(ភ្នំពេញ)៖ ប៉ុន្មានថ្ងៃចុងក្រោយនេះ មានបណ្តាញព័ត៌មានក្នុងស្រុកវៀតណាម បានចុះផ្សាយអំពីផ្លែទុរេនវៀតណាម កំពុងចាល់លើទីផ្សារ ដោយសារមិនអាចនាំចេញទៅប្រទេសចិនបាន មិនអាចនាំចេញបានដោយសារតែចិន រឹតបន្តឹងការត្រួតពិនិត្យសារធាតុគីមីហាមឃាត់់ ដែលអាចបង្កឱ្យមានជំងឺមហារីកលើអ្នកប្រើប្រាស់។

ការរឹតបន្តឹងនេះបានធ្វើឱ្យទុរេនរបស់វៀតណាម ធ្លាក់ចុះថ្លៃ ដោយ១គីឡូក្រាមខ្ទង់១ដុល្លារប៉ុណ្ណោះ ហើយអ្នកដាំដុះទុរេនបង្ខំចិត្តដាក់លក់តាមដងផ្លូវ។

ការធ្លាក់ចុះថ្លៃ និងការចាល់ទីផ្សារទុរេននេះ បង្កក្តីបារម្ភដល់កសិករដែលជាអ្នកដាំទុរេនរបស់កម្ពុជា ដែលអាចនឹងប៉ះពាល់ដល់ទីផ្សារក្នុងស្រុក និងកេរ្តិ៍ឈ្មោះទុរេនកម្ពុជាផងដែរ បើអ្នកលក់គ្មានភាពស្មោះត្រង់ លក់ទុរេនវៀតណាម​បន្លំថាជាទុរេនកម្ពុជា។

លោក ឃឹម ប៊ុនឡែន ស្ថាបនិក និងប្រធានសហគមន៍ចម្ការស្តេចទុរេន បានបង្ហាញក្ដីបារម្ភអំពីតម្លៃផ្លែទុរេន ថ្វីថាតម្លៃទុរេននៅកម្ពុជាមានតម្លៃថ្លៃ ក៏ប៉ុន្ដែកសិករដែលដាំទុរេន គឺមានការចំណាយខ្ពស់។ ការដាំផ្លែទុរេន កសិករមានការខិតខំប្រឹងប្រែងខ្លាំងណាស់ ទំរាំបានផ្លែទុរេន ដែលផ្លែទុរេនមានរយៈពេល ចន្លោះពី៥ឆ្នាំ ទៅ៧ឆ្នាំ​ និងផ្លែទុរេនខ្លះ មានរហូតដល់១០ឆ្នាំក៏មាន។

លោក ឃឹម ប៊ុនឡែន បានគូសបញ្ជាក់ថា នៅពេលដែលមានផ្លែទុរេនពីប្រទេសជិតខាង ដូចជាពីប្រទេសវៀតណាមជាដើម ចូលមកទីផ្សារកម្ពុជា នឹងធ្វើឲ្យតម្លៃនៃការប្រកួតប្រជែង មានភាពមិនយុត្ដិធម៌ សម្រាប់កសិករក្នុងស្រុក ដោយសារប្រទេសជិតខាងថ្លៃដើមនៃការផលិតមានតម្លៃទាបជាងកម្ពុជា។ លើសពីនោះទៀត នឹងធ្វើឲ្យខូចឈ្មោះកសិករ​ ដែលដាំទុរេន នៅក្នុងស្រុក ដែលមានអាជីវករខ្លះខូច បានយកផ្លែទុរេនពីប្រទេសជិតខាង រួចប្រាប់អ្នកទិញថា​ ជាទុរេននៅក្នុងស្រុក ដែលមានរសជាតិ និងគុណភាពខុសគ្នា ពីការដាំនៅក្នុងស្រុក។

ជាមួយគ្នានេះ ប្រធានសហគមន៍ចម្ការស្តេចទុរេន បានឲ្យដឹងថា សម្រាប់ទីផ្សារផ្លែទុរេន នៅក្នុងឆ្នាំ២០២៥ មានតម្លៃទាបជាងឆ្នាំមុនបន្ដិច ដោយសារការផលិត មានការកើនឡើង និងកត្ដាជីវភាពរបស់ប្រជាពលរដ្ឋ ដែលមានការសន្សំសំចៃជាងមុន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាពេលថ្មីៗនេះ ក៏បានបញ្ជាឲ្យពិនិត្យ ឲ្យបានតឹងរ៉ឹងពាក់ព័ន្ធនឹងការនាំចូលបន្ថែ សាច់ និងការប្រើប្រាស់ជាតិគីមីផ្សេងៗ លើអាហារ ដើម្បីកាត់បន្ថយជំងឺមហារីក។

សូមជម្រាបថា កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៥ រាជរដ្ឋាភិបាលបាន ណែ​នាំឱ្យក្រសួងពាណិជ្ជកម្ម ចិត្តទុកដាក់​លើការនាំចូលទុរេន និងការដាំដុះក្នុងប្រទេស និងត្រូវពន្លឿនកិច្ចការរៀបចំកសាងសមត្ថភាពមន្ទីរពិសោធន៍ លើការវិភាគរកសារធាតុ Basic Yellow 2 ឬ Auramine O Cadmium លើផ្លែទុរេនដែលនាំចូល​ឱ្យបាន​ឆាប់ ដើម្បីការពារអ្នកប្រើប្រាស់នៅកម្ពុជា។

ការណែនាំនេះធ្វើឡើងបន្ទាប់ពីចិន បានហាមឃាត់ការនាំចូលផ្លែទុរេនស្រស់ពី​វៀតណាម និងថៃ ក្រោយរកឃើញមានផ្ទុកសារធាតុ Basic Yellow 2 ឬ Auramine O Cadmium ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាជន៕