(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគ ក្នុងភូមិភាគឦសាន្ត បានថ្លែងផ្សព្វផ្សាយអំពីឱកាស និងសក្តានុពលនៃវិស័យអាទិភាពទាំង៣ ដែលទទួលបានការលើកទឹកចិត្ត និងសម្របសម្រួលជាកញ្ចប់ពី រាជរដ្ឋាភិបាលជូនដល់វិនិយោគិន មានបំណងចង់បណ្តាក់ទុនវិនិយោគនៅខេត្តភូមិភាគឦសាន្ត។

វិស័យទាំង៣នោះរួមមាន វិស័យកសិកម្ម កសិឧស្សាហកម្ម និងទេសចរណ៍ ហើយចំពោះខេត្តទាំង៤ ដែលត្រូវបានជំរុញ និងលើកទឹកចិត្ត ក្នុងការវិនិយោគនោះរួមមាន ខេត្តក្រចេះ,​ ខេត្តស្ទឹងត្រែង, ខេត្តរតនគីរី និងមណ្ឌលគីរី។

ការលើកឡើងរបស់បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ធ្វើឡើងក្នុងកម្មវិធីចុះបញ្ជីលក់សញ្ញាបណ្ណបៃតងជាផ្លូវការ របស់ក្រុមហ៊ុន ស្នេថេក ដាយណាមិក ឯ.ក] នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥។

បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានថ្លែងឲ្យដឹងថា កាលពីប៉ុន្មានថ្ងៃមុននេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសដាក់ចេញនូវការជំរុញការវិនិយោគតាមបណ្ដាលខេត្តភូមិភាគឦសាន្ត។ ចំពោះកម្មវិធីនេះជាកម្មវិធីពិសេសមួយ ព្រោះថា ការជំរុញការវិនិយោគនៅខេត្តចំនួន៤រួមមាន ខេត្តក្រចេះ,​ ខេត្តស្ទឹងត្រែង, ខេត្តរតនគីរី និងមណ្ឌលគីរី ដោយពឹងផ្អែកលើវិស័យចំនួន ៣រួមមាន វិស័យកសិកម្ម កសិឧស្សាហកម្ម និងទេសចរណ៍។

បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានបន្ដថា កម្មវិធីនេះពិតជាពិសេសបំផុតត្រង់ថា រាជរដ្ឋាភិបាលបានដោះស្រាយបញ្ហាជាកញ្ចប់មានន័យថា គ្រប់រឿងទាំងអស់ដែលដោះស្រាយ ដល់វិនិយោគិន ដែលមានបំណងគិតលើទៅលើការវិនិយោគ ក្នុងខេត្តទាំង៤នេះ ដោយចាប់ផ្ដើមពីរឿងពន្ធ ការគិតគូររឿងទុនតាមរយៈធនាគារផងដែរ។

បណ្ឌិតសភាចារ្យបានបញ្ជាក់ថា ក្នុងនោះនឹងមានការសម្របសម្រួល ជាពិសេសលើការកិច្ចការរដ្ឋបាល កិច្ចការពន្ធដារ ដែលខុសអំពីការវិនិយោគធម្មតា ដោយក្នុងនោះនឹងមានក្រុមការងារ ជួយសម្រប់សម្រួល គិតគូរ ដឹកដៃ ជួបគ្នាធ្វើកិច្ចការនានា ក្រុមការងារនឹងស្ម័គ្រចិត្តដោះស្រាយនូវរាល់បញ្ហាទាំងអស់ ឲ្យតែអ្នកវិនិយោគនោះស្ម័គ្រចិត្ត ក្នុងការវិនិយោគនៅក្នុងខេត្តទាំង៤ និងទាំង៣ វិស័យខាងលើ។

សូមជម្រាបថា ថ្មីៗនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេច ប្រកាសដាក់ឱ្យអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨»។

ដើម្បីលើកទឹកចិត្តដល់ការវិនិយោគ ក្រោម «កម្មវិធីពិសេស» នេះ, រាជរដ្ឋាភិបាល នឹងផ្ដល់ការគាំទ្រតាមរយៈវិធានការសំខាន់ៗចំនួន ៣ ប្រភេទ រួមមាន៖ ទី១) វិធានការផ្នែកពន្ធដារ និងពន្ធគយ, ទី២) ការ​ផ្តល់​ហិរញ្ញប្បទាន ក្រោមអត្រាការប្រាក់សមរម្យ, និងទី៣) ការជួយ​កាត់​បន្ថយថ្លៃដើមផលិតកម្ម, ការសម្រួលនីតិវិធី និងការគាំទ្រស​កម្ម​ភាព​វិនិយោគឯកជន។

វិធានការទាំងនេះ នឹងត្រូវអនុវត្តចំពោះ​គម្រោង​វិនិយោគ ឬសកម្មភាពធុរកិច្ច ដែលត្រូវបានចុះបញ្ជីជាគម្រោងវិនិ​យោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ.), គម្រោងពង្រីកនៃ គ.ល.គ. ដែលមានស្រាប់, គម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ច របស់​សហគមន៍កសិកម្មទំនើប និងគម្រោងវិនិយោគ ឬសកម្មភាពធុរ​កិច្ចរបស់សហគមន៍ទេសចរណ៍ ដែលត្រូវចាប់ផ្តើមដំណើរការពីឆ្នាំ ២០២៥ ដល់ ២០២៨៕