(វ៉ាស៊ីនតោន)៖ ប្រទេសអេមីរ៉ាតអារ៉ាប់រួម បានប្តេជ្ញាចិត្ត ក្នុងក្របខណ្ឌវិនិយោគរយៈពេល១០ឆ្នាំ ក្នុងទំហំទឹកប្រាក់១.៤ពាន់ពាន់លានដុល្លារអាមេរិក នៅសហរដ្ឋអាមេរិក បន្ទាប់ពីមន្រ្តីកំពូលអេមីរ៉ាតអារ៉ាប់រួម បានជួបជាមួយប្រធានាធិបតី Donald Trump ក្នុងសប្តាហ៍នេះ, នេះបើតាមសម្តីមន្ត្រីមួយរូប នៅសេតវិមាន បានឱ្យដឹងនៅថ្ងៃសុក្រ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥។

«ក្របខណ្ឌថ្មីនេះ នឹងបង្កើនការវិនិយោគដែលមានស្រាប់ របស់អេមីរ៉ាតអារ៉ាប់រួម ក្នុងសេដ្ឋកិច្ចអាមេរិក ក្នុងហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត (AI), ឧបករណ៍អេឡិចត្រូនិក, ថាមពល និងផលិតកម្មអាមេរិក», មន្ត្រីបានប្រាប់ Reuters។

មន្ត្រីដដែលបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ គឺជាលទ្ធផលបានមកពីជំនួប ដែលលោក Trump បានធ្វើឡើងនៅថ្ងៃអង្គារ ជាមួយទីប្រឹក្សាសន្តិសុខជាតិអេមីរ៉ាតអារ៉ាប់រួម លោក Sheikh Tahnoon bin Zayed នៅការិយាល័យធ្វើការរបស់លោកប្រធានាធិបតីអាមេរិក (Oval Office) និងពិធីទទួលទានអាហារពេលល្ងាច ដែលលោកអនុប្រធានាធិបតី JD Vance ជាមួយនឹងគណៈប្រតិភូអេមីរ៉ាតអារ៉ាប់រួម។

ក្រោមលក្ខខណ្ឌនៃក្របខណ្ឌនេះ, មូលនិធិវិនិយោគ ADQ របស់អេមីរ៉ាតអារ៉ាប់រួម ជាមួយនឹងដៃគូអាមេរិក Energy Capital Partners បានប្រកាសពីគំនិតផ្តួចផ្តើមផ្តោតលើសហរដ្ឋអាមេរិក ជាមួយទំហំទឹកប្រាក់២៥ពាន់លានដុល្លារ ក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងមជ្ឈមណ្ឌលទិន្នន័យ។ មន្ត្រីបានលើកឡើង។

XRG ដែលជាក្រុមហ៊ុនវិនិយោគអន្តរជាតិ របស់ក្រុមហ៊ុនប្រេងរដ្ឋអេមីរ៉ាតអារ៉ាប់រួម ADNOC នោះ ក៏បានប្រកាសពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការជួយគាំទ្រដល់ផលិតកម្មឧស្ម័នធម្មជាតិអាមេរិក និងការនាំចេញ ជាមួយនឹងការវិនិយោគ ក្នុងរោងចក្រនាំចេញឧស្ម័នធម្មជាតិរាវ NextDecade នៅរដ្ឋ Texas។

បណ្តាក្រុមហ៊ុនជាច្រើន មានគម្រោងបន្ថែម ក្នុងការវិនិយោគយ៉ាងច្រើន ក្នុងទ្រព្យសកម្មរបស់អាមេរិក នៅទូទាំងផ្នែកឧស្ម័ន, គីមី, ហេដ្ឋារចនាសម្ព័ន្ធថាមពល និងដំណោះស្រាយកាបូនទាប, មន្ត្រីបានលើកឡើង៕