(បាងកក)៖ ក្រសួងទេសចរណ៍និងកីឡាថៃបានឱ្យដឹងថា រយៈពេលនៃការស្នាក់នៅដោយគ្មានទិដ្ឋាការនៅក្នុងប្រទេសថៃត្រូវបានកាត់បន្ថយពី ៦០ថ្ងៃមកត្រឹម ៣០ថ្ងៃ ខណៈដែលអាជ្ញាធរពាក់ព័ន្ធបានយល់ព្រមជាគោលការណ៍ចំពោះការកែប្រែនេះក្នុងគោលបំណងទប់ស្កាត់ហានិភ័យអាជីវកម្មខុសច្បាប់ដែលកេងប្រវ័ញ្ចលើគម្រោងលើកលែងទិដ្ឋាការនេះ។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សម្តីលោក Sorawong Thienthong រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងកីឡាថៃខណៈថ្លែងថា ក្រសួងការបរទេសបានទទួលស្គាល់បញ្ហានេះខណះដែលបញ្ហានេះត្រូវបានពិភាក្សាយ៉ាងទូលំទូលាយក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។

លោកបាននិយាយថា ពួកគេទាំងអស់បានយល់ព្រមជាគោលការណ៍ដើម្បីកាត់បន្ថយរយៈពេលនៃការស្នាក់នៅពី ៦០ថ្ងៃមក ៣០ថ្ងៃសម្រាប់ពលរដ្ឋមកពីប្រទេសដែលបានផ្តល់ការលើកលែងទិដ្ឋាការស្ថិតក្រោមកម្មវិធីនេះ។ ទោះជាយ៉ាងណា ព័ត៌មានលម្អិតនឹងត្រូវពិភាក្សាមុននឹងប្រកាសជាផ្លូវការអំពីការកែសម្រួលបទប្បញ្ញត្តិនេះ។

ចាប់តាំងពីខែកក្កដាឆ្នាំ២០២៤មក រដ្ឋាភិបាលថៃបានអនុញ្ញាតឱ្យអ្នកកាន់លិខិតឆ្លងដែនមកពី ៩៣ប្រទេសធ្វើដំណើរមកកាន់ប្រទេសថៃសម្រាប់គោលបំណងទេសចរណ៍ក្នុងរយៈពេលមិនលើសពី ៦០ថ្ងៃ ដែលកើនឡើងពីប្រទេសចំនួន៥៧ នាពេលកន្លងមក។

ទោះជាយ៉ាងណា ប្រតិបត្តិករទេសចរណ៍បានសម្តែងការព្រួយបារម្ភលើរយៈពេលបន្ថែមដល់ ៩០ថ្ងៃនេះ ដោយសារភ្ញៀវទេសចរផ្លូវឆ្ងាយជាធម្មតាស្នាក់នៅជាមធ្យមត្រឹមតែពី ១៤ ទៅ ២១ថ្ងៃប៉ុណ្ណោះ ខណៈពេលដែលភ្ញៀវទេសចរផ្លូវជិតចំណាយពេលតិចជាងពីរសប្តាហ៍ក្នុងពេលធ្វើដំណើរម្តង ឬប្រហែល ៧ថ្ងៃជាមធ្យម។

សមាគមភ្នាក់ងារទេសចរណ៍ថៃនាពេលកន្លងមកបានលើកឡើងពីកង្វល់នេះជាមួយក្រសួងដោយសារមានជនបរទេសចូលមកធ្វើការ ឬរកស៊ីខុសច្បាប់កាន់តែច្រើនឡើងៗក្នុងប្រទេស ខណៈសមាគមសណ្ឋាគារថៃយល់ថា ការណ៍នេះកើតមានឡើងមួយផ្នែកដោយសារការកើនឡើងចំនួនខុនដូដែលជួលដោយខុសច្បាប់សម្រាប់ភ្ញៀវប្រចាំថ្ងៃ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕