(ភ្នំពេញ)៖ នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB លោកស្រី Jyotsana Varma នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥នេះ បានបញ្ជាក់ឲ្យដឹងថា ការតំឡើងពន្ធអាមេរិកទំនិញ មកកាន់ប្រទេសកម្ពុជា មិនទាន់អាចកំណត់បានថា កម្ពុជាជួបបញ្ហាប៉ុនណាទេ ប៉ុន្ដែ ABD បានត្រៀមខ្លួនរួចរាល់ ក្នុងការជួយគាំទ្រជាមួយរាជរដ្ឋាភិបាលកម្ពុជា។
ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកស្រី Jyotsana Varma អញ្ជើញចូលរួម ក្នុងកម្មវិធីផ្សព្វផ្សាយជំពូក ស្តីពីកម្ពុជានៃទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) នានិវាសដ្ឋានបេសកកម្ម ប្រចាំកម្ពុជា នៃធនាគារអភិវឌ្ឍន៍អាស៊ី នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥នេះ។
លោកស្រី Jyotsana Varma បានបញ្ជាក់ថា «មានសំនួរជាច្រើន បានសួរពាក់ព័ន្ធនឹងការ ដំឡើងពន្ធអាមេរិក [...] ស្ថានភាពគឺវានៅមាន ការវិវត្ដនៅឡើយទេ ហើយមិនមែនមានន័យថា យើងអាចកំណត់តួរលេខមួយ ជាក់លាក់បានទេ ហើយនិយាយថា វាមានប៉ះពាល់យ៉ាងណានោះទេ យើងកំពុងតែឃ្លាំងមើល និងបន្ដវាយតម្លៃ»។
ជាមួយគ្នានេះ លោកស្រី Jyotsana Varma បានឲ្យដឹងទៀតថា យើងដឹងហើយថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់សំណើរ ដើម្បីចរចារជាមួយនឹងសហរដ្ឋអាមេរិក ដូច្នេះយើងនឹងពិនិត្យមើល ថាតើវាមានដំណើរការយ៉ាងដូចម្ដេច តទៅមុខទៀត។
នាយិកា ADB ប្រចាំកម្ពុជា បានលើកឡើងថា «នាពេលបច្ចុប្បន្ននេះ យើងមើលឃើញថា វានឹងមានផលប៉ះពាល់អវិជ្ជមាន ប៉ុន្ដែអវិជ្ជមានប៉ុនណា ក៏យើងមិនទាន់អាចដឹងនោះទេ តែអ្វីដែលបារម្ភ វាអាចប៉ះពាល់ដល់ប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋងាយរងគ្រោះ»។
ស្របពេលជាមួយគ្នានេះ នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB បានបង្ហាញនូវភាពជឿជាក់ទៅលើភាពធន់ នៃគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចបវធិបតី ហ៊ុន ម៉ាណែត ដែលមានការឆ្លើយតប ប្រកបដោយភាពចាស់ទុំ។
លោកស្រី Jyotsana Varma បានថ្លែងថា «ខ្ញុំក៏សូមសង្កត់ធ្ងន់ផងដែរថា ADB បានត្រៀមខ្លួនរួចរាល់ ក្នុងការគាំទ្រកម្ពុជា លើគ្រប់វិធី ដែលយើងឃើញហើយថា យុទ្ធសាស្ដ្រភាពជាដៃគូប្រចាំប្រទេស ដែលបានប្រកាសផ្សព្វផ្សាយ នៅឆ្នាំកន្លងទៅ ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា»។
សូមបញ្ជាក់ថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ បានផ្ញើលិខិតទៅលោក Donald J. Trump ប្រធានាធិបតីនៃសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការស្នើចរចា លើការអនុវត្តពន្ធលើការនាំចេញរបស់កម្ពុជា ទៅកាន់សហរដ្ឋអាមេរិក ដែលឆ្លើយតបនឹងសេចក្តីជូនដំណឹងរបស់អាមេរិក នៅថ្ងៃទី២ ខែមេសា។
សូមរំលឹកថា នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ដែលត្រូវនឹងថ្ងៃទី២ ខែមេសា នៅសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានសម្រេចកំណត់ពន្ធគយលើទំនិញនាំចូលពីកម្ពុជា ប្រមាណ៤៩% ដែលកម្រិតខ្ពស់មួយ។
បើតាមលោកត្រាំ ការដំឡើងពន្ធនេះ នឹងចូលជាធរមាននៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះ។
តាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា នៅឆ្នាំ២០២៤ កម្ពុជា-អាម៉េរិក សម្រេចបានទំហំពាណិជ្ជកម្ម ១០.១៨ពាន់លានដុល្លារ កើនឡើង១១.២% ក្នុងនោះ កម្ពុជានាំចេញទៅអាម៉េរិក ក្នុងតម្លៃ ៩.៩ពាន់លានដុល្លារ កើនឡើង ១១.៤% ខណៈអាម៉េរិកនាំចូលកម្ពុជាវិញ ក្នុងតម្លៃ ២៦៤.១៤លានដុល្លារ៕