺរ៉ុបអ្នកស្រី Ursula von der Leyen បានព្រមព្រៀងគ្នាចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មនៅឆ្នាំនេះ ក្នុងការប៉ុនប៉ងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ ក្នុងគ្រាដែលប្រធានាធិបតីអាមេរិក បន្តបង្កភាពវឹកវរខាងផ្នែកពាណិជ្ជកម្ម និងនយោបាយពិភពលោក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សម្ដីអ្នកស្រី Von der Leyen ខណៈថ្លែងកាលពីថ្ងៃសុក្រក្នុងព្រឹត្តិការណ៍មួយក្នុងទីក្រុងញូវដែលីថា៖ «កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប និងឥណ្ឌានឹងក្លាយជាកិច្ចព្រមព្រៀងដ៏ធំបំផុតក្នុងពិភពលោក»។ អ្នកស្រីបានបន្ថែមថា៖ «អ្នកអាចទុកចិត្តលើការប្តេជ្ញាចិត្តពេញលេញរបស់ខ្ញុំ ក្នុងការធ្វើឱ្យប្រាកដថា យើងអាចសម្រេចបាន»

ភាគីទាំងពីរបានចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតាំងពីឆ្នាំ២០០៧ ប៉ុន្តែការចរចាត្រូវបានផ្អាកនៅឆ្នាំ ២០១៣ ដោយសារកង្វះវឌ្ឍនភាពលើបញ្ហាជាច្រើន រួមទាំងពន្ធគយផងដែរ។ ការពិភាក្សាបានបន្តនៅឆ្នាំ២០២២ ហើយការចរចាលើកទី១០ ត្រូវបានកំណត់ពេលធ្វើឡើងនៅខែក្រោយនៅទីក្រុងព្រុចសែល។

ដំណើរទស្សនកិច្ចរបស់អ្នកស្រី Von der Leyen កើតមានឡើងក្នុងពេល ដែលកើតមានភាពមិនប្រាកដប្រជាជាសកល ខណៈដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ព្យាយាមកំណត់ឡើងវិញនូវសណ្តាប់ធ្នាប់ពិភពលោកក្រោយសង្គ្រាមលោកលើកទី២ និងគំរាមកំហែងដកហូតពន្ធគយថ្មី លើប្រទេសសម្ព័ន្ធមិត្តនិងប្រទេសជាសត្រូវ។ អ្នកស្រីបាននិយាយថា ភាពចលាចលនេះបង្កើតឱ្យមានភាពបន្ទាន់បន្ថែមទៀត កាន់តែខ្លាំងក្នុងការពង្រឹងទំនាក់ទំនងរវាងអឺរ៉ុបនិងឥណ្ឌា។

ដោយមិនសំដៅដោយផ្ទាល់ដល់សហរដ្ឋអាមេរិក អ្នកស្រីបានមានប្រសាសន៍ថា៖ «ខ្ញុំជឿថា ការប្រកួតប្រជែងអំណាចដ៏ខ្លាំងបែបថ្មីនេះ គឺជាឱកាសសម្រាប់អឺរ៉ុប និងឥណ្ឌាដើម្បីរិះរកគំនិតថ្មីក្នុងការបង្កើតភាពជាដៃគូ របស់ពួកគេឡើងវិញ»។ អ្នកស្រីបានបន្ថែមថា៖ «ហើយយើងទាំងពីរនឹងទទួលបានប្រយោជន៍ ពីកិច្ចសហប្រតិបត្តិការនិងការធ្វើការជាមួយគ្នា»

សហភាពអឺរ៉ុបគឺជាដៃគូពាណិជ្ជកម្មធំបំផុត របស់ប្រទេសឥណ្ឌាជាមួយនឹងពាណិជ្ជកម្មសរុបចំនួន ១៣៧,៤ពាន់លានដុល្លារក្នុងឆ្នាំសារពើពន្ធ២០២៣ និង២០២៤ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម របស់ប្រទេសឥណ្ឌា៕