(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា និងសមាគមទូទាត់ជប៉ុន បានចុះហត្ថលេខាលើអនុស្សរណៈ យោគយល់ (MoU) ស្តីពី កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាម QR Code រវាង KHQR នៃប្រទេសកម្ពុជា និង JPQR នៃប្រទេសជប៉ុន។

កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតា QR Code រវាង KHQR នៃប្រទេសកម្ពុជា និងJPQR គ្រោងនឹងដាក់ឱ្យដំណើរការក្នុងឆមាសទី១ ឆ្នាំ២០២៥ ជាការដំណើរការដំណាក់កាលទី១។ អនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងក្នុងគោលបំណងបង្កើតក្របខណ្ឌតភ្ជាប់ប្រតិបត្តិការ ទូទាត់ឆ្លងដែនរវាងប្រទេសទាំងពីរ។

កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែន តាម QR Code រវាង KHQR និងJPQR នេះបែងចែកជា២ ដំណាក់កាល៖

ដំណាក់កាលទី១៖ ប្រជាជនកម្ពុជាដែលប្រើប្រាស់ប្រព័ន្ធបាគងអាចធ្វើការស្កេន JPQR សម្រាប់ការទូទាត់នៅប្រទេសជប៉ុនបាន។
ដំណាក់កាលទី២៖ ប្រជាជនជប៉ុនអាចស្តេន KHQR សម្រាប់ ការទូទាត់នៅប្រទេសកម្ពុជាបាន។

ដើម្បីអនុវត្តកិច្ចសហការនេះ ធនាគារជាតិនៃកម្ពុជាបានជ្រើសយកធនាគារ អេស៊ីលីដា ភីអិលស៊ី និងធនាគារ ស្ថាបនា ភីអិលស៊ី ជាធនាគារទំនាក់ទំនងនៅប្រទេសកម្ពុជា សម្រាប់ធ្វើការតភ្ជាប់ និងទូទាត់ឆ្លងដែន ជាមួយប្រទេសជប៉ុន រីឯសមាគមទូទាត់ជប៉ុនបានជ្រើសរើសស្ថាប័ន NETSTARS ជាប្រតិបត្តិករ ទូទាត់តាម QR Code ជាមួយភាគីកម្ពុជា។

ការណ៍នេះនឹងរួមចំណែកគាំទ្រ និងលើកកម្ពស់ប្រព័ន្ធទូទាត់ ឌីជីថលឱ្យកាន់តែទូលំទូលាយ បង្កើនសុវត្ថិភាពប្រតិបត្តិការ និងសម្រួល ដល់ការធ្វើប្រតិបត្តិការទូទាត់ ឆ្លងដែនបានកាន់តែងាយស្រួល សំដៅជំរុញកំណើនភ្ញៀវទេសចរ និងកាត់បន្ថយតម្រូវការប្តូររូបិយប័ណ្ណ ក្នុងអំឡុងពេលស្នាក់នៅប្រទេសកម្ពុជា ឬប្រទេសជប៉ុន។

ទន្ទឹមនេះម្ចាស់អាជីវកម្មក្នុងស្រុកទាំងខ្នាតធំ និងតូច ដែលធ្វើប្រតិបត្តិការទូទាត់ឆ្លងដែនតាម KHQR ក្នុងប្រទេសកម្ពុជា ឬ JPQR ក្នុងប្រទេសជប៉ុន នឹងទទួលបានអត្ថប្រយោជន៍បន្ថែម តាមរយៈការផ្តល់ជម្រើសប្រតិបត្តិការទូទាត់ដល់អតិថិជន។

លើសពីនេះ អាជីវករក៏អាចគ្រប់គ្រងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនបានកាន់តែងាយស្រួល ឆាប់រហ័ស មានតម្លៃ សមរម្យ និងប្រកបដោយសុវត្ថិភាពផងដែរ។

ជារួមប្រតិបត្តិការទូទាត់ឆ្លងដែននេះ នឹងចូលរួមជំរុញកំណើន ពាណិជ្ជកម្ម វិនិយោគ និងជាពិសេសទេសចរ សំដៅគាំទ្រ សំដៅគាំទ្រកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។

ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ខាងលើធ្វើឡើង ដោយផ្អែកលើ ក្របខណ្ឌអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ ថ្នាក់ជាតិ ដែលបានចុះហត្ថលេខាដោយធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្មនិងឧស្សាហកម្មនៃប្រទេសជប៉ុន កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន ដែលជាក្របខណ្ឌកិច្ចសហការទូទាត់ តាម QR Code ឆ្លងដែនរវាងប្រទេសកម្ពុជានិងប្រទេសជប៉ុន។

ធនាគារជាតិនៃកម្ពុជា និងសមាគមទូទាត់ជប៉ុន ធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូសហការក្នុង វិស័យសាធារណៈ និងឯកជន ព្រមទាំងស្ថាប័ន-អង្គភាពពាក់ព័ន្ធនៃប្រទេសទាំងពីរ ដើម្បីអនុវត្តការធ្វើ អន្តរប្រតិបត្តិការទូទាត់ឆ្លងដែនតាម QR Code រវាង KHQR និង JPQR ឱ្យបានជោគជ័យ។

ប្រតិបត្តិការទូទាត់ឆ្លងដែនតាម QR Code សម្រាប់ដំណាក់កាលទី១ គ្រោងនឹងដាក់ឱ្យដំណើរការក្នុងឆមាសទី១ ឆ្នាំ២០២៥ អមព្រឹត្តិការណ៍ តាំងពិព័រណ៍ពិភពលោក Osaka-Kansai Expo ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅនៅទីក្រុង អូសាកា ប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៣ ខែមេសា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ រីឯដំណាក់កាលទី២ គ្រោងដាក់ឱ្យដំណើរការនៅដំណាច់ឆ្នាំ២០២៥៕