(ភ្នំពេញ)៖ ក្រុមហ៊ុន Amru Rice ក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC) និង សហព័ន្ធស្រូវអង្ករកម្ពុជា បានសហការរៀបចំសន្និសីទលើកទី៥ ស្តីពីកសិចំណីអាហារប្រកបដោយនិរន្តរភាព ដោយមានការចូលររួមពីអ្នកពាក់ព័ន្ធក្នុងវិស័យកសិកម្ម។

សន្និសីទនេះ មានគោលដៅលើកកម្ពស់ការអនុវត្តកសិកម្មប្រកបដោយភាពច្នៃប្រឌិត ភាពធន់ និងនិរន្តរភាព ដោយប្រមូលផ្ដុំអ្នកជំនាញជាតិ និងអន្តរជាតិ មកពីស្ថាប័នឯកជន រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា។

ការពិភាក្សាផ្ដោតទៅលើការអនុលោមតាមគុណភាពចំណីអាហារសុវត្ថិភាព ទំនាក់ទំនងទីផ្សារ និងនិន្នាការទីផ្សារបច្ចុប្បន្ន និងយន្តការហិរញ្ញប្បទាន ដែលផ្ដោតសំខាន់ លើហិរញ្ញប្បទានបៃតង និងការកាត់បន្ថយការបំភាយឧស័ន្មកាបូនិក ក៏ដូចជាការបញ្ចូលគោលការណ៍ប-រិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ក្នុងភាពជាដៃគូសាធារណៈ និងឯកជនសម្រាប់សន្តិសុខស្បៀងប្រកបដោយនិរន្តរភាព។

សន្និសីទនេះ មានការចូលរួមពីអ្នកជំនាញជាតិ និងអន្តរជាតិមកពីវិស័យឯកជន រដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ប្រមាណជា ៣៥០នាក់ ក្រោមប្រធានបទ «អភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង៖ នវានុវត្តន៍ និងបរិវត្តកម្មស្បៀងអាហារកសិកម្មប្រកបដោយនិរន្តរភាព»។

លោកឧកញ៉ា សុង សារ៉ន នាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុន Amru Rice បានថ្លែងថា «ខ្លឹមសារនៃកិច្ចប្រជុំកំពូលឆ្នាំ២០២៥នេះ បន្តពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការជាមួយកសិកររបស់ពួកយើង អ្នកពាក់ព័ន្ធក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ និងអតិថិជន។ យើងផ្សារភា្ចប់កសិកររបស់យើងឱ្យកាន់តែខិតជិតទៅនឹងទីផ្សារ ហើយធានាថាពួកគេរស់នៅក្នុងជីវភាពមួយ លើសពីការដាំដុះស្រូវតែមួយមុខ»។

លោកបណ្ឌិត ម៉ី កល្យាណ ប្រធានក្រុមប្រឹក្សាភិបាល CACC បានថ្លែងថា «ប្រព័ន្ធកសិកម្មកម្ពុជាកំពុងផ្លាស់ប្តូរ និងធ្វើដំណើរឆ្ពោះទៅរកការផលិតចំណីអាហារដែលមានស្តង់ដារខ្ពស់ ហើយមានការទទួលស្គាល់ពីទីផ្សារអន្តរជាតិ។ នេះគឺជាចក្ខុវិស័យ វែងឆ្ងាយរបស់ពួកយើងក្នុងវិស័យកសិកម្ម ។ ការណ៍នេះ ទាមទារឱ្យអ្នកពាក់ព័ន្ធនានា នៅក្នុងប្រព័ន្ធខ្សែសង្វាក់ ប្រកាន់ខ្ជាប់ ជាចក្ខុវិស័យរួម ធ្វើការងាររួមគ្នា និងសហការសម្របសម្រួល ដើម្បីបង្កើនប្រាក់ចំណូលរបស់កសិករ សម្រួលអាជីវកម្មរបស់ពួកគាត់ និងបង្កើតទំនាក់ទំនងល្អក្នុងសង្គម។ ដើម្បីសម្រេចបាននូវគោលដៅនេះ យើងត្រូវតែដាក់បញ្ចូលនូវ លក្ខខណ្ឌ ESG ទៅក្នុងប្រព័ន្ធផលិតកម្មរបស់យើង។ យើងក៏ត្រូវខិតខំប្រឹងប្រែងទាំងអស់គ្នា ដើម្បីពន្យល់ពីគំនិតនេះជាភាសាខ្មែរ ដោយងាយយល់ និងសាមញ្ញដល់កសិករទាំងអស់របស់យើង ដែលជាជនជាតិខ្មែរ»

លោកឧកញ៉ា ចាន់ សុខឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងថា «កសិ-អាហារប្រកបដោយនិរន្តរភាព រួមមានការផលិតស្រូវប្រកបដោយនិរន្តរភាព គឺជាជំហានដ៏សំខាន់សម្រាប់ផលិតផលកសិកម្មកម្ពុជាដើម្បីបំពេញតម្រូវការទីផ្សារ និងកាត់បន្ថយផលប៉ះពាល់បណ្តាលមកពីបញ្ហាបម្រែបម្រួលអាកាសធាតុ។ សន្និសីទឆ្នាំ ២០២៥នេះ ក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់តួអង្គពាក់ព័ន្ធនានានៅកម្ពុជា និងដើម្បីប្រមូលធាតុចូលទៅក្នុងយុទ្ធសាស្ត្រដើម្បីលើកទឹកចិត្តដល់ ឧស្សាហកម្មស្រូវ និងឧស្សាហកម្មពាក់ព័ន្ធនឹងកសិកម្មផ្សេងទៀត ឱ្យទទួលយកការអនុវត្តការធ្វើកសិកម្ម ប្រកបដោយនិរន្តរភាពនៅកម្ពុជា»។

សន្និសីទនេះ បានដោះស្រាយបញ្ហាសកលដែលកំពុងកើតមាន រួមទាំងតម្រូវការកើនឡើងនៅទីផ្សារអន្តរជាតិ ការអនុលោមតាមបទប្បញ្ញត្តិដែលបន្តមានការវិវត្តទៅមុខ និងភាពចាំបាច់ក្នុងការអនុវត្តវិធីសាស្រ្តកសិកម្មស្តារប្រព័ន្ធអេកូឡូស៊ីដែលរួមចំណែកស្តារជីវជាតិ ស្ថានភាពដី និងជីវចម្រុះនានា៕