(ភ្នំពេញ)៖ ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកនៃក្រុមហ៊ុនឡាញហលអិចប្រេស ដែលជាអ្នកជំនាញក្នុងវិស័យដឹកជញ្ជូន នៅក្នុងប្រទេសកម្ពុជា បានអះអាងថា​ មិនទាន់មានការជះឥទ្ធិពល មកលើវិស័យដឹកជញ្ជូនរបស់កម្ពុជានៅឡើយនោះទេ ក្នុងអំឡុង៩០ថ្ងៃ នៃពេលវេលាចរចាលើបញ្ហាដំឡើងពន្ធ របស់អាមេរិក។

ការអះអាងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧកញ៉ា ស៊ិន ចន្ធី អញ្ជើញចូលរួម កិច្ចពិភាក្សាលើប្រធានបទ៖ «ស្ថានភាពវិស័យ Logistic នៅកម្ពុជា ក្នុង​ពេលមានសង្រ្គាម​ពាណិជ្ជកម្ម» ក្នុងកម្មវិធី FRESH BUSINESS។

ឧកញ៉ា ស៊ិន ចន្ធី បានបញ្ជាក់យ៉ាងដូច្នេះថា «ស្ថិតនៅក្នុងអំឡុង៩០ថ្ងៃ នៃការរៀបចំចរចារផ្សេងៗ ដែលសហរដ្ឋអាមេរិក ទុករយៈពេលឱ្យ អីចឹងហើយមកដល់ម៉ោងនេះ បើនិយាយអំពីការដឹកជញ្ជូន និងការធ្វើពាណិជ្ជកម្មនាំចេញ-នាំចូលរបស់កម្ពុជា ហាក់បីដូចជាមិនទាន់ប៉ះអ្វីខ្លាំងនោះទេ ព្រោះយើងស្ថិតនៅក្នុង១០% នៃ៩០ថ្ងៃនៅឡើយ»

បើតាមឧកញ៉ា ស៊ិន ចន្ធី, បើនិយាយអំពីការដឹកជញ្ជូន និងការធ្វើ Logistic វាជាប្រព័ន្ធមួយ ដែលទាក់ទងនឹងការធ្វើពាណិជ្ជកម្ម និងការទិញលក់ផ្សេងៗ ព្រមទាំងការផលិត -ល- អីចឹងហើយកាលណា មានសង្គ្រាមទាក់ទងនឹងពាណិជ្ជកម្ម និងការដឹកជញ្ជូនក៏មានការប៉ះពាល់ច្រើនផងដែរ។

គួរបញ្ជាក់ថា ប្រទេសជាច្រើនកំពុងចរចាជាមួយសហរដ្ឋអាមេរិក អំពីបញ្ហាពន្ធគយ បន្ទាប់ពីលោក ត្រាំ បានសម្រេចចិត្តផ្អាកការអនុវត្តការយកពន្ធគយទៅវិញទៅមករយៈពេល ៩០ថ្ងៃ ដែលនឹងត្រូវផុតកំណត់នៅខែកក្កដាខាងមុខ៕