(តូក្យូ)៖ ក្រុមហ៊ុន Toyota នឹងបន្តរក្សាដំណើរការប្រតិបត្តិការរបស់ខ្លួន ដូចដែលខ្លួនបានធ្វើ និងផ្តោតលើការកាត់បន្ថយការចំណាយថេរ, នេះបើតាមក្រុមហ៊ុន បានឱ្យដឹងនៅថ្ងៃចន្ទ ដោយមិនបង្ហាញពីចេតនាណាមួយ ក្នុងការដំឡើងតម្លៃរថយន្ត ជាការឆ្លើយតបនឹងពន្ធគយ របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ឡើយ។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជប៉ុន បានចេញផ្សាយនៅថ្ងៃចន្ទថា ក្រុមហ៊ុនផលិតរថយន្តធំជាងគេបំផុតរបស់ជប៉ុននេះ មិនមានគម្រោងដំឡើងថ្លៃរថយន្ត ដែលលក់នៅសហរដ្ឋអាមេរិកនោះទេ សម្រាប់ពេលនេះ បើទោះបីជាមានការយកពន្ធ២៥ភាគរយ របស់លោក Trump លើការនាំចូលរថយន្តទូទាំងពិភពលោក ដែលនឹងមានប្រសិទ្ធភាព ចាប់ពីថ្ងៃទី៣ ខែមេសាខាងមុខ។

«ស្របពេលដែលកំពុងតាមដាន យ៉ាងយកចិត្តទុកដាក់ ពីការវិវឌ្ឍពីសហរដ្ឋអាមេរិក រួមទាំងពន្ធគយនោះ យើងនឹងបន្តធ្វើការលើការកាត់បន្ថយការចំណាយថេរ និងរក្សាប្រតិបត្តិការបច្ចុប្បន្នរបស់យើង សម្រាប់ពេលបច្ចុប្បន្ន», អ្នកនាំពាក្យមួយរូបរបស់ Toyota បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។

សូមជម្រាបថា ក្នុងឆ្នាំ២០២៤ សហរដ្ឋអាមេរិក គឺជាទីផ្សារធំជាងគេបំផុតរបស់ក្រុមហ៊ុន Toyota នៅទូទាំងពិភពលោក ជាមួយនឹងបរិមាណរថយន្ត២.៣លានគ្រឿង៕