(តាកែវ)៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ បានបើកយុទ្ធនាការផ្សព្វផ្សាយពីប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ (KHQR) ដល់សិស្ស និស្សិត មន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តតាកែវ។ យុទ្ធនាការនេះ រៀបចំឡើងក្រោមការចូលរួមពីលោក យឹម លាត ទេសាភិបាលរងធនាគារជាតិកម្ពុជា និងលោក វ៉ី សំណាង អភិបាលខេត្តតាកែវ។
លោក យឹម លាត បានថ្លែងឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០០០ ក្នុងគោលដៅធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចកម្ពុជា មានភាពរឹងមាំ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវគោលនយោបាយលើកកម្ពស់ ការប្រើប្រាស់ប្រាក់រៀល ស្របពេលដែលស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹងល្អប្រសើរ ក្រោយប្រទេសជាតិមានសុខសន្តិភាពពេញលេញ។
លោក យឹម លាត បានថ្លែងបន្តថា បើយោងតាមកិច្ចសហការអង្កេតរបស់ធនាគារជាតិនៃកម្ពុជា ជាមួយទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) កាលពីឆ្នាំ២០១៧ កន្លងមក បានបង្ហាញថា ប្រាក់រៀលត្រូវបានទទួលការទុកចិត្ត និងប្រើប្រាស់កាន់តែច្រើន ក្នុងជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋជាពិសេស តាមតំបន់ជនបទ ដោយឡែកសម្រាប់ខេត្តតាកែវ ទិន្ន័យស្រាវជ្រាវបានបង្ហាញថា ជាមធ្យមការប្រើប្រាស់ប្រាក់រៀលមានចំនួនរហូតដល់៨៥ភាគរយ។
លោកទេសាភិបាលរងបានបញ្ជាក់ថា «ក្នុងកម្ពុជាបានប្រើប្រាស់ប្រព័ន្ធទូទាត់បាគង ខេអេកឃ្យូអរ ដែលមានភាពងាយស្រួល ក្នុងការប្រតិបត្តិការឌីជីថលទូទាត់ និងផ្ទេរប្រាក់បានយ៉ាងឆាប់រហ័ស ងាយស្រួល និងមានសុវត្ថិភាពខ្ពស់ ទាំងក្នុងប្រទេស និងនៅប្រទេសជាដៃគូរួមមានប្រទេសថៃ វៀតណាម និងឡាវ ម៉ាឡេស៊ី និងប្រទេសចិន ហើយឆាប់ៗខាងមុខនេះ ធនាគារជាតិនៃកម្ពុជា នឹងដាក់ឱ្យភ្ញៀវទេសចរអន្តរជាតិ ប្រើប្រាស់នូវប្រព័ន្ធទូទាត់ទំនើបបាគងសម្រាប់ភ្ញៀវទេសចរ (Bakong Tourists App) ដែលមានភាពងាយស្រួល ដល់ភ្ញៀវទេសចរណ៍ក្នុងការចាយវាយ»។
លោក វ៉ី សំណាង បានថ្លែងឲ្យដឹងថា ចំពោះការយុទ្ធនាការផ្សព្វផ្សាយពីប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ នៅក្នុងខេត្តតាកែវនេះ និងជួយជំរុញបន្ថែមទៀតដល់ការរួមគ្នា ក្នុងប្រើប្រាស់ប្រាក់រៀល ឲ្យកាន់ច្រើនថែមទៀត សំដៅលើកកម្ពស់មុខមាត់ជាតិ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចខេត្តតាកែវឲ្យកាន់តែរីកចម្រើនឡើងមួយកម្រិតទៀត ពិសេសការប្រើប្រាស់ប្រាក់រៀលឲ្យបានទូលំទូលាយ គឺជាការចូលរួមចំណែកជំរុញសេដ្ឋកិច្ចជាតិ ថែរក្សាអត្តសញ្ញាណជាតិ ដែលជាការពង្រឹងស្មារតីបង្រួបបង្រួមជាតិ ក្នុងនាមជាប្រជាជនក្នុងសង្គមជាតិតែមួយ៕