(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ បានណែនាំដល់សហគ្រិន សិប្បករទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផលិតផលិតផលរបស់ខ្លួន ទាំងទីតាំងផលិត ត្រូវឱ្យមានអនាម័យ និងសុវត្ថិភាព ព្រមទាំងអនុលោមតាមស្តង់ដារអនាម័យ ដើម្បីឱ្យផលិតរបស់ខ្លួន អាចឈានចូលទៅដាក់លក់ នៅតាមទីផ្សារទំនើបនានាបាន។

លោក ហែម វណ្ណឌី លើកឡើងថា ផ្សារទំនើបមួយចំនួនមុននឹងអនុញ្ញាតឱ្យផលិតផលណាមួយ ដាក់លក់នៅក្នុងទីផ្សារទំនើបរបស់គេ គេមិនត្រឹមតែពិនិត្យទៅលើគម្រូផលិតផលនោះទេ តែគេក៏ពិនិត្យទៅលើទីតាំងផលិតផងដែរ ប្រសិនបើទីតាំងនោះ គ្មានអនាម័យ និងស្តង់ដារសុវត្ថិភាពការងារត្រឹមត្រូវ គេក៏មិនអនុញ្ញាតឱ្យលក់ផលិតផល ក្នុងទីផ្សារគេឡើយ។ ហេតុដូច្នេះហើយ ទើបបច្ចុប្បន្ននេះក្រសួងបាន និងកំពុងផ្តោតទៅលើការពង្រឹងផលិតភាព និងស្តង់ដារអនាម័យរបស់ SMEs។

លោកបន្ថែមថា «ក្រសួងក៏កំពុងតែជ្រោមជ្រែងលើការងារទាំងអស់នេះ ដើម្បីឱ្យប្អូនជាប់ផលិតផលហើយ ទីកន្លែងផលិតក៏ជាប់ដែរ តាមរយៈការផ្តល់កញ្ចប់ថវិកាដែលផ្តល់ដោយ សហគ្រិនខ្មែរ បន្ថែមពីលើស្តង់ដារផលិត»

លោកបន្ថែមថា ការធ្វើទំនើបកម្មសហគ្រាសធុនតូច និងមធ្យម (SME) ជាសសរស្តម្ភយុទ្ធសាស្ត្រនៃគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា (IDP) ២០១៥-២០២៥។ ដូចគ្នានេះដែរ SME បានក្លាយជាផ្នែកសំខាន់មួយ ដើម្បីបង្កើនមូលដ្ឋាននៃផលិតកម្ម និងរក្សាកំណើនសេដ្ឋកិច្ចក្នុងយុគសម័យឧស្សាហកម្ម ៤.០។ គោលនយោបាយ លើកទឹកចិត្តមួយចំនួនត្រូវបានអនុវត្តដើម្បីជំរុញកំណើន SME ក្នុងគោលបំណងលើកកម្ពស់សហគ្រិនភាព, ផ្តល់ការលើកទឹកចិត្តដល់នវានុវត្តន៍, ពង្រីកលទ្ធភាពឱ្យចូលទៅកាន់ទីផ្សារ និងទទួលបានធនធានហិរញ្ញវត្ថុ។

ជាមួយគ្នានេះ ក្រសួងឧស្សាហកម្ម ក៏បាននិងកំពុងរៀបចំក្រុមការងារអន្តរក្រសួងស្ថាប័ន និងវិស័យឯកជន ដើម្បីសិក្សា ស្រាវជ្រាវ និងផ្តល់ធាតុចូលសម្រាប់ ការធ្វើបច្ចុប្បន្នភាពសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍ សហគ្រាសធុនតូច និងមធ្យមកម្ពុជា។ ការធ្វើបច្ចុប្បន្នភាពនេះ ពិតជាមានសារៈសំខាន់ សម្រាប់វិស័យ សហគ្រាសធុនតូច និងមធ្យម ជាពិសេសក្នុងបរិបទក្នុងតំបន់ និងក្នុងពិភពលោក ដែលមានការអភិវឌ្ឍលឿនជាបន្តបន្ទាប់។

លោកកត់សម្គាល់ថា សហគ្រាសនៅពេលដែលចង់ពង្រីកខ្លួនកាន់តែធំ នឹងកាន់តែជួបបញ្ហាប្រឈម។ នេះជាចំណុចដែលរដ្ឋាភិបាលយកចិត្តទុកដាក់ និងបន្តគាំទ្រ តាមរយៈការដាក់ចេញនូវវិធានការមួយចំនួន និងផ្តល់នូវជំនួយហិរញ្ញវត្ថុតាមរយៈសហគ្រិនខ្មែរ។

គួររំលឹកផងដែរថា កម្មវិធីកញ្ចប់ជំនួយសហគ្រិនខ្មែរ ត្រូវបានដាក់ឱ្យអនុវត្ដ ចាប់តាំងពីឆ្នាំ២០២០ ហើយបានទទួលពាក្យសើ្នចំនួន ២ ០០០ ពី២៥ រាជធានី-ខេត្ដ និងបានគាំទ្រប្រមាណ ២០០ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម ក្នុងថវិកាប្រមាណ ១ ៤០០ ០០០ ដុល្លារអាមេរិក។ ថវិកានេះត្រូវបានប្រើប្រាស់ ដើម្បីបង្កើនផលិតភាព តាមរយៈផលិតកម្មដែលប្រើម៉ាស៊ីន, ពង្រឹងធនធានមនុស្ស តាមរយៈវគ្គបណ្តុះបណ្តាល និងការអភិវឌ្ឍជំនាញ, និងពង្រីកលទ្ធភាពចូលទីផ្សារ តាមរយៈការអភិវឌ្ឍផលិតផល ថ្មីៗ និងអនុលោមភាពស្ដង់ដារ៕