(ភ្នំពេញ)៖ ជីបម៉ុង គ្រុប គឺជាក្រុមហ៊ុនបង្កើតឡើងដោយកូនខ្មែរ ឈានមុខមួយនៅកម្ពុជា ដែលមានជំនួញជាច្រើន និងវិនិយោគស្ទើរគ្រប់វិស័យនៅកម្ពុជា រាប់ចាប់តាំងវិស័យសំណង់ អចលនទ្រព្យ ភេសជ្ជៈ ធនាគារ សណ្ឋាគារ ផ្សារទំនើប និងវិស័យកសិកម្មជាដើម។
ក្រុមហ៊ុននេះ បង្កើតឡើងដំបូងក្នុងឆ្នាំ១៩៨២ ដោយលោកអ្នកឧកញ៉ា ភាព ហៀក។ ក្នុងរយៈពេលជាង ៤០ឆ្នាំមកនេះ ក្រុមហ៊ុនដែលបង្កើតឡើងដោយកូនខ្មែរមួយនេះ នៅតែឈរជើងយ៉ាងរឹងមាំ និងមានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ១៣។
អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយក ជីប ម៉ុង បានឱ្យដឹងថា កត្តាដែលធ្វើឱ្យក្រុមហ៊ុន ជីប ម៉ុង ឈរជើងយ៉ាងរឹងមាំ និងបង្កើតនូវមុខជំនួញគ្របដណ្តប់លើវិស័យជាច្រើននៅកម្ពុជា ដោយថ្នាក់ដឹកនាំផ្តោតទៅលើកត្តា ៣ចំណុច ទី១. ធនធានមនុស្ស ទី២.ហិរញ្ញវត្ថុ និងទី៣. បច្ចេកវិទ្យា។
លោកបានពន្យល់ថា ធនធានមនុស្ស គឺជាកត្តាសំខាន់ដែលជំរុញឱ្យក្រុមហ៊ុនវិវឌ្ឍន៍ខ្លួនកាន់តែរីកចម្រើនជាលំដាប់។ ដូច្នេះហើយ ជីប ម៉ុង មានឆន្ទៈមួយក្នុងការបណ្តុះបណ្តាលកូនខ្មែរ បង្កើតនូវធនធានដែលមានជំនាញច្បាស់លាស់ មានគុណធម៌ និងក្រមសីលធម៌។
ជាមួយគ្នានេះ ការគិតគូរទៅផែនការហិរញ្ញវត្ថុ គឺជាកិច្ចការអទិភាពរបស់ក្រុមហ៊ុន។ បើទោះបីជា កើតមានវិបត្តិសេដ្ឋកិច្ចក៏ដោយ ក៏ក្រុមហ៊ុន ជីប ម៉ុង នៅតែបង្កើតមុខជំនួញថ្មីៗបាន។ នេះហើយធ្វើឱ្យក្រុមហ៊ុននេះ នៅបន្តឈរជើងបានយូរអង្វែង និងជំនះបានគ្រប់ឧបសគ្គ។
ទន្ទឹមគ្នានេះ ស្របដែលបច្ចេកវិទ្យាមានការរីកចម្រើន យ៉ាងឆាប់រហ័ស ក្រុមហ៊ុន ជីប ម៉ុង តែងតែគិតគូរជាចម្បង ទៅលើការអភិវឌ្ឍន៍បច្ចេកវិទ្យា៕
សូមស្តាប់ការពន្យល់បន្ថែមរបស់អ្នកឧកញ៉ា លាង ម៉េង៖