(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃពុធសប្តាហ៍នេះបានប្រកាសផែនការដំឡើងពន្ធគយដែលបានសន្យារហូតដល់ ២៥ភាគរយលើការនាំចូលរថយន្ត ដែលកាន់តែជំរុញឱ្យកើតមានសង្គ្រាមពាណិជ្ជកម្មពិភពលោកកាន់តែខ្លាំង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

អ្នកជំនាញក្នុងឧស្សាហកម្មរថយន្តរំពឹងថា វិធានការពន្ធគយនេះនឹងជំរុញឱ្យមានកំណើនតម្លៃរថយន្ត និងប៉ះពាល់ដល់ផលិតកម្មរថយន្ត។

លោក ត្រាំ បានត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រខណៈថ្លែងនៅក្នុងព្រឹត្តិការណ៍មួយនៅក្នុងការិយាល័យប្រធានាធីបតី Oval ថា៖ «អ្វីដែលយើងនឹងធ្វើគឺដកហូតពន្ធ ២៥ភាគរយទៅលើរថយន្តទាំងអស់ដែលមិនផលិតនៅក្នុងសហរដ្ឋអាមេរិក»។ លោកបានបន្ថែមថា៖ «យើងចាប់ផ្តើមជាមួយនឹងពន្ធមូលដ្ឋាន ២,៥ភាគរយ ជាអ្វីដែលយើងកំពុងអនុវត្ត ហើយនឹងកើនឡើងដល់ ២៥ភាគរយ»

លោក ត្រាំ ដែលចាត់ទុកពន្ធជាឧបករណ៍មួយក្នុងការបង្កើនប្រាក់ចំណូលដើម្បីយកមកប៉ះប៉ូវការកាត់បន្ថយពន្ធដែលគាត់បានសន្យា និងដើម្បីស្តារមូលដ្ឋានឧស្សាហកម្មរបស់សហរដ្ឋអាមេរិកដែលបានធ្លាក់ចុះជាយូរមកហើយនោះ បាននិយាយថា ពន្ធនាំចូលថ្មីនេះនឹងចូលជាធរមាននៅថ្ងៃទី២ ខែមេសា ដែលជាកាលបរិច្ឆេទដូចគ្នាដែលគាត់គ្រោងនឹងប្រកាសពន្ធសងសឹកលើប្រទេសដែលទទួលខុសត្រូវចំពោះឱនភាពពាណិជ្ជកម្មអាមេរិកភាគច្រើន។

ការប្រមូលពន្ធគយថ្មីលើរថយន្តនេះនឹងចាប់ផ្តើមនៅថ្ងៃទី៣ ខែមេសា។ ក្រៅពីរថយន្តធុនតូច ពន្ធនេះក៏នឹងប៉ះពាល់ដល់រថយន្តដឹកទំនិញធុនស្រាលផងដែរ។ វិធានការថ្មីនេះនឹងលើកលែងគ្រឿងបន្លាស់រថយន្តដែលអនុលោមតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាមេរិក ម៉ិកស៊ិក និងកាណាដា ដែលលោក ត្រាំ បានចរចាក្នុងអំឡុងពេលអាណត្តិដំបូងរបស់គាត់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕