(ព្រុចសែល)៖ សហភាពអឺរ៉ុបកាលពីថ្ងៃពុធបានចាប់ផ្តើមវិធានការ តបតវិញប្រឆាំងនឹងពន្ធគយលើលោហៈថ្មី របស់សហរដ្ឋអាមេរិក ជាមួយនឹងផែនការដកហូតពន្ធគយផ្ទាល់របស់ខ្លួន លើទំនិញអាមេរិកដែលមានតម្លៃរហូតដល់ទៅ ២៦ពាន់លានអឺរ៉ូ (២៨,៣ពាន់លានដុល្លារ)។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg News។

ភ្នាក់ងារព័ត៌មាន Bloomberg News បានរាយការណ៍ថា សេចក្តីប្រកាសស្តីពីវិធានការរបស់អឺរ៉ុបនេះ បានធ្វើឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលអាមេរិកបានដកហូតពន្ធគយ ២៥% លើការនាំចូលដែកនិងអាលុយមីញ៉ូម ដែលបង្កើតឱ្យមានសង្គ្រាមពាណិជ្ជកម្មដ៏ធំរវាងប្រទេសសម្ព័ន្ធមិត្តដ៏យូរអង្វែងទាំងពីរនេះ។

សហភាពអឺរ៉ុបនឹងកំណត់គោលដៅលើទំនិញរសើបផ្នែកនយោបាយ នៅក្នុងរដ្ឋនានានៃសហរដ្ឋអាមេរិក ដែលដឹកនាំដោយគណបក្សសាធារណរដ្ឋ រួមទាំងសណ្តែកសៀងដែលនាំចូលពីរដ្ឋ Louisiana ដែលជាផ្ទះរបស់ប្រធានសភាលោក Mike Johnson នេះបើយោងតាមមន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុប។

ពន្ធគយលើលោហៈរបស់សហភាពអឺរ៉ុបដែលត្រូវបានដាក់ឱ្យអនុវត្តក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក ត្រាំ ហើយក្រោយមកត្រូវបានផ្អាកវិញនោះ នឹងត្រូវដាក់ឱ្យអនុវត្តឡើងវិញពេញលេញនៅថ្ងៃទី១ ខែមេសា រួមទាំងការយកពន្ធមួយចំនួនដែលមិនធ្លាប់មានពីមុនមកផងដែរ។

សហភាពអឺរ៉ុបក៏នឹងចាប់ផ្តើមការពិគ្រោះជាមួយប្រទេសជារដ្ឋសមាជិកភ្លាមៗផងដែរ ដោយមានគោលបំណងអនុម័តបញ្ជីទំនិញបន្ថែមដែលមានទំនិញកសិកម្ម និងឧស្សាហ៍កម្មដែលត្រូវយកពន្ធខ្ពស់រហូតដល់ ២៥% នៅពាក់កណ្តាលខែមេសា។ ក្រុមមន្ត្រីបាននិយាយថា គំនិតនេះគឺដើម្បីអនុញ្ញាតឱ្យមានលំហរសម្រាប់ការចរចា ដែលនឹងដឹកនាំដោយប្រធានផ្នែកពាណិជ្ជកម្មរបស់អឺរ៉ុបគឺលោក Maros Sefcovic។

ប្រធានគណៈកម្មការអឺរ៉ុបអ្នកស្រី Ursula von der Leyen បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយនៅទីក្រុង Strasbourg ថា៖ «វិធានការតបតដែលយើងធ្វើនៅថ្ងៃនេះមានភាពរឹងមាំ ប៉ុន្តែមិនទាន់មានភាពសមាមាត្រនៅឡើយទេ»។ អ្នកស្រីបានបន្ថែមថា៖ «យើងជឿជាក់យ៉ាងមុតមាំថា នៅក្នុងពិភពលោកដែលពោរពេញទៅដោយភាពមិនប្រាកដប្រជានៃភូមិសាស្ត្រសេដ្ឋកិច្ច និងនយោបាយ វាមិនមែនជាផលប្រយោជន៍រួមរបស់យើងទេក្នុងការដាក់បន្ទុកសេដ្ឋកិច្ចរបស់យើងជាមួយនឹងពន្ធគយបែបនេះ»។

ទោះបីជាសហភាពអឺរ៉ុបបានប្រកាសពីវិធានការសងសឹកភ្លាមៗក៏ដោយ ក៏ប្រទេសដែលរងផលប៉ះពាល់ផ្សេងទៀត រួមទាំងចក្រភពអង់គ្លេសផងដែរនោះ បានបដិសេធចាត់វិធានការសងសឹកភ្លាមៗ ហើយបានអំពាវនាវឱ្យមានការចរចា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg News៕