(ភ្នំពេញ)៖ គិតត្រឹម​ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ តម្លៃមាសនៅលើទីផ្សារអន្តរជាតិ មានតម្លៃប្រមាណ ៣៣៥០ដុល្លារ ក្នុងមួយ​អោន ឬប្រមាណ ៤០ ៣៦ ដុល្លារក្នុងមួយតម្លឹងនៅកម្ពុជា។

បើធៀបជាមួយនឹង​​កាលពីម្សិលមិញតម្លៃមាស បានធ្លាក់ចុះប្រមាណជិត ២០០ដុល្លារក្នុងមួយតម្លឹង​ ដោយកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ តម្លៃមាសនៅលើទីផ្សារអន្តរជាតិ បានកើនឡើងដល់ ៣ ៤៩៩ ក្នុងមួយអោន ឬស្មើនឹង ៤ ២១៥ដុល្លារក្នុងមួយដំឡឹង។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន PP Link Securities បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ការធ្លាក់ចុះហាងឆេងមាសនៅថ្ងៃនេះ គឺដោយសារកាលពីពេលកន្លងមក ដោយមើលឃើញនិន្នាការនៃការឡើងថ្លៃមាស វិនិយោគិនធំៗបានប្រមូលមាសទិញ ​​ហើយបន្ទាប់ពីតម្លៃហាងឆេងមាសហក់ឡើងខ្ពស់ រហូតដល់ជាង ៤០០០ដុល្លារ ក្នុងមួយតម្លឹង បានជំរុញឱ្យវិនិយោគិនធំលក់មាសចេញ ស្របពេលដែលការបញ្ជាទិញមាសនៅថ្ងៃនេះ មានការធ្លាក់ចុះ។ លោកលើកឡើងថា នៅពេលដែលតម្លៃមាសធ្លាក់ចុះដល់កម្រិតមួយ ដែលគេប្រមូលទិញវិញ នោះនឹងធ្វើឱ្យតម្លៃចាប់ផ្តើមកើនឡើង​វិញ។

គេបានកត់សម្គាល់ ក្នុងមួយរយៈពេលចុងក្រោយនេះ តម្លៃមាសបានកើនឡើងជាបន្តបន្ទាប់ ជាពិសេសក្នុងរយៈពេលថ្ងៃមុន គឺថ្ងៃទី២១ និង២២ ខែមេសា តម្លៃមាសបានកើនឡើងដល់ជាង ៤២០០ដុល្លារក្នុងមួយតម្លឹង។ លោក ឡុង សំណាង បានលើកឡើងថា តម្លៃមាសកើនឡើងជាបន្តបន្ទាប់រយៈពេលចុងក្រោយនេះ ដោយសារសង្រ្គាមពន្ធ រវាងសហរដ្ឋអាមេរិក និងចិន និង​កត្តាប្រាក់ដុល្លារអាមេរិកចុះថ្លៃ ដោយសារគោលនយោបាយហិរញ្ញវត្ថុ របស់ធនាគារកណ្តាលសហរដ្ឋអាមេរិក​។ ​

លោក សុខ ហេង នាយកអភិវឌ្ឍន៍ធុរកិច្ច នៃក្រុមហ៊ុន GFGI បានលើកឡើងថា ប្រសិនបើសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាច មិនត្រូវបានដោះស្រាយ នោះតម្លៃហាងឆេងមាស នៅក្នុងត្រីមាសទី២នេះ នឹងហក់ឡើងដល់រង្វង់ ៤៥០០ដុល្លារ ក្នុងមួយតម្លឹង។

លោក សុខ ហេង យល់ថា សម្រាប់អ្នកដែលមានមាសក្នុងដៃ គួរតែចាំលក់ក្នុងតម្លៃ៤២០០ដុល្លារ ឬ៤៣០០ដុល្លារក្នុងមួយតម្លឹង យកចំណេញសិន និងទុកខ្លះសម្រាប់លក់ នៅពេលដែលឡើងដល់ ៤៥០០ដុល្លារក្នុងមួយតម្លឹង។

លោកបន្ថែមថា តម្លៃមាសឡើងឬចុះ គឺពិបាកក្នុងការព្យាករណ៍ ក្នុងករណីដែលអាមេរិក និងចិននៅបន្តតតាំងគ្នា នោះតម្លៃមាស នឹងកាន់តែកើនឡើង​៕