(ភ្នំពេញ)៖ រយៈពេល២ខែដំបូងនៃឆ្នាំ២០២៥ កម្ពុជាបានសម្រេចការនាំចេញទំនិញសំខាន់ៗ ក្នុងទំហំទឹកប្រាក់ប្រមាណជិត ៤​.៥ពាន់លានដុល្លារ កើនឡើង១១.៩ភាគរយ។ នេះបើយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

យោងតាមទិន្នន័យដដែលនេះបានឱ្យដឹងថា ក្នុងរយៈពេល២ខែដើមឆ្នាំនេះ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិប្រមាណ ៩.៤ពាន់លានដុល្លារ កើនឡើង១៦.៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ក្នុងនោះ កម្ពុជានាំចេញនាំចេញក្នុងតម្លៃ ៤ ៤៦០លានដុល្លារ កើនឡើង១១.៩% ខណៈការនាំចូលមកវិញមានចំនួន៤ ៩៨៧លានដុល្លារ កើនឡើង ២០.៦%។

ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា រួមមាន ចិន, អាមេរិក, វៀតណាម, ជប៉ុន និងកាលណាដា ជាដើម។

ទំនិញសំខាន់ៗដែលកម្ពុជា បាននាំចេញច្រើនជាងគេ រួមមាន៖ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់, ផ្លែឈើ និងគ្រាប់ផ្លែឈើ ដែលអាចបរិភោគបាន, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី, ស្បែកជើង, កៅស៊ូ និង ផលិតផលធ្វើអំពីកៅស៊ូ រួមនឹងទំនិញសំខាន់ៗផ្សេងទៀត៕