(វ៉ាស៊ីនតោន)៖ តម្លៃមាសប្រែប្រួលតិចតួចនៅថ្ងៃពុធ បន្ទាប់ពីបានកើនឡើងដល់កម្រិតខ្ពស់ មិនធ្លាប់មានកន្លងមកនៅថ្ងៃដដែលនេះ ដោយសារតម្រូវការខ្ពស់ ខណៈវិនិយោគិនរង់ចាំការសម្រេចចិត្ត អំពីអត្រាការប្រាក់របស់ធនាគារកណ្តាលសហរដ្ឋអាមេរិក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
តម្លៃមាសសម្រាប់ជួញដូរភ្លាមៗបានធ្លាក់ចុះ ០,១ភាគរយមកនៅត្រឹម ៣ ០៣០,១៣ដុល្លារក្នុងមួយអោន (៨,៣៣ជី) នៅរសៀលថ្ងៃពុធ។
ដុំមាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត មិនធ្លាប់មានដល់ ៣ ០៤៥,២៤ដុល្លារក្នុងមួយអោននៅដើមវគ្គជួញដូរ នៅថ្ងៃពុធដែលជាកំណត់ត្រាតម្លៃខ្ពស់បំផុតទី១៥ នៅឆ្នាំនេះ។ តម្លៃមាសក្នុងកិច្ចសន្យាសម្រាប់ចែកចាយ នាពេលអនាគតនៅសហរដ្ឋអាមេរិកធ្លាក់ចុះ ០,១ភាគរយមកនៅត្រឹម ៣ ០៣៨ដុល្លារក្នុងមួយអោន។
លោក Bart Melek ប្រធានយុទ្ធសាស្រ្តផ្នែកទំនិញនៅក្រុមហ៊ុន TD Securities បានប្រាប់រ៉យទ័រនិយាយថា៖ «មានការព្រួយបារម្ភថា ពន្ធគយអាចបង្កឱ្យមានអតិផរណា ហើយមានការយល់ស្របថា ទោះបីជាមានការកើនឡើងតម្លៃ ដែលបង្កឡើងដោយសារវិធានការពន្ធគយ របស់សហរដ្ឋអាមេរិកក៏ដោយ ក៏ធនាគារកណ្តាលអាមេរិកអាចនឹងចាប់ផ្តើមបន្ធូរបន្ថយ គោលនយោបាយ នៅពាក់កណ្តាលឆ្នាំនេះ»។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានដំឡើងពន្ធគយលើការនាំចូលដែក និងអាលុយមីញ៉ូមដល់ ២៥ភាគរយ ដែលមានប្រសិទ្ធភាពកាលពីសប្តាហ៍មុន ហើយបាននិយាយថា លោកមានបំណងដំឡើងពន្ធគយថ្មីដែលនឹងចូលជាធរមាននៅថ្ងៃទី២ ខែមេសា។
មាសដែលធម្មតាត្រូវបានចាត់ទុកថា ជាការវិនិយោគសម្រាប់ធ្វើជាទ្រព្យរក្សាសុវត្ថិភាព ក្នុងអំឡុងពេលកើតមានអតិផរណា ឬការប្រែប្រួលសេដ្ឋកិច្ច បានឡើងថ្លៃជាង ១៥ភាគរយរហូតមកដល់ពេលនេះក្នុងឆ្នាំនេះ។ មាសកាន់តែមានភាពទាក់ទាញ នៅពេលដែលអត្រាការប្រាក់ទាប ព្រោះវាជាទ្រព្យសកម្មដែលមិនផ្តល់ទិន្នផល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕