(ភ្នំពេញ)៖ សហគ្រិនខ្មែរ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ បានផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដល់ធុរកិច្ចបង្កើតថ្មី និង សហគ្រាសធុនតូច និងមធ្យម ចំនួន ៣២ ក្នុងពិធីប្រគល់កញ្ចប់ជំនួយដែលប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សា បរធនបាលនៃសហគ្រិនខ្មែរ។
គំនិតផ្តួចផ្តើមនេះមានគោលបំណងធ្វើឱ្យប្រសើរឡើង នូវប្រតិបត្តិការអាជីវកម្ម, លើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញសក្តានុពលនាំចេញ ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពរបស់ប្រទេសកម្ពុជា។
លោក ហែម វណ្ណឌី បានលើកឡើងថា «សហគ្រិនខ្មែរបានកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ និងភាពជាដៃគូ ទូលំទូលាយទាំងក្នុងស្រុក និងក្រៅស្រុក។ ជាមួយ នឹងសមិទ្ធផលសំខាន់ៗ សហគ្រិនខ្មែរបាននិងបន្តជំរុញផ្នត់ គំនិតសហគ្រិនភាព, អភិវឌ្ឍសមត្ថភាពតាមរយៈ ការបណ្តុះបណ្តាលគ្រប់ជ្រុងជ្រោយ, បង្កើតឱកាសបណ្តាញ ទំនាក់ទំនង, កៀរគរទុនវិនិយោគ និងផ្តល់ការគាំទ្រ ផ្នែកហិរញ្ញវត្ថុដោយផ្ទាល់ទៅដល់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូចនិងមធ្យម»។
ចាប់តាំងពីឆ្នាំ២០២០ មកសហគ្រិនខ្មែរបានអនុវត្ដកម្មវិធីជាច្រើន ដើម្បីគាំទ្រសហគ្រិនភាពនៅកម្ពុជា។ កម្មវិធី ទាំងនោះរួមមាន ការប្រកួតប្រជែងផែនការអាជីវកម្មសម្រាប់និស្សិត ដើម្បីលើកទឹកចិត្ដដល់ការច្នៃប្រឌិត និងផ្នត់ គំនិតសហគ្រិនភាព, វគ្គសិក្សាអភិវឌ្ឍន៍សមត្ថភាព ដែលគ្របដណ្ដប់លើប្រធានបទសំខាន់ៗ ដូចជា ការគ្រប់គ្រង ហិរញ្ញវត្ថុការលក់ និងទីផ្សារ និងយុទ្ធសាស្រ្តនាំចេញ ព្រមទាំងការកសាងភ្ជាប់បណ្តាញធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម ជាមួយវិនិយោគិន ស្ថាប័នហិរញ្ញវត្ថុ និងដៃគូអាជីវកម្មសំខាន់ៗ ដើម្បីពង្រឹង ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។
បណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិសហគ្រិនខ្មែរ បានសង្កត់ ធ្ងន់លើការប្ដេជ្ញាចិត្ដរបស់សហគ្រិនខ្មែរ ក្នុងការពង្រឹងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចបង្កើតថ្មី និងសហគ្រាស ធុនតូច និងមធ្យម។
លោកបណ្ឌិតបានលើកឡើងថា «ជំនួយហិរញ្ញវត្ថុដែលផ្តល់ដល់ធុរកិច្ចបង្កើតថ្មី និង សហគ្រាស ធុនតូច និងមធ្យម គឺជាសក្ខីភាពមួយចំពោះការគាំទ្រ និងការយកចិត្ដទុកដាក់ដោយផ្ទាល់ របស់រាជរដ្ឋាភិបាល ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឱ្យមានភាពរឹងមាំ និងភាពធន់។ នេះបានគូស បញ្ជាក់ពីការចូលរួម ចំណែករបស់សហគ្រិនខ្មែរជាមួយក្របខណ្ឌគោលនយោបាយបច្ចុប្បន្ន ក្នុងគោលបំណង លើកកម្ពស់អាជីវកម្មនិង កែលម្អលទ្ធភាពទទួលបានទីផ្សារ»។
សហគ្រិនខ្មែរជាវេទិកាជាតិ សម្រាប់ការគាំទ្រសកម្មភាពសហគ្រិនភាព ដោយផ្ដោតជាពិសេសលើ ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម។ តាមរយៈការជំរុញវិស័យឯកជនឱ្យមានភាពរឹងមាំ និងរស់រវើក សហគ្រិនខ្មែរមានគោលបំណងលើកកម្ពស់កំណើន និងនវានុវត្ដន៍អាជីវកម្ម។ កិច្ចខិតខំប្រឹងប្រែងទាំងនេះស្រប តាមយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយនិរន្តរភាព និងវិបុលភាពយូរអង្វែង៕