(ភ្នំពេញ)​៖ កម្ពុជាត្រូវបានរំពឹងថា នឹងរក្សាបាននូវគន្លងកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ក្នុងឆ្នាំ ២០២៥ និង២០២៦ ជំរុញដោយតម្រូវការក្រៅស្រុកលើមុខទំនិញកម្មន្តសាល និងការបន្តងើបឡើងវិញនៃវិស័យទេសចរណ៍។ នេះបើយោងតាមរបាយការណ៍សេដ្ឋកិច្ច របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលចេញផ្សាយថ្មីៗនេះ។ របាយការណ៍នេះ ត្រូវបានបង្ហាញនៅក្នុងកម្មវិធីផ្សព្វផ្សាយជំពូក ស្តីពីកម្ពុជានៃទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥។

របាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ខែមេសា ឆ្នាំ ២០២៥ ប៉ាន់ប្រមាណថា ផលិតផលក្នុងស្រុកសរុបនឹងកើនឡើង ៦.១% ក្នុងឆ្នាំ២០២៥ និង៦.២% ក្នុងឆ្នាំ២០២៦ បន្ទាប់ពីបានកើនឡើង ៦.០% ក្នុងឆ្នាំ២០២៤។ ប៉ុន្តែទស្សនវិស័យនេះ អាចប្រឈម ហានិភ័យអវិជ្ជមាននៃភាពមិនប្រាកដប្រជាជាសកលមានដូចជា គោលនយោបាយពាណិជ្ជកម្ម នៅសហរដ្ឋអាមេរិក អស្ថិរភាពនៃវិស័យអចលនទ្រព្យ របស់សាធារណរដ្ឋប្រជាមានិតចិន និងភាពតានតឹងនៃភូមិសាស្រ្តនយោបាយ ដែលប៉ះពាល់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់។

ការព្យាករនេះ ត្រូវបានធ្វើឡើងមុនការប្រកាស របបពន្ធគយថ្មីនៃរដ្ឋបាលសហរដ្ឋអាមេរិក កាលពីថ្ងៃទី២ ខែមេសា ហើយការព្យាករជាមូលដ្ឋាននេះ គឺឆ្លុះបញ្ចាំងរបបពន្ធ ដែលបានអនុវត្ត ត្រឹមខែមីនា ឆ្នាំ២០២៥ ប៉ុណ្ណោះ។ ប៉ុន្តែ ADO ខែមេសា ឆ្នាំ២០២៥ ក៏បានវិភាគអំពីផលប៉ះពាល់ លើកំណើននៅទូទាំង អាស៊ី និងប៉ាស៊ីហ្វិក ដែលអាចកើតមានដោយសារ ការដំឡើងពន្ធគយ។

នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB លោកស្រី Jyotsana Varma បានថ្លែងថា «ទស្សនវិស័យសេដ្ឋកិច្ចវិជ្ជមានសម្រាប់ប្រទេសកម្ពុជាក្នុងឆ្នាំ ២០២៥ និង២០២៦ ឆ្លុះបញ្ចាំងពីសក្តានុពល នៃភាពធន់ និងភាពរឹងមាំរបស់ប្រទេស។ ទោះបីជាភាពមិនប្រាកដប្រជា ជាសកលនៅតែបន្តក៏ដោយ ការវិនិយោគជាយុទ្ធសាស្រ្តលើហេដ្ឋារចនាសម្ព័ន្ធ ឌីជីថលសាធារណៈ និងការអភិវឌ្ឍមូលធនមនុស្សនឹងមានសារៈសំខាន់ សម្រាប់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើតនូវកម្លាំងជំរុញថ្មីសម្រាប់កំណើនប្រកបដោយនិរន្តរភាព»

ផលិតផលឧស្សាហកម្មត្រូវបានព្យាករថា នឹងកើនឡើង ៩,៣% ក្នុងឆ្នាំ ២០២៥ និង ២០២៦ នាំមុខដោយដំណើរការដ៏រឹងមាំនៃវិស័យកម្មន្តសាលវាយនភ័ណ្ឌ និង វិស័យកម្មន្តសាលក្រៅពីវាយនភ័ណ្ឌ។ កំណើនក្នុងវិស័យសេវាកម្មត្រូវបានរំពឹងថា នឹងបន្តក្នុងអត្រា ៤.៤% បើទោះបីជាសកម្មភាពនៃវិស័យអចលនទ្រព្យនៅទន់ខ្សោយក៏ដោយ។

ប្រាក់ចំណូលពីវិស័យទេសចរណ៍ត្រូវបានព្យាករថា នឹងកើនឡើងក្នុងកម្រិតមធ្យម ជាមួយនឹងការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិ ជាពិសេសពីតំបន់អាស៊ីអាគ្នេយ៍ ដែលកំពុងបន្តកើនឡើង។

របាយការណ៍នេះ ក៏បានរំលេច អន្តរកម្មឌីជីថល ថាជាអាទិភាពគោលនយោបាយគន្លិះដើម្បីជំរុញកំណើនរយៈពេលវែង។ ទោះបីជាអន្តរកម្មឌីជីថល នឹងត្រូវបានជំរុញដោយវិស័យឯកជន អ្នកធ្វើគោល នយោបាយ ត្រូវតែបង្កើតបរិយាកាសដើម្បីគាំទ្រដំណើរការនេះ។

កម្ពុជាបានធ្វើឱ្យប្រសើរឡើងនូវចំណាត់ ថ្នាក់របស់ខ្លួន នៅក្នុងសន្ទស្សន៍អភិវឌ្ឍន៍រដ្ឋាភិបាលឌីជីថល (United Nations’ e-Government Development Index) របស់អង្គការសហប្រជាជាតិ ពីលេខ ១៥៥ ក្នុងឆ្នាំ ២០១២ មកលេខ ១២០ ក្នុងឆ្នាំ ២០២៤ ប៉ុន្តែក៏នៅមានចន្លោះប្រហោង ជាពិសេសការផ្តល់សេវាកម្មសាធារណៈអនឡាញនិង ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដូចជា អតសញ្ញាណឌីជីថលជាក់លាក់ដែលទទួលស្គាល់ទូទៅ (universal unique digital IDs) បណ្តាញអ៊ីនធឺណិតល្បឿនលឿន មជ្ឈមណ្ឌលទិន្នន័យ សុវត្ថិភាពអ៊ីនធឺណិត និងមជ្ឈមណ្ឌលនវានុវត្តន៍ឌីជីថល។ ការវិនិយោគបន្ថែមលើមូលធនមនុស្សនឹងរក្សានិរន្តរភាពកំណើន តាមរយៈការបង្កើនផលិតភាពសេដ្ឋកិច្ច៕