(ហាណូយ)៖ ទិន្នន័យរដ្ឋាភិបាលវៀតណាម បានបង្ហាញនៅថ្ងៃព្រហស្បតិ៍ថា ឱនភាពពាណិជ្ជកម្មរបស់ប្រទេសវៀតណាមមានចំនួន ១,៥៥ពាន់លានដុល្លារក្នុងខែកុម្ភៈធៀបនឹងអតិរេកចំនួន ៣,០២ពាន់លានដុល្លារក្នុងខែមករា ហើយផលិតកម្មឧស្សាហកម្មបានកើនឡើង ១៧,២ភាគរយធៀបនឹងឆ្នាំមុន។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលជាមជ្ឈមណ្ឌលផលិតកម្មក្នុងតំបន់មួយនេះ ពឹងផ្អែកយ៉ាងខ្លាំងលើកំណើនសេដ្ឋកិច្ច ដែលជំរុញដោយការនាំចេញ ហើយប្រឈមនឹងហានិភ័យពីការកើនឡើង ជម្លោះពាណិជ្ជកម្មពិភពលោក រួមទាំងវិធានការដកហូតពន្ធគយ ដែលអាចធ្វើឡើងដោយសហរដ្ឋអាមេរិកផងដែរ។

ការិយាល័យស្ថិតិទូទៅវៀតណាម (GSO) បានឱ្យដឹងថា ការនាំចេញក្នុងខែកុម្ភៈបានកើនឡើង ២៥,៧ភាគរយនៅក្នុងខែកុម្ភៈធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលការនាំចូលបានកើនឡើង ៤០ភាគរយ។

ទិន្នន័យរបស់ការិយាល័យ GSO បានបង្ហាញថា សម្រាប់រយៈពេលពីខែមករាដល់ខែកុម្ភៈ ការនាំចេញបានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ ៨,៤ភាគរយ ហើយការនាំចូលកើនឡើង ១៥,៩ភាគរយ។ ការណ៍នោះបានបណ្តាលឱ្យមានអតិរេកពាណិជ្ជកម្មសម្រាប់រយៈពេលពីរខែចំនួន ១,៤៧ពាន់លានដុល្លារពោលគឺស្របតាមតួលេខដែលបានចេញផ្សាយដោយរដ្ឋាភិបាលនៅលើវិបផតថលរបស់ខ្លួនកាលពីថ្ងៃមុន។

ផលិតកម្មឧស្សាហកម្មសម្រាប់ខែកុម្ភៈបានកើនឡើង ១៧,២ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលខ្ពស់ជាងកំណើន ០,៦ភាគរយកាលពីខែមករា។ ការលក់រាយបានកើនឡើង ៩,៤ភាគរយធៀបនឹងឆ្នាំមុន។

លំហូរវិនិយោគបរទេសបានកើនឡើង ៥,៤ភាគរយក្នុងអំឡុងខែមករាដល់ខែកុម្ភៈដល់ប្រហែល ៣ពាន់លានដុល្លារ ហើយការសន្យាវិនិយោគបរទេសបានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ ៣៥,៥ភាគរយដល់ ៦,៩ពាន់លានដុល្លារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕