(តូក្យូ)៖ តម្លៃដីធ្លីរបស់ប្រទេសជប៉ុន បានកើនឡើងក្នុងកម្រិតលឿនជាងគេបំផុតរបស់ពួកគេ ក្នុងរយៈពេល៣៤ឆ្នាំ ក្នុងឆ្នាំ២០២៤ ជាមួយនឹងការស្ទុះងើបឡើងវិញ បានរីករាលដាលទៅកាន់តំបន់ ដោយសារកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ដែលជាសញ្ញាចុងក្រោយ នៃការកើនឡើងក្នុងទីផ្សារអចលនទ្រព្យ។ នេះបើតាមការស្ទាបស្ទង់ពីរដ្ឋាភិបាល បានបង្ហាញនៅថ្ងៃអង្គារ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥។

តម្លៃដីជាមធ្យមនៅទូទាំងប្រទេស ទាំងលំនៅដ្ឋាន និងពាណិជ្ជកម្ម បានកើនឡើង២.៧ភាគរយ គិតត្រឹមថ្ងៃទី១ ខែមករា ដែលជាការកើនឡើងឆ្នាំទី៤ជាប់ៗគ្នា។ នេះបើតាមការស្ទាបស្ទង់របស់ក្រុមដែនដី។

វាគឺជាការកើនឡើងលឿនជាងគេបំផុត គិតចាប់តាំងពីឆ្នាំ១៩៩១មក, មុនពេលតម្លៃដីបានចាប់ផ្តើមធ្លាក់ចុះរយៈពេលវែង។

«តម្លៃដីធ្លីនៅទូទាំងប្រទេសជប៉ុន បានបន្តការកើនឡើង ចំពេលការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចកម្រិតមធ្យម», នេះបើតាមក្រសួងដែនដីបានឱ្យដឹង។

ការកើនឡើងតម្លៃដី ត្រូវបានជួយជំរុញដោយការកើនឡើង នៃចំនួនភ្ញៀវទេសចរ ដែលនាំឱ្យមានការកើនឡើងនូវតម្រូវការសណ្ឋាគារ និងហាងលក់ទំនិញ។

ប្រហែល៦៤ភាគរយ នៃតម្លៃដីដែលបានស្ទាបស្ទង់ មានការលើសពីកម្រិត ក្នុងឆ្នាំ២០២០ មុនការរាតត្បាតពីជំងឺកូវីដ-១៩។ នេះបើតាមក្រសួងបានបន្ថែម។

ការស្ទាបស្ទង់ បានរកឃើញដែរ អំពីការព្រួយបារម្ភមួយចំនួន ក្នុងទីផ្សារ ស្តីពីផលប៉ះពាល់ខ្លាំង ពីតម្លៃសាងសង់ខ្ពស់ជាងមុន និងអត្រាការប្រាក់ច្រើនជាងមុន ដែលដំឡើងដោយធនាគារជាតិជប៉ុន៕​