(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ឲ្យដឹងថា រយៈពេល៣ខែ ពោលចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៥ ប់អាកាសយានដ្ឋានអន្តរជាតិទាំង៣ (ភ្នំពេញ-សៀមរាប-ព្រះសីហនុ) ទទួលបានអ្នកដំណើរជិត ២លាននាក់ កើនឡើងជាង១៩%។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ លោក ស៊ីន ចាន់សិរីវុត្ថា បានឲ្យដឹងថា គិតចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៥ (រយៈពេល៣ខែ) ស្ថានភាពវិស័យដឹកជញ្ជូនតាមផ្លូវអាកាស សម្រាប់អាកាសយានដ្ឋានអន្តរជាតិទាំង៣ (ភ្នំពេញ-សៀមរាប-ព្រះសីហនុ) មាន៖

* ជើងហោះហើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង១ម៉ឺនជើង (១៧,៤៣៤ជើង) មានការកើនឡើងជាង ១៩% បើធៀបទៅនឹងរយៈពេល៣ខែ ដូចគ្នាទៅនឹងឆ្នាំ២០២៤
* អ្នកដំណើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជិត២លាននាក់ (១,៩៦០,៦៣៥នាក់) មានការកើនឡើងជាង ១៩% បើធៀបទៅនឹងរយៈពេល៣ខែ ដូចគ្នាទៅនឹងឆ្នាំ២០២៤
* ទំនិញតាមផ្លូវអាកាស ចេញ-ចូល (ទ្វេទិស) មានចំនួនជិត២ម៉ឺនតោន (១៧,១៤៧ តោន) មានការកើនឡើង ១០% បើធៀបទៅនឹងរយៈពេល៣ខែ ដូចគ្នាទៅនឹងឆ្នាំ២០២៤

ដោយឡែកបើធៀបរយៈពេល ១ខែ ដូចគ្នា សម្រាប់តែ ខែមីនា ឆ្នាំ២០២៤ ធៀបទៅនឹង ខែមីនា ឆ្នាំ២០២៥ (ការប្រៀបធៀបសម្រាប់តែខែមីនា រវាង ឆ្នាំ២០២៤ និង ឆ្នាំ២០២៥) អាកាសយានដ្ឋានអន្តរជាតិទាំង៣ ទទួលបាន៖
* ជើងហោះហើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៥ ពាន់ជើង (៥,៨៥១ ជើង) មានការកើនឡើងជាង ១៦% បើធៀបទៅនឹងខែមីនា ឆ្នាំ២០២៤
* អ្នកដំណើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៦០ ម៉ឺននាក់ (៦២៧,៧៨៣ នាក់) មានការកើនឡើងជិត ១២% បើធៀបទៅនឹងខែមីនា ឆ្នាំ២០២៤
* ទំនិញតាមផ្លូវអាកាស (ទ្វេទិស) មានចំនួនជាង ៧ ពាន់តោន (៦,៣៥៨ តោន) មានការកើនឡើងជាង ៥% បើធៀបទៅនឹងខែមីនា ឆ្នាំ២០២៤

ដោយឡែកបើធៀបរយៈពេល ១ខែ ក្នុងឆ្នាំ២០២៥ រវាងខែកុម្ភៈ ឆ្នាំ២០២៥ និង ខែមីនា ឆ្នាំ២០២៥ (ខែកុម្ភៈ ឆ្នាំ២០២៥ ធៀបទៅនឹង ខែមីនា ឆ្នាំ២០២៥) អាកាសយានដ្ឋានអន្តរជាតិទាំង៣ ទទួលបាន៖
* ជើងហោះហើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៥ ពាន់ជើង (៥,៥៥៨ ជើង) មានការកើនឡើងជិត ៥% បើធៀបខែមីនា ទៅនឹងខែកុម្ភៈ ឆ្នាំ២០២៥
* អ្នកដំណើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៦០ ម៉ឺននាក់ (៦៤៩,១៦៤ នាក់) មានការថយចុះជាង ៣% (- ៣%) បើធៀបខែមីនា ទៅនឹងខែកុម្ភៈ ឆ្នាំ២០២៥
* ទំនិញតាមផ្លូវអាកាស (ទ្វេទិស) មានចំនួនជាង ៥ពាន់តោន (៥,០៤៥ តោន) មានការកើនឡើងជិត ២៦% បើធៀបខែមីនា ទៅនឹងខែកុម្ភៈ ឆ្នាំ២០២៥

ក្នុងអំឡុង ខែ០៣ (មីនា) ឆ្នាំ២០២៥ នេះ (គិតចាប់ពីថ្ងៃទី០១ ដល់ ៣១ ខែមីនា ឆ្នាំ២០២៥)៖
* ជើងហោះហើរ ចេញ-ចូល (ទ្វេទិស) ជាមធ្យមក្នុង១ថ្ងៃ នៅអាកាសយានដ្ឋានអន្តរជាតិទាំង៣មាន៖ មានក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិ ចំនួន ៣១ក្រុមហ៊ុន កំពុងធ្វើការហោះហើរ
* ចេញ-ចូល អាកាសយានដ្ឋានអន្តរជាតិទាំង៣ជាប្រចាំ ក្នុងនោះការហោះហើរចេញ-ចូល៖
* អាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានចំនួន ១៣៣ ជើង/ ថ្ងៃ (ទ្វេទិស)
* អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរមានចំនួន ៤៩ ជើង/ ថ្ងៃ (ទ្វេទិស)
* អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុមានចំនួន ៦ ជើង/ ថ្ងៃ (ទ្វេទិស)

សរុបជើងហោះហើរ ចេញ-ចូល (ទ្វេទិស) អាកាសយានដ្ឋានអន្តរជាតិទាំងបីមានចំនួន ១៨៨ ជើង/ថ្ងៃ សម្រាប់ខែ០៣ (មីនា) ឆ្នាំ២០២៥នេះ។

យោងតាមព័ត៌មានរបស់អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា ប្រទេសចំនួន៦ ក្នុងចំណោមប្រទេស១២ប្រទេស ដែលមាន ចំនួនជើងហោះហើរ និងចំនួនអ្នកដំណើរ ចេញ-ចូលកម្ពុជាច្រើនជាងគេនោះ គឺ៖ ១.ថៃ, ២.ចិន, ៣.វៀតណាម, ៤.សឹង្ហបុរី, ៥.ម៉ាឡេស៊ី និង ៦.កូរ៉េ។

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិទាំងបី ភ្នំពេញ សៀមរាប និងព្រះសីហនុ បានតភ្ជាប់ជើងហោះហើរអន្តរជាតិ ទៅកាន់ ១២ ប្រទេស ព្រមទាំងតំបន់រដ្ឋបាលពិសេសហុងកុង និងកោះតៃវ៉ាន់ ផងដែរ ដោយគិតជាសរុបបានភ្ជាប់ការហោះហើរទៅកាន់គោលដៅ ឬរាជធានី/ទីក្រុង ចំនួន ៣៤ នៅក្នុងតំបន់ និងសកលលោក។

អ្នកនាំពាក្យរូបនេះ ក៏បានឱ្យដឹងថា វិស័យដឹកជញ្ជូនតាមផ្លូវអាកាស (អាកាសចរណ៍) ទើបតែងើបឡើងវិញជាលំដាប់បានប្រមាណជាង ៦៨% (ឆ្នាំ២០២៤) តែប៉ុណ្ណោះ បើធៀបទៅនឹងស្ថានភាពមុនវិបត្តិជំងឺកូវីដ-១៩ (ឆ្នាំ២០១៩)។

ដោយឡែក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (រ.ល.អ.ស) បានធ្វើការព្យាករណ៍ជាមួយនឹងការរំពឹងទុកដោយសុទិដ្ឋិនិយមថា វិស័យដឹកជញ្ជូនតាមផ្លូវអាកាស នឹងអាចសម្រេចបាន នូវការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាស ចំនួន ៧.៥លាននាក់ និងទំនិញចំនួន៨០ពាន់តោន នៅក្នុងឆ្នាំ២០២៥នេះ៕