(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម និងទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) បានរៀបចំពិធីអបអរសាទរទិវាសិទ្ធិអ្នកប្រើប្រាស់ពិភពលោក២០២៥ និងសន្និសីទស្ដីពីសិទ្ធិអ្នកប្រើប្រាស់ ក្រោមប្រធានបទ «ការផ្លាស់ប្ដូរឆ្ពោះទៅរកការរស់នៅប្រកបដោយចីរភាព» ​ដើម្បីពង្រឹងការយល់ដឹងអំពីសិទ្ធិនិងកាតព្វកិច្ចរបស់អ្នកប្រើប្រាស់ ជំរុញការបង្កើតទីផ្សារប្រកបដោយសុចរិតភាព គុណភាព និងភាពសម្បូរណ៍បែបលើផលិតផលទំនិញ និងសេវា ផ្តល់ជាជម្រើសដ៏ប្រសើរដល់អ្នកប្រើប្រាស់ដែលជាកម្លាំងចលករដ៏សំខាន់នៃការរុញច្រាន ដល់កំណើនសេដ្ឋកិច្ចសង្គម។

​ពិធីនេះបានរៀបចំឡើងនាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារសាន់អ៊ែនមូន រីវើសាយ ភ្នំពេញ ក្រោមអធិបតីភាព លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» ​និងមានការអញ្ជើញចូលរួមពី លោក ចូស្ត ស្កាដែល (Jost Kadel) ភារធារី និងជាប្រធានបេសកកម្មថ្មី នៃស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំ​កម្ពុជា ព្រមទាំង​តំណាងមកពីក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងដៃគូអភិវឌ្ឍ អង្គការជាតិនិងអន្តរជាតិ ស្ថាប័នសិក្សាស្រាវជ្រាវ និងតំណាងវិស័យឯកជននានាជាច្រើនរូប។

​លោកស្រី ចម និម្មល គូសបញ្ជាក់ថា នៅប្រទេសកម្ពុជា ចាប់តាំងពីច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ត្រូវបានអនុម័តដាក់ឱ្យប្រើកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រសួងពាណិជ្ជកម្ម ដោយមានកិច្ចសហការរបស់ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) បាននិងកំពុងបន្តផ្សព្វផ្សាយច្បាប់និងបទប្បញ្ញត្តិនានាជូនដល់ភាគីពាក់ព័ន្ធ ជាពិសេសវិស័យឯកជន នៅតាមបណ្តារាជធានី ខេត្ត និងបានបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តយន្តការជាក់លាក់ ដើម្បីការពារអ្នកប្រើប្រាស់ ក្នុងនោះរួមមាន៖ (១). ការកសាងបទប្បញ្ញត្តិក្រោមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ដើម្បីបង្កើនការការពារសិទ្ធិនិងផលប្រយោជន៍អ្នកប្រើប្រាស់ (២). ការជំរុញការប្រកួតប្រជែងដោយសុចរិត និងការធ្វើសកម្មភាពធុរកិច្ចជាមួយគ្នាដោយមានទំនុកចិត្ត (៣). កិច្ចសហការជាមួយអង្គការជាតិ និងអន្តរជាតិ ដើម្បីអភិវឌ្ឍគោលនយោបាយការពារអ្នកប្រើប្រាស់ឱ្យកាន់តែមានប្រសិទ្ធភាព។

លោកស្រី ចម និម្មល បានបន្ថែមថា «ការការពារសិទ្ធិអ្នកប្រើប្រាស់ មិនមែនជាកាតព្វកិច្ចរបស់បុគ្គលណាមួយឡើយតែជាកិច្ចការនិងជាផលប្រយោជន៍រួមរបស់យើងទាំងអស់គ្នា ព្រោះការគាំពារអ្នកប្រើប្រាស់ គឺជាការគាំពារដល់ខ្លួនយើងទាំងអស់គ្នា ហើយក្នុងនាមជាអ្នកប្រើប្រាស់ យើងមានសិទ្ធិទទួលបាននូវផលិតផលទំនិញ និងសេវាមានគុណភាព និងសុវត្ថិភាព ជាពិសេសយើងមានសិទ្ធិទទួលបាននូវព័ត៌មានដែលត្រឹមត្រូវ និងគ្រប់គ្រាន់ព្រមទាំងមានសិទ្ធិទទួលបាននូវដំណោះស្រាយ នៅពេលដែលសិទ្ធិនិងផលប្រយោជន៍របស់យើងត្រូវបានបំពាន»

​លោកស្រី បានបង្ហាញនូវសុទិដ្ឋិនិយមថា តាមរយៈកម្មវិធីអបអរសាទរទិវាសិទ្ធិអ្នកប្រើប្រាស់ពិភពលោកនាថ្ងៃនេះ ភាគីពាក់ព័ន្ធទាំងអស់ នឹងទទួលបាននូវចំណេះដឹងបន្ថែមទៀត ពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ ព្រមទាំងបន្តចូលរួមក្នុងការពង្រឹងកិច្ចការពារអ្នកប្រើប្រាស់នៅកម្ពុជាឱ្យកាន់តែទូលំទូលាយ៕