(ហុងកុង)៖ ក្រុមហ៊ុនដឹកជញ្ជូនអាហាររបស់ចក្រភពអង់គ្លេស Deliveroo បានលើកឡើងនៅថ្ងៃចន្ទថា ខ្លួននឹងបញ្ចប់ប្រតិបត្តិការរបស់ខ្លួន នៅទីក្រុង Hong Kong តាមរយៈការលក់ទ្រព្យសកម្មមួយចំនួន ឱ្យទៅក្រុមហ៊ុនដឹកជញ្ជូន Foodpanda របស់ក្រុមហ៊ុនមេ Delivery Hero ដោយមិនបានបង្ហាញពីតម្លៃ និងបានបិទទ្រព្យសកម្មដទៃទៀត។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥។
«វាមានភាពជាក់លាក់មួយចំនួន ចំពោះទីផ្សារ Hong Kong ដែលនាំឱ្យក្រុមប្រឹក្សាភិបាលពិចារណាជម្រើសយុទ្ធសាស្ត្រ និងកំណត់ថា ខ្លួននឹងមិនបម្រើផលប្រយោជន៍ល្អបំផុត របស់ម្ចាស់ហ៊ុន ក្នុងការបន្តប្រតិបត្តិការ នៅក្នុងទីក្រុងហុងកុងនោះទេ» នេះបើតាមក្រុមហ៊ុន Deliveroo បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។
ប្រតិបត្តិការរបស់ក្រុមហ៊ុន នៅក្នុងទីក្រុង Hong Kong គឺមានការខាតបង់ និងមានចំនួនប្រមាណ៥ភាគរយ នៃប្រតិបត្តិការសរុប។
Deliveroo បានឱ្យដឹងថា ខ្លួនបានតែងតាំងអ្នកទូទាត់បំណុល ដើម្បីបិទអាជីវកម្មនៅទីក្រុង Hong Kong របស់ខ្លួន ដែលខ្លួនមិនបានលក់ទៅឱ្យក្រុមហ៊ុន Foodpanda ហើយវេទិកានៅទីក្រុង Hong Kong របស់ខ្លួន នឹងបន្តដំណើរការរហូតដល់ថ្ងៃទី៧ ខែមេសាខាងមុខ៕