(អូតាវ៉ា)៖ ប្រទេសកាណាដា បានប្រកាសពន្ធថ្មី ២៥% លើទំនិញតម្លៃអាមេរិកប្រហែល ៣០ពាន់លានដុល្លារកាណាដា (ប្រហែល ២០,៨ពាន់លានដុល្លារអាមេរិក) បន្ទាប់ពីរដ្ឋាភិបាលរបស់លោក ដូណាល់ ត្រាំ បានអនុវត្តវិធានការដកហូតពន្ធគយ ជាលក្ខណៈសកលលើការនាំចូលដែក និងអាលុយមីញ៉ូម។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg News។
វិធានការសងសឹកនេះនឹងកំណត់គោលដៅលើផលិតផលដែក និងអាលុយមីញ៉ូមរបស់សហរដ្ឋអាមេរិក ក៏ដូចជាទំនិញប្រើប្រាស់នានាដូចជាកុំព្យូទ័រ និងទំនិញកីឡាជាដើម។
លោក Dominic LeBlanc រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកាណាដា ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មាន Bloomberg News ខណៈនិយាយថា ការដកហូតពន្ធគយថ្មីនេះមានទំហំប៉ុនគ្នានឹងពន្ធគយ របស់សហរដ្ឋអាមេរិកដែលមាន «ទឹកប្រាក់ស្នើគ្នា» ហើយនឹងចូលជាធរមាននៅម៉ោង ១២ និង១នាទីព្រឹកម៉ោងនៅទីក្រុងញូវយ៉កនៅថ្ងៃព្រហស្បតិ៍។
សរុបមក វិធានការសងសឹករបស់ប្រទេសកាណាដា នឹងប៉ះពាល់ដល់ផលិតផលដែកក្នុងតម្លៃ ១២,៦ពាន់លានដុល្លារកាណាដា អាលុយមីញ៉ូមតម្លៃ ៣ពាន់លានដុល្លារកាណាដា និងទំនិញផ្សេងទៀតតម្លៃ ១៤,២ពាន់លានដុល្លារកាណាដា។
សហភាពអឺរ៉ុបក៏បានប្រកាសវិធានការសងសឹកប្រឆាំងនឹងពន្ធគយលើលោហធាតុរបស់លោក ត្រាំផងដែរដោយដាក់ចេញវិធានការដកហូតពន្ធគយផ្ទាល់របស់ខ្លួនលើទំនិញអាមេរិកដែលមានតម្លៃរហូតដល់ ២៦ពាន់លានអឺរ៉ូ (ប្រហែល ២៨,៣ពាន់លានដុល្លារអាមេរិក)។
អ្នកស្រី Melanie Joly រដ្ឋមន្ត្រីការបរទេសកាណាដាបាននិយាយថា ពន្ធគយរបស់សហរដ្ឋអាមេរិកគឺ «មិនសមហេតុផល និងមិនអាចបង្កើតហេតុផលបាន»។ អ្នកស្រីបាននិយាយថា អ្នកស្រីនឹងលើកបញ្ហានេះជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសរបស់ក្រុមប្រទេស G7 ដែលប្រទេសកាណាដានឹងធ្វើជាម្ចាស់ផ្ទះ ក្នុងរយៈពេលបីថ្ងៃខាងមុខនៅក្នុងតំបន់ជនបទមួយនៃខេត្តកេប៊ិច។
អ្នកស្រី Joly បានមានប្រសាសន៍ថា៖ «យើងត្រូវតែប្រឆាំងនឹងរឿងមិនសមហេតុផលនេះ»។
កាលពីសប្តាហ៍មុន រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ចាស្ទីន ទ្រូដូ បានដកហូតពន្ធគយលើផលិតផលអាមេរិកតម្លៃ ៣០ពាន់លានដុល្លារកាណាដា រួមទាំងទំនិញប្រើប្រាស់រាប់រយមុខដូចជា ភេសជ្ជៈមានជាតិអាល់កុល គ្រឿងសម្អាង និងប៊ឺសណ្តែកដីជាដើម ដើម្បីឆ្លើយតបទៅនឹងវិធានការរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដកហូតពន្ធគយ ២៥% លើទំនិញកាណាដាជាច្រើនមុខ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕