(ភ្នំពេញ)៖ នៅក្នុងឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានដកសាច់ប្រាក់ពីឥណទានសម្បទាន ដែលបានចុះកិច្ចព្រមព្រៀងកន្លងមកមានចំនួន ១.៥១ប៊ីលានដុល្លារអាមេរិក ដោយសាច់ប្រាក់ទាំងនេះ ត្រូវបានប្រើប្រាស់ជាក់ស្តែង ទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ៦៧% ដែលប្រហែល ១ពាន់លានដុល្លារ និងវិស័យអាទិភាពចំពោះមុខផ្សេងទៀត​ ៣៣​%។ នេះបើយោងតាម ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

យោងតាមឯកសារនេះ បានគូសបញ្ជាក់ថា សាច់ប្រាក់ដែលបានដក​សម្រាប់ការប្រើប្រាស់ចំនួន ១.៥១ ប៊ីលានដុល្លារអាមេរិកនេះ ក្នុងនោះ​ក្របខ័ណ្ឌទ្វេភាគី មានប្រមាណ ៤៩% និងក្របខ័ណ្ឌពហុភាគីមានប្រមាណ៥១%។​ បើធៀបនឹងឆ្នាំ២០២៣ ការដកសាច់ប្រាក់ជាក់ស្តែងនៅក្នុងឆ្នាំ២០២៤ មានការថយចុះប្រមាណ ១%។ ​

ចំណែក​នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានដកសាច់ប្រាក់ពីឥណទានសម្បទាន ដែលបានចុះកិច្ចព្រមព្រៀងចំនួន ៦៦៨.៦៩ លានដុល្លារអាមេរិក។

គិតត្រឹមដំណាច់ឆ្នាំ២០២៤​ បំណុលសាធារណៈរបស់កម្ពុជាសរុបមានចំនួន ១២.០៣ប៊ីលានដុល្លារអាមេរិក ក្នុងនោះ​ ៩៩% ត្រូវនឹងប្រមាណ ១១.៩២ ប៊ីលានដុល្លារអាមេរិក ជាបំណុលសាធារណ: ក្រៅប្រទេស (ក្របខ័ណ្ឌទ្វេភាគីប្រមាណ ៦២% និងក្របខ័ណ្ឌពហុភាគីប្រមាណ ៣៨%) និង ១% ត្រូវនឹងប្រមាណ ១១៥ លានដុល្លារអាមេរិក ជាបំណុលសាធារណៈក្នុងប្រទេស។

សមាសភាគបំណុលសាធារណៈទាំងនេះរួមមាន​ ៤៩% ជាដុល្លារអាមេរិក, ១៨% ជាអេសដេអ៊ែ, ១០% ជាយេនជប៉ុន, ១០% ជាយ័នចិន, ៨% ជាអឺរ៉ូ និង ៥% ទៀត ជារូបិយវត្ថុជាតិ និងរូបិយប័ណ្ណផ្សេងៗ។ ​

ក្រសួងសេដ្ឋកិច្ចបានឱ្យដឹងផងដែរថា ​នៅក្នុងឆ្នាំ ២០២៤ ​រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងឥណទានថ្មី ជាមួយដៃគូអភិវឌ្ឍនានាសរុបមានចំនួន ១ ៧៩៥.៨៤ លានដុល្លារអាមេរិក ​ស្មើនឹង ១ ៣៧០.១៦ លានអេសរដអ៊ែ ស្មើនឹងប្រមាណ ៨១%នៃពិតានដែលច្បាប់អនុញ្ញាត (១៧០០ លានអេសដេអ៊ែ) ក្នុងនោះក្របខ័ណ្ឌទ្វេភាគី ៣៩% និងក្របខ័ណ្ឌពហុភាគី ៦១%។ បើធៀបនឹងឆ្នាំ២០២៣ ការចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី នៅក្នុងឆ្នាំ២០២៤ នេះ មានការកើនឡើងប្រមាណ២%។

ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា ឥណទានទាំងនេះ សុទ្ធសឹងជាឥណទានមានកម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយជាមធ្យមប្រមាណ ៤៥%។ គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាព របស់រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈ ពេលវែង និងបង្កើនផលិតភាព សេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម។

ចំណែក​ការបោះផ្សាយលក់មូលបត្ររដ្ឋ នៅក្នុងឆ្នាំ២០២៤ នេះ ​មានចំនួន ៣០១.៣០ ប៊ីលានរៀល ​ឬប្រមាណ ៧៤.៨៦ លានដុល្លារអាមេរិក​ ត្រូវនឹងប្រមាណ៦៨% នៃទំហំសរុបដែលច្បាប់អនុញ្ញាត (៤៤០ ប៊ីលានរៀល) ដើម្បីធ្វើហិរញ្ញប្បទានគាំទ្រ គម្រោងវិនិយោគសាធារណៈសំដៅ លើកស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ច​៕