(ភ្នំពេញ)៖ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ បានបញ្ជាក់ឲ្យដឹងថា នៅក្នុងឆ្នាំ២០២៤កន្លងទៅនេះ ទំហំទីផ្សារធានារ៉ាប់រងកម្ពុជា មានការកើនឡើងដល់៣៥៧លានដុល្លារ នៃបុព្វលាភធានារ៉ាប់រងដុល ដោយមានទ្រព្យសកម្មសរុបប្រមាណ១.២ប៊ីលានដុល្លារអាម៉េរិក។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ប៊ូ ច័ន្ទភីរូ អញ្ជើញចូលរួមក្នុងវេទិកាចែករំលែកព័ត៌មាន អំពី «បច្ចុប្បន្នភាពនៃទីផ្សាធានារ៉ាប់រងនៅកម្ពុជា ជាមួយក្លិបអ្នកកាសែតកម្ពុជា» នៅសណ្ឋាគារ កាំបូឌីយ៉ាណា នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ។

លោក ប៊ូ ច័ន្ទភីរូ បានបញ្ជាក់យ៉ាងដូច្នេះថា «សម្រាប់ឆ្នាំ២០២៤ ទំហំទីផ្សារ [ទីផ្សារធានារ៉ាប់រង] កើនឡើងដល់ប្រមាណ៣៥៧លានដុល្លារអាមេរិក នៃបុព្វលាភធានារ៉ាប់រងដុល ដោយមានទ្រព្យសកម្មសរុបប្រមាណ ១.២ ប៊ីលានដុល្លារអាម៉េរិក, និងមានក្រុមហ៊ុនធានារ៉ាប់រងសរុបចំនួន៤០ កំពុងធ្វើប្រតិបត្តិការអាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជា»។

បន្ថែមពីនោះទៀត លោក ប៊ូ ច័ន្ទភីរូ បានបន្ដថា ក្រុមហ៊ុនធានារ៉ាប់រងទាំង៤០ក្រុមហ៊ុន ក្នុងនោះ មានក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន១៨, ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន១៤, ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន៧ និងក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន១។

ជាមួយគ្នានេះ ក៏មានក្រុមហ៊ុនផ្តល់សេវា គាំទ្រអាជីវកម្មធានារ៉ាប់រងមួយចំនួនផ្សេងទៀតផងដែរ រួមមាន៖ ក្រុមហ៊ុនភ្នាក់ងារធានារ៉ាប់រងចំនួន៤០, ក្រុមហ៊ុនជើងសាធានារ៉ាប់រងចំនួន ២០ និងក្រុមហ៊ុនវាយតម្លៃហានិភ័យធានារ៉ាប់រងចំនួន៤។ នេះជាការបញ្ជាក់បន្ថែម របស់អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា។

បើតាមលោក ប៊ូ ច័ន្ទភីរូ, ក្រោមការចង្អុលបង្ហាញជាប្រចាំរបស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា អាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ វិស័យធានារ៉ាប់រងកម្ពុជា បាននិងកំពុងរីកចម្រើនយ៉ាង ឆាប់រហ័សគួរឱ្យកត់សម្គាល់ ដោយសម្រេចបានកំណើនទីផ្សារធានារ៉ាប់រង ក្នុងអត្រាជាមធ្យមប្រមាណ២០% ក្នុងរយៈពេល១០ឆ្នាំចុងក្រោយ។

លោកបានឲ្យដឹងថា ទីផ្សារធានារ៉ាប់រងកម្ពុជា មានផលិតផលធានារ៉ាប់រងគ្រប់ប្រភេទ ដូចជា៖ ផលិតផលធានារ៉ាប់រងអាយុជីវិត, ធានារ៉ាប់រងសុខភាព, ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល, ធានារ៉ាប់រងទ្រព្យសម្បត្តិ, ធានារ៉ាប់រងវិស្វកម្មធានារ៉ាប់រងភារៈទទួលខុសត្រូវជាកាតព្វកិច្ចលើយានយន្ត, ការដឹកជញ្ជូនអ្នកដំណើរ, និងការដ្ឋានជាដើម រហូតដល់មានធានារ៉ាប់រងខ្នាតតូច សម្រាប់ប្រជាពលរដ្ឋ ដែលមានចំណូលទាបផងដែរ។

លោក ប៊ូ ច័ន្ទភីរូ បានបញ្ជាក់ថា ផលិតផលទាំងនេះ ត្រូវបានចែកចាយផ្ទាល់ តាមរយៈបុគ្គលិកក្រុមហ៊ុនគ្រប់សាខា ជើងសារធានារ៉ាប់រង ភ្នាក់ងារធានារ៉ាប់រងទាំងរូបវន្តបុគ្គល និងនីតិបុគ្គល មានដូចជា ធនាគារជាដើម។ លើសពីនេះ ផលិតផលធានារ៉ាប់រង ក៏ត្រូវបានចែកចាយតាមប្រព័ន្ធអនឡាញផងដែរ ដូចជា ប្រព័ន្ធទូរសព្ទ គេហទំព័ររបស់ក្រុមហ៊ុន និង Platform ផ្សេងៗ។

ទន្ទឹមគ្នានេះ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានកត់សម្គាល់ថា យ៉ាងណាមិញ ក្នុងឆ្នាំ២០២៤ ប្រសិនបៀបធៀបនឹងទំហំសេដ្ឋកិច្ចជាតិ ទីផ្សារធានារ៉ាប់រងកម្ពុជា រួមចំណែកតែប្រមាណ១.១៣% ដោយមនុស្សម្នាក់ៗ ប្រើប្រាស់សេវាធានារ៉ាប់រងប្រមាណតែជាង២០ដុល្លារអាមេរិកប៉ុណ្ណោះ។

លោកបានលើកឡើងថា ការណ៍នេះ បានបង្ហាញឱ្យឃើញថា ទំហំទីផ្សារធានារ៉ាប់រងនៅកម្ពុជា នៅមានកម្រិតទាបបើធៀបនឹងបណ្តាប្រទេសក្នុងតំបន់ ដែលបណ្តាលមកពីកត្តាមួយ ចំនួនដូចជាកង្វះការយល់ដឹង របស់សាធារណជនអំពីអត្ថប្រយោជន៍នៃការធានារ៉ាប់រង និងកង្វះ ទំនុកចិត្តរបស់សាធារណជនមកលើសេវាធានារ៉ាប់រង។

ជាការពិត បញ្ជាទាំងនេះ ទាមទារឱ្យមាន ការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ដែលមាន និយ័តករធានារ៉ាប់រងកម្ពុជា ជាសេនាធិការ និងការចូលរួមពីសំណាក់ គ្រឹះស្ថាន ធានារ៉ាប់រង និងស្ថាប័នឬអង្គភាពពាក់ព័ន្ធទាំងអស់ ក្នុងការបញ្ជាបការយល់ដឹង ស្តីពីអត្ថប្រយោជន៍នៃការធានារ៉ាប់រង និងអក្ខរកម្មធានារ៉ាប់រងជូនសាធារណជន ឱ្យបានទូលំទូលាយ ដើម្បីកសាងទំនុកចិត្តរបស់សាធារណជនក្នុងការប្រើប្រាស់សេវាធានា រ៉ាប់រង។ នេះជាការគូសបញ្ជាក់ របស់លោក ប៊ូ ច័ន្ទភីរូ៕