(ភ្នំពេញ)៖ បណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានថ្លែងថា វិស័យឯកជននៅកម្ពុជា គួរតែចាប់ផ្តើមស្វែងរកកាលានុវត្តភាពសេដ្ឋកិច្ច ជាមួយបណ្តាប្រទេសជាច្រើនទៀត ជំរុញឱ្យកម្ពុជាមានឯករាជ្យភាពសេដ្ឋកិច្ច ដោយមិនពឹងផ្អែកតែប្រទេសធំៗមួយ ឬ២នោះឡើយ។

លោកលើកឡើងបែបនេះ ធ្វើឡើងនៅក្នុង កម្មវិធី FRESH BUSINESS​ ពិភាក្សាលើប្រធានបទ៖ «ឥទ្ធិពលអន្តរជាតិ លើការអភិវឌ្ឍនសេដ្ឋកិច្ចរបស់កម្ពុជា»។ ​

លោកបណ្ឌិត ឆេង គឹមឡុង បានថ្លែងថា កម្ពុជាត្រូវតែចាប់ផ្ដើមធ្វើទំនាក់ទំនងជជែក កាលានុវត្តភាព វិនិយោគធុរកិច្ចជាមួយដៃគូជាច្រើនទៀត ក្រៅអំពីសហរដ្ឋអាមេរិក ក្នុងនោះរួមមាន ប្រទេសជប៉ុន, កូរ៉េ ចិន ព្រោះថា កម្ពុជាក្រៅអំពីអង្ករ យើងមានទំនិញនាំចេញច្រើនដូចជា ស្វាយចន្ទី កៅស៊ូជាដើម។

លោកបណ្ឌិតបានបញ្ជាក់ថា ការស្វែងរកទំនាក់ទំនងនេះ ពិតជាសំខាន់ណាស់ ត្រូវធ្វើយ៉ាងណាឲ្យគេមក មិនមែនដេកចាំឲ្យគេមកទេ ក្រោមការជួយជ្រោមជ្រែងជាមួយរដ្ឋាភិបាល។ ក្នុងស្រុកត្រូវតែកសាងមូលដ្ឋានគ្រឹះ កម្លាំងពលកម្ម ត្រូវមានជំនាញច្រើន មិនគួរលើកទឹកចិត្តតែលើការធ្វើការតែក្រៅប្រទេសនោះទេ ចំពោះអ្នកធ្វើការនៅក្រៅប្រទេស សូមត្រឡប់មកវិញដោយនាំមកនូវ បទពិសោធន៍ទាំងនោះមកកសាង​ជាមូលដ្ឋានគ្រឹះ សម្រាប់ពង្រីកមូលដ្ឋាគ្រឹះជំនាញក្នុងស្រុក ក្រោមការជួយទ្រទ្រង់ពីរដ្ឋាភិបាល។

លោកបណ្ឌិតបញ្ជាក់ថា ការស្រូបយកនូវចំណេះជំនាញ ការទំនាក់ទំនងលើវិស័យឯកជន ទំនាក់ទំនងជាមួយបណ្ដាប្រទេសផ្សេងកម្រិតរដ្ឋ និងជំរុញទាញយកនូវបច្ចេកវិទ្យា ទៅលើផ្នែកណាដែលកម្ពុជាគិតថា ជាផ្នែកយុទ្ធសាស្រ្ដ ជាផ្នែកដែលមានសក្ដានុពលសម្រាប់ បង្កើតការងារទាំងអស់។ កត្តាមួយទៀត គឺការជំរុញលើកទឹកចិត្តឲ្យប្រជាជនគិត ពីលទ្ធភាពក្លាយជាធុរជន ជំរុញឲ្យក្លាយជាសហគ្រិនដោយខ្លួនឯង៕