(ភ្នំពេញ)៖ អ្នកជំនាញសេដ្ឋកិច្ច និងទេសចរណ៍ បានបង្ហាញការគាំទ្រចំពោះវិធានការ ក្នុងការបញ្ចប់វប្បធម៌ទទួលលុយពីភ្ញៀវដែលមកដល់ព្រលានយន្តហោះ និងជំរុញការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីកេរ្តិ៍របស់កម្ពុជា។

ការលើកឡើងរបស់ អ្នកជំនាញសេដ្ឋកិច្ច និងទេសចរណ៍ បន្ទាប់ពីវីដេអូអប់រំ និងណែនាំពីការបញ្ចប់វប្បធម៌ទទួលលុយពីភ្ញៀវដែលមកដល់ព្រលានយន្តហោះ ដោយមិនអនុញ្ញាតឱ្យនគរបាលពិនិត្យលិខិតឆ្លងដែននៅព្រលានយន្តហោះភ្នំពេញទទួលលុយពីភ្ញៀវបរទេសឡើយ។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភា បានកត់សម្គាល់ឃើញថា វប្បធម៌ទារលុយពីភ្ញៀវនៅតាមព្រលានយន្តហោះនេះ បានកើតឡើងជាច្រើនឆ្នាំមក ដែលធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះកម្ពុជា និងធ្វើឱ្យកម្ពុជាបាត់បង់នូវកិត្យានុភាព។ ហើយករណីនេះ កន្លងមកក៏មានភ្ញៀវបរទេសមួយចំនូនក៏ធ្លាប់ផ្សព្វផ្សាយផងដែរ។

លោកបានលើកឡើងថា ការបញ្ចប់វប្បធម៌ទទួលលុយពីភ្ញៀវដែលមកដល់ព្រលានយន្តហោះ គឺជាវិធានការមួយល្អ ស្របពេលប្រទេសជិតខាង ដែលមានការអភិវឌ្ឍន៍ប្រហាក់ប្រហែលនឹងកម្ពុជា និងបណ្តាប្រទេសផ្សេងៗនៅទ្វីបអឺរ៉ុប គឺនគរបាល ឬប៉ូលីសប្រចាំការ គឺមិនតម្រូវ ឬមិនអើពើចំពោះការយកលុយទីបពីភ្ញៀវនេះឡើយ ព្រោះវាជាទម្លាប់មិនល្អ ធ្វើឱ្យប៉ះដល់មុខមាត់ប្រទេសជាតិ និងមិនល្អចំពោះក្រសែភ្នែកភ្ញៀវទេសចរអន្តរជាតិ ដែលពួកគាត់បានធ្វើដំណើរទៅច្រើនប្រទេស ហើយមិនដែលជួបប្រទះ នូវការទារលុយពីភ្ញៀវនៅព្រលានយន្តហោះបែបនេះ។

លោកបន្តថា ជាមួយគ្នានេះ វាក៏បណ្តុះនូវទម្លាប់មិនល្អសម្រាប់មន្រ្តីនគរបាលដទៃទៀតផងដែរ ដែលធ្វើឱ្យមន្រ្តីប៉ូលីសដែលមិនទទួលបានចំណូលខាងក្រៅ ធ្វេសប្រហែសជាមួយនឹងការងាររបស់ខ្លួន។

លោកជំរុញឱ្យពិនិត្យបន្ថែមលើការអនុវត្តវិធានការនេះ ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីជៀសវាងការអនុវត្តទៅមិនមានប្រសិទ្ធភាព ព្រោះបើលុបបំបាត់បាននឹងធ្វើឱ្យភ្ញៀវទេសចរដែលមកកម្ពុជា មានភាពសប្បាយចិត្ត និងពេញចិត្ត ដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិ និងសេដ្ឋកិច្ចកាន់តែរីកចម្រើន។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ី បាស៊ីហ្វិក (PATA) បានបង្ហាញការគាំទ្រចំពោះការចេញវីដេអូអប់រំ ក្នុងការបញ្ចប់វប្បធម៌ទទួលលុយពីភ្ញៀវដែលមកដល់ព្រលានយន្តហោះ។ តែយ៉ាងនេះ ក្តីលោកជំរុញឱ្យការអនុវត្តជាក់ស្តែងឱ្យមានប្រសិទ្ធភាព ទប់ស្កាត់បាននូវករណីនេះ ដើម្បីផលប្រយោជន៍ជាតិ មិនប៉ះពាល់ដល់កេរ្តិឈ្មោះជាតិ។

លោកសង្កេតឃើញឃើញថា កន្លងមកករណីនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កេរ្តិ៍ឈ្មោះកម្ពុជា ស្របពេលដែលមានមនុស្សតែម្នាក់ ឬ២នាក់ប៉ុណ្ណោះ ដែលទទួលបានផលប្រយោជន៍ ប៉ុន្តែបែរជាធ្វើឱ្យកម្ពុជាទាំងមូលមានកេរ្តិ៍ឈ្មោះមិនល្អ៕