(ប៉េកាំង)៖ ប្រទេសចិនបានប្រាប់ក្រុមហ៊ុនរដ្ឋឱ្យបញ្ឈប់កិច្ចសហប្រតិបត្តិការថ្មីជាមួយក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយមហាសេដ្ឋកិច្ចហុងកុងលោក លី កាស៊ីង និងគ្រួសាររបស់គាត់បន្ទាប់ពីមហាសេដ្ឋីរូបនេះមានផែនការលក់កំពង់ផែចំនួន២ នៅប្រទេសប៉ាណាម៉ាទៅឱ្យក្រុមហ៊ុនសម្ព័ន្ធពិភពលោកមួយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg News។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ប្រភពដែលដឹងពីកិច្ចការនេះតែសុំមិនបញ្ចេញអត្តសញ្ញាណដោយសារជាកិច្ចពិភាក្សាឯកជនថា សេចក្តីណែនាំរបស់ទីក្រុងប៉េកាំងនេះត្រូវបានចេញទៅឱ្យសហគ្រាសរដ្ឋចិនកាលពីសប្តាហ៍មុនតាមសំណូមពររបស់មន្ត្រីជាន់ខ្ពស់។ ប្រភពដដែលនេះបានបន្ថែមថា កិច្ចសហការដែលមានស្រាប់រវាងក្រុមហ៊ុនរបស់លោក លី កាស៊ីង និងក្រុមហ៊ុនរដ្ឋចិនមិនមានផលប៉ះពាល់ទេ។
ស្ថិតក្រោមការណែនាំ សហគ្រាសរដ្ឋចិននឹងមិនទទួលបានការអនុម័តភ្លាមៗចំពោះសកម្មភាពអាជីវកម្មណាដែលមានទំនាក់ទំនងជាមួយលោក លី កាស៊ីង ទេ។ ប្រភពដដែលបានបន្តថា និយតករចិនក៏កំពុងពិនិត្យមើលឡើងវិញនូវការវិនិយោគដែលគ្រួសាររបស់លោក លី មាននៅក្នុងប្រទេសចិន និងនៅបរទេសក្នុងគោលបំណងស្វែងយល់កាន់តែច្បាស់ពីទំហំនៃការជួញដូរអាជីវកម្មរបស់ពួកគេ។
ការបញ្ជាឱ្យផ្អាកកិច្ចព្រមព្រៀងថ្មីនេះមិនមែនមានន័យថា រដ្ឋាភិបាលក្រុងប៉េកាំងនឹងរារាំងក្រុមហ៊ុនរដ្ឋមិនឱ្យធ្វើការរកស៊ីជាមួយក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយលោក លី ទេ។ ប៉ុន្តែវាបង្កើនសម្ពាធលើមហាសេដ្ឋីវ័យ ៩៦ឆ្នាំរូបនេះ បន្ទាប់ពីក្រុមហ៊ុន CK Hutchison របស់លោកសម្រេចបានកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុនសម្ព័ន្ធដ៏ធំមួយដែលដឹកនាំដោយក្រុមហ៊ុនអាមេរិក BlackRock Inc. ដើម្បីលក់កំពង់ផែនៅក្នុងប្រទេសប៉ាណាម៉ា និងនៅទីកន្លែងផ្សេងទៀតដែលបានធ្វើឱ្យក្រុមហ៊ុនរបស់គាត់ស្ថិតក្នុងដំណាក់កាលនៃការកើតមានភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ការលក់កំពង់ផែទាំងនេះត្រូវបានរំពឹងថា ក្រុមហ៊ុន CK Hutchison នឹងទទួលបានប្រាក់សុទ្ធជាង ១៩ពាន់លានដុល្លារនេះ៕