(វ៉ាស៊ីនតោន)៖ ប្រធានការិយាល័យអ្នកតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer ត្រូវបានរំពឹងថានឹងហៅទូរស័ព្ទជាលើកដំបូង ដើម្បីជជែកជាមួយសមភាគីចិន របស់គាត់នៅសប្តាហ៍ក្រោយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg News។

ការសន្ទនានេះនឹងជាការចាប់ផ្តើមដំណើរការ ចូលរួមរបស់លោក Greer ជាមួយប្រទេសចិនដែលជាដៃគូពាណិជ្ជកម្មធំទី៣ និងជាគូប្រជែងយុទ្ធសាស្ត្រធំបំផុត របស់របស់សហរដ្ឋអាមេរិក។ ការជជែកតាមទូរស័ព្ទនេះ នឹងធ្វើឡើងប៉ុន្មានថ្ងៃមុនពេល លោកប្រធានាធិបតី ដូណាល់ ត្រាំ ដាក់ចេញវិធានការពន្ធគយថ្មី។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា វាមិនទាន់ច្បាស់នៅឡើយទេថា អ្នកណាខាងភាគីប្រទេសចិន ដែលលោក Greer នឹងជជែកជាមួយនៅសប្តាហ៍ក្រោយ ប៉ុន្តែប្រភពមួយដែលបានដឹងពីកិច្ចការនេះបាននិយាយថា លោកអាចជជែកជាមួយឧបនាយករដ្ឋមន្ត្រីចិន។ កាលពីខែមុន លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក បាននិយាយជាមួយឧបនាយករដ្ឋមន្ត្រីចិន គឺលោក He Lifeng ដែលជាមន្ត្រីសេដ្ឋកិច្ចកំពូលរបស់ប្រទេសចិនផងដែរ។

លោក Greer និងក្រុមការងាររបស់គាត់ត្រូវបានប្រគល់ភារកិច្ចឱ្យបង្កើតកម្មវិធីមួយ ដើម្បីចាត់វិធានការពន្ធគយសងសឹកទៅលើប្រទេសនានា ពោលគឺជាវិធានការមិនធ្លាប់មានពីមុនមក ដែលនាំមកនូវភាពមិនច្បាស់លាស់ផ្នែកច្បាប់ និងបញ្ហាប្រឈមដែលអាចកើតមានជាមួយបញ្ហានេះផងដែរ។

ក្រុមមន្ត្រីរបស់លោក ត្រាំ បានផ្តល់សញ្ញាថា ផែនការនេះផ្តោតលើប្រទេសធំទាំង១៥ ដែលមានអតិរេកពាណិជ្ជកម្មខ្ពស់បំផុត ជាមួយសហរដ្ឋអាមេរិក មានអត្រាពន្ធគយខ្ពស់បំផុត ឬមានវិធានការមិនពន្ធគយផ្សេងទៀត ដែលសហរដ្ឋអាមេរិករកឃើញថាមានការរើសអើង។

លោក Greer គឺជាអតីតដៃស្តាំរបស់លោក Robert Lighthizer ប្រធានការិយាល័យអ្នកតំណាងពាណិជ្ជកម្មអាមេរិក (USTR) ក្នុងអំឡុងពេលចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្ម “ដំណាក់កាលទី១” ជាមួយប្រទេសចិននៅក្នុងរដ្ឋាភិបាលអាណត្តិដំបូងរបស់លោក ត្រាំ និងក្នុងអំឡុងពេញមួយសង្រ្គាមពាណិជ្ជកម្ម ដែលបានកើតឡើងមុន។

ប្រភដែលដឹងការពិភាក្សានេះបាននិយាយថា ការិយាល័យ USTR បាននិងកំពុងពិនិត្យមើលកិច្ចព្រមព្រៀងនោះ ហើយនឹងពិចារណាលើការមិនអនុលោមតាមច្បាប់ របស់ប្រទេសចិននៅពេលវាយតម្លៃអត្រាពន្ធគយ និងវិធានការផ្សេងទៀតណាមួយនៅខែក្រោយ។ បើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕