(ភ្នំពេញ)៖ Emirates ជាក្រុមហ៊ុនអាកាសចរណ៍លំដាប់អន្តរជាតិធំជាងគេលើពិភពលោក មានសុទិដ្ឋិនិយម ចំពោះការបន្ថែមផ្លូវហោះហើរថ្មីរវាង អេមីរ៉េត អារ៉ាប់រួម និងខេត្តសៀមរាប នេះបើយោងតាមក្រុមប្រតិបត្តិរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា។

យោងតាមលោក Mohammed Al Qassim នាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates បានឱ្យដឹងថា ការបន្ថែមចុងក្រោយលើបណ្តាញជើងហោះហើរកម្ពុជារបស់ Emirates ត្រូវបានរំពឹងថានឹងមានការកើនឡើងនៃចំនួនអ្នកដំណើរពីអេមីរ៉េត អារ៉ាប់រួម (United Arab Emirates) មកកាន់កម្ពុជា និងពង្រឹងការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CEPA) ដែលត្រួសត្រាយផ្លូវ សម្រាប់យុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងអេមីរ៉េត អារ៉ាប់រួម។

ក្រុមហ៊ុន Emirates បានប្រកាសពីការបន្ថែមជើងហោះហើរឌូបៃ-សៀមរាប នៅថ្ងៃទី៣ ខែមីនា ដោយបានបង្ហាញថា ក្រុមហ៊ុនអាកាសចរណ៍នឹងដំណើរការជើងហោះហើរចំនួន ៣ ថ្ងៃក្នុងមួយសប្តាហ៍ពីទីក្រុងឌូបៃ ទៅខេត្តសៀមរាប តាមរយៈទីក្រុងបាងកកចាប់ពីថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២៥ខាងមុខ។

លោក Mohammed Al Qassim នាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates បានមានប្រសាសន៍ថា៖ «ការបន្ថែមផ្លូវហោះហើរថ្មីរបស់ Emirates រវាងទីក្រុងឌូបៃ និងខេត្តសៀមរាប នឹងគាំទ្រដល់ចក្ខុវិស័យរបស់ក្រសួងទេសចរណ៍កម្ពុជា ក្នុងការជំរុញការអភិវឌ្ឍន៍ទេសចរណ៍នៅក្នុងប្រទេស ស្របតាមយុទ្ធសាស្ត្រ BUILD Plus 3Ds។ យើងកត់សម្គាល់ឃើញថា ប្រទេសកម្ពុជាកំពុងក្លាយជាគោលដៅទាក់ទាញកាន់តែខ្លាំងឡើង សម្រាប់អ្នកដំណើរទូទាំងពិភពលោកហើយ Emirates ចង់ឲ្យមានការផ្សព្វផ្សាយ និងសម្រួលដល់និន្នាការនេះ»

សេវាកម្មជើងហោះហើរចំនួនបីថ្ងៃក្នុងមួយសប្តាហ៍ របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ទៅខេត្តសៀមរាបនឹងដំណើរការនៅថ្ងៃអង្គារ ព្រហស្បតិ៍ និងថ្ងៃសៅរ៍។ ជើងហោះហើរ EK370 នឹងចាកចេញពីទីក្រុងឌូបៃនៅម៉ោង ៩៖00 និងមកដល់ទីក្រុងបាងកកនៅម៉ោង ១៨៖២៥នាទី។ បន្ទាប់មកជើងហោះហើរនេះនឹងចេញដំណើរ ពីទីក្រុងបាងកកនៅម៉ោង ២០៖១០នាទី និងមកដល់សៀមរាបនៅម៉ោង ២១៖៣០នាទី។ ជើងហោះហើរ EK371 នឹងចេញដំណើរពីខេត្តសៀមរាបនៅម៉ោង ០០៖១៥នាទី ហើយមកដល់បាងកកនៅម៉ោង ០១៖៣៥នាទី។ បន្ទាប់មកជើងហោះហើរនឹងហោះចេញនៅម៉ោង ៣៖៤០នាទី នឹងមកដល់ក្រុងឌូបៃ នៅម៉ោង ៦៖៥០នាទី។ ពេលវេលាទាំងអស់ គិតតាមម៉ោងក្នុងស្រុក។

ផ្លូវហោះហើរថ្មីរបស់ Emirates នឹងដំណើរការជាមួយយន្តហោះ ដែលមានប្រភេទកៅអីចំនួនពីរថ្នាក់ Boeing 777-300ER ដែលផ្តល់កៅអីអង្គុយចំនួន ៣៥ នៅក្នុងថ្នាក់ Business និង ៣៨៦ កៅអីធំទូលាយនៅក្នុងថ្នាក់ Economy Class។

សេវាកម្មរបស់ Emirates ទៅកាន់ខេត្តសៀមរាប គឺត្រូវបានកំណត់ពេលវេលាដ៏ល្អប្រសើរ ក្នុងការផ្តល់ជូនអ្នកធ្វើដំណើរ តាមរយៈការតជើងហោះហើរប្រចាំថ្ងៃ សម្រាប់ដំណើរកម្សាន្តទៅកាន់ប្រទេសបារាំង ចក្រភពអង់គ្លេស អេស្ប៉ាញ អាល្លឺម៉ង់ ព័រទុយហ្គាល់ និងរុស្ស៊ី។ ក្រុមហ៊ុន Emirates បានដំណើរការជើងហោះហើរទៅមកប្រចាំថ្ងៃពីទីក្រុងឌូបៃ មកកាន់រាជធានីភ្នំពេញ ប្រទេសកម្ពុជា តាមរយៈប្រទេសសិង្ហបុរី។

អ្នកធ្វើដំណើរទៅកាន់រាជធានីភ្នំពេញ និងខេត្តសៀមរាប នឹងត្រូវទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ និងភាពរួសរាយរាក់ទាក់ពីបុគ្គលិករបស់ក្រុមហ៊ុន Emirates អមដោយអាហារដែលមានរសជាតិឈ្ងុយឆ្ងាញ់តាមតំបន់ និងភេសជ្ជៈម៉ាកយីហោប្រ៊េនជាច្រើនមុខត្រៀមផ្តល់ជូននៅគ្រប់ថ្នាក់កាប៊ីនទាំងអស់។

ប្រព័ន្ធកម្សាន្តលើយន្តហោះដែលបានឈ្នះពានរង្វាន់របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates នឹងធ្វើឱ្យដំណើរកម្សាន្តនីមួយៗកាន់តែសប្បាយរីករាយ តាមរយៈបណ្ណាល័យដ៏ទូលំទូលាយផ្តល់ជូនប៉ុស្តិ៍កម្សាន្តជាង ៦,៥០០ ប៉ុស្តិ៍ ដែលមានភាពយន្តអន្តរជាតិ កម្មវិធីទូរទស្សន៍ តន្ត្រី ផតខាស់ និងហ្គេមជាង ៤០ ភាសា រួមទាំងភាសាចិនកុកងឺ កុងតឺន និងភាសាខ្មែរ៕