(ភ្នំពេញ)៖ លោក ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកទឹកចិត្តដល់ម្ចាស់អាជីវកម្មខ្នាតតូ​ច ឲ្យប្រើប្រាស់ថ្នាលទូទាត់ឲ្យបានត្រឹមត្រូវ ព្រោះការប្រើប្រាស់បានត្រឹមត្រូវនឹងបញ្ជៀសការចាញ់បោក ឬការឆបោក។

ការលើកឡើងរបស់លោក ហេង សុខគង់ FRESH BUSINESS: ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ផលប៉ះពាល់នៃសុវត្ថិភាពតាមអ៉ិនធើណិត លើអាជីវកម្មខ្នាតតូច»

លោក ហេង សុខគង់ បានថ្លែងឲ្យដឹងថា ​ម្ចាស់អាជីវកម្មទាំងអស់ គប្បីប្រើប្រាស់ថ្នាលទូទាត់ឱ្យបានត្រឹមត្រូវ កាលណាយើងប្រើប្រាស់បានត្រឹមត្រូវនោះ ​នោះយើងមិនងាយចាញ់បោកនោះទេ។ ក្នុងនោះដើម្បីកាន់តែសុវត្ថិភាព ដល់អ្នកប្រើប្រាស់ពិសេសអាជីវកម្មខ្នាតតូច ក្រសួងឧស្សាហកម្មបានខិតខំប្រឹងប្រែងជាខ្លាំង ដើម្បីសហការជាមួយវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ក្នុងគោលដៅធានាជម្រុញ និងលើកកម្ពស់ដល់សហគ្រាសធុនតូច និងមធ្យម ឲ្យកាន់តែអភិវឌ្ឍទៅមុខ។

លោកបានបញ្ជាក់ថា ជាការពិត SME គឺជាខួរឆ្អឹងខ្នងរបស់ជាតិ មិនមែនតែប្រទេសកម្ពុជានោះទេ ប្រទេសណាក៏ដោយ សហគ្រាសធុនតូច និងមធ្យមពិតជាមានសារៈសំខាន់ណាស់ ជាក់ស្ដែងសហរដ្ឋអាមេរិក ផលិតផលក្នុងស្រុកសរុប ៥០ភាគរយបានមកពី SME, ជប៉ុន៥៥ភាគរយ ចំណែកឯប្រទេសចិនមានរហូតដល់៦០ភាគរយឯណ្ណោះ ដូច្នេះរាជរដ្ឋាភិបាលក៏ដូចជាក្រសួងឧស្សាហកម្ម ជំរុញលើកកម្ពស់ និងអភិវឌ្ឍន៍ SME ដោយបានរៀបចំគោលនយោបាយច្រើនមែនទែន។

លោកបានបន្ថែមថា ក្រៅពីនេះការគិតគូរពីសុវត្ថិភាពរបស់ម្ចាស់អាជីវកម្មខ្នាតតូច យើងក៏បានធ្វើជាច្រើនហូរហែរ ក្នុងនោះយើងបានបង្កើតវេបសាយខ្មែរ SME ដើម្បីងាយស្រួលក្នុងការស្វះស្វែងរកព័ត៌មានថា ធនាគារណាដែលគួរទុកចិត្តបាន ដើម្បីជាដៃគូរ ក្នុងការសហការ៕

សូមស្តាប់ការលើកឡើងរបស់លោក ហេង សុខគង់៖