(ភ្នំពេញ)៖ អាករលើការស្នាក់នៅ គឺជាអាករមួយប្រភេទ ក្រោមច្បាប់ស្តីពីសារពើពន្ធ មានវិសាលភាពអនុវត្ត ចំពោះការផ្គត់ផ្គង់សេវាស្នាក់នៅក្នុងសណ្ឋាគារ ដែលមានលក្ខណៈជាបន្ទប់ គ្រែ និងមានផ្តល់នូវសម្បទា និងសេវាផ្សេងៗទៀត ទៅតាមប្រភេទ និងទីកន្លែងផ្តល់សេវាស្នាក់នៅនីមួយៗ មានជាអាទិ៍ សណ្ឋាគារ សណ្ឋាគារអាផាម៉ិន សណ្ឋាគារស្វីត សណ្ឋាគាររីសត ម៉ូតែល ឡូដ បឹងកាឡូ ផ្ទះសំណាក់ ឬផ្ទះភ្ញៀវ កន្លែងបោះជំរំទេសចរណ៍ ឬទីកន្លែងផ្តល់សេវាស្នាក់នៅដទៃទៀត ដែលមានលក្ខណៈប្រហាក់ប្រហែល ទោះបីជាដាក់ឈ្មោះអ្វីក៏ដោយ។
តាមព្រឹត្ដបត្រព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា សម្បទា និងសេវាផ្សេងៗត្រង់ចំណុចនេះ សំដៅដល់ការផ្គត់ផ្គង់សេវាណាមួយ ក្នុងចំណោមសេវាទាំងឡាយ មានជាអាទិ៍ អាហារ បោសសម្អាត ផ្លាស់ប្តូរសម្ភារប្រើប្រាស់ សេវាទឹកភ្លើង បោកគក់ កន្លែងហាត់ប្រាណ ហែលទឹក ម៉ាស្សា ស្ទីម និងសូណាជាដើម។
ការផ្គត់ផ្គង់សេវាស្នាក់នៅត្រូវបានកំណត់ចំពោះ ការផ្គត់ផ្គង់សេវាស្នាក់នៅដោយបុគ្គលជាប់អាករ ក្នុងព្រះរាជាណាចក្រកម្ពុជា ការប្រើប្រាស់ ផ្ទាល់ខ្លួននូវសេវាស្នាក់នៅ ដោយបុគ្គលជាប់អាករ និងការផ្តល់ជាអំណោយ ឬការផ្គត់ផ្គង់ក្រោមតម្លៃពិតនូវសេវាស្នាក់នៅដោយបុគ្គលជាប់អាករ។ អាករលើការស្នាក់នៅ មិនអនុវត្តនោះទេចំពោះ បន្ទប់ជួល ផ្ទះឬផ្ទះល្វែងជួល តាមរយៈកិច្ចសន្យាជួល រយៈពេលខ្លី ឬរយៈពេលវែង។
អាករលើការស្នាក់នៅ ជាប្រភេទពន្ធប្រចាំខែ ដែលបុគ្គលជាប់អាករមានកាតព្វកិច្ច ដាក់លិខិតប្រកាស សារពើពន្ធ និងបង់ប្រាក់អាករនៅរៀងរាល់ខែយ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០ (ករណីដាក់លិខិតប្រកាសសារពើពន្ធតាមប្រព័ន្ធអនឡាញ e-Filing ត្រូវបានអនុញ្ញាតរហូតដល់ថ្ងៃទី២៥) នៃខែបន្ទាប់ដែលសេវាស្នាក់នៅត្រូវបានផ្គត់ផ្គង់។
អាករនេះ ត្រូវបានកំណត់តាមអត្រា២% លើមូលដ្ឋាន គិតជាអាករដែលជាថ្លៃស្នាក់នៅរួមបញ្ចូលទាំងបន្ទុកផ្សេងៗ ព្រមទាំងពន្ធអាករនានា វៀរលែងតែអាករលើតម្លៃបន្ថែម និងអាករលើការស្នាក់នៅ ខ្លួនឯង៕