(ភ្នំពេញ)៖ ការប្រើប្រាស់ «គុណធម៌» ក្នុងការគ្រប់គ្រងអាជីវកម្ម តាមរយៈការបញ្ជ្រាបពីគុណធម៌របស់ថ្នាក់ដឹកនាំទៅកាន់បុគ្គលិក ស្វែងយល់ពីតម្រូវការ និងបំពេញតម្រូវការជាក់ស្តែងដល់បុគ្គលិក ជាមួយនឹងការ ផ្តល់តម្លៃស្មើៗគ្នា បង្រៀនបុគ្គលិកឱ្យមានគុណធម៌ បង្រៀនបុគ្គលិកឱ្យមានសមត្ថភាពខ្លាំងពូកែ អាចធ្វើការងារបានគ្រប់បែបយ៉ាងនោះ ជាកត្តាមួយដែលសំខាន់មិនអាចខ្វះបាន ក្នុងជួយឱ្យក្រុមហ៊ុនមួយ កាន់តែមានភាពរីកចម្រើន។

នេះជាការលើកឡើងរបស់លោក OKUBO Hideo ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Forval Corporation ស្ថាបនិក និងជាប្រធាននៃមូលនិធិ CIESF និងមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ទីប្រឹក្សាគណៈសង្ឃនាយកមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-ជប៉ុន (CJBI) នៅក្នុងសិក្ខាសាលាស្ដីពី៖ «ការប្រើប្រាស់ គុណធម៌ ក្នុងការគ្រប់គ្រងអាជីវកម្ម» ដែលបានធ្វើឡើងនារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ នៅរមណីដ្ឋានធម្មជាតិភូមិរំដួល។

មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា បានឱ្យដឹងថា ថ្នាក់ដឹកនាំដែលប្រើប្រាស់គុណធម៌ នៅក្នុងការគ្រប់គ្រងអាជីវកម្ម គឺជាថ្នាក់ដឹកនាំដែលគោរពទៅតាមគោលការណ៍ច្បាប់នៃក្រុមហ៊ុន និងការយកចិត្ត​ទុក​ដាក់ទៅលើបុគ្គលិក ទាំងការផ្តល់ប្រាក់ខែឱ្យបានសមរម្យ និងទៀងទាត់ពេលវេលា មើលលើការងារជាក់ស្តែងរបស់បុគ្គលិក ចេះលើកទឹកចិត្ត និងផ្តល់រង្វាន់ពេលឃើញបុគ្គលិកធ្វើការងារល្អ និងចេះជួយបុគ្គលិក រួមទាំងគ្រួសារបុគ្គលិក ពេលមានជំងឺតម្កាត់ផ្សេងៗ រួមទាំងមានកត្តាផ្សេងៗទៀត ដែលទាំងនេះហើយជាគុណធម៍ក្នុងការដឹកនាំអាជីវកម្ម និងជួយឱ្យអាជីវកម្មកាន់តែរីកចម្រើនទៅមុខថែមទៀត។

លោក OKUBO Hideo បានឱ្យដឹងទៀតថា ការប្រើប្រាស់ «គុណធម៌» ក្នុងការគ្រប់គ្រងអាជីវកម្ម គឺជាចូលរួមជាមួយបុគ្គលិកគ្រប់ពេលវេលា និងធ្វើការបញ្ជៀបគុណធម៍របស់យើង ទៅលើបុគ្គលិក តាមរយៈការ បើកបង្រៀន បុគ្គលិក និងស្វែងយល់ពីតម្រូវការរបស់ពួកគាត់ ជាក់ស្តែងដូចជា ការបំពេញតម្រូវការរឿងប្រាក់ខែ និងផ្តល់សុភមង្គលនៅកន្លែងការងារ ហើយដើម្បីបំពេញតម្រូវការសុភមង្គលនេះគឺចាំបាច់ត្រូវមាន គុណធម៍ក្នុងការជួយ និងជួយបង្រៀនឱ្យយល់ពីសារៈសំខាន់នៃគុណធម៌ និងដឹងថានៅពេលដែលយើងមានគុណធម៍ និងជួយយើងឱ្យមានសមត្ថភាពកាន់តែខ្ពស់។

លោក OKUBO Hideo បានបន្ថែមថា ក្រុមហ៊ុនមួយដែលមានគុណធម៌ ទាំងថ្នាក់ដឹកនាំ និងបុគ្គលិកហើយនោះ នឹងធ្វើឱ្យបរិយាកាសនៅក្នុងក្រុមហ៊ុន កាន់តែល្អប្រសើរជាងមុន តាមរយៈបុគ្គលិកចេះសាមគ្គីគ្នា ដោយមិនគិតតែពីផលប្រយោជន៍រៀងៗខ្លួន ហើយក៏ធ្វើឱ្យក្រុមហ៊ុនមានសាមគ្គីភាពគ្នាខ្លាំងទាំងប្រធានក្រុមហ៊ុន និងបុគ្គលិក ហើយនឹងជួយឱ្យសេវាកម្ម និងផលិតផលរបស់ក្រុមហ៊ុន កាន់តែល្អប្រសើរជាងមុន នោះនឹងធ្វើឱ្យក្រុមហ៊ុនកាន់តែរីកចម្រើន និងជោគជ័យ។

លោក OKUBO Hideo បានបន្ថែមថា ជារឿងមួយដែលល្អបំផុតដែលថ្នាក់ដឹកនាំក្រុមហ៊ុនមួយ ដែលមានសមត្ថភាពខ្លាំងហើយនោះ ចេះស្វែងយល់ពីតម្រូវការរបស់ខ្លួន និងចែករំលែកចំណេះដឹង ដែលខ្លួនមាន ទៅកាន់បុគ្គលិករបស់ខ្លួនឱ្យមានសមត្ថភាពខ្លាំងដូចគ្នា ដែលភាពខ្លាំងទាំងអស់នេះហើយ និងជួយឱ្យក្រុមហ៊ុនមួយកាន់តែរឹងមាំ និងរីកចម្រើនទៅមុខបានយូរអង្វែង។

លោក បានបញ្ជាក់ទៀតថា ជាបទពិសោធន៍ផ្ទាល់ ក្នុងការប្រើប្រាស់ «គុណធម៌» លើគ្រប់គ្រងអាជីវកម្ម នៅពេលដែលបុគ្គលិកទាំងអស់មានគុណធម៍ក្នុងខ្លួនហើយនោះ ពួកគេកាន់តែមានទឹកចិត្តក្នុងការធ្វើការងារ និងមិនចង់បោះបង់ការងារនោះទេ ហើយពួកគេកាន់តែចង់រៀនសូត្រពីអ្វីដែលថ្មីៗបន្ថែមទៀត ដើម្បីរួមចំណែកជួយឱ្យក្រុមហ៊ុនកាន់តែរីកចម្រើន៕