(ភ្នំពេញ)៖ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានស្នើដល់អ្នកវិនិយោគទាំងអស់ សូមកុំទម្លាក់សាច់ប្រាក់របស់ខ្លួន ទៅលើទីតាំងមួយ ដែលខ្លួនយើងអត់ស្គាល់ ជៀសវាងហានិភ័យ។

ការស្នើបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ស៊ូ សុជាតិ អញ្ជើញចូលរួម ក្នុងវេទិកាវិនិយោគិនលើកទី១ ស្តីពី «ការសន្សំមូលបត្រ» ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួង-ស្ថាប័នសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា។

វេទិកាវិនិយោគិននេះ រៀបចំឡើងដោយ និយ័តករមូលបត្រកម្ពុជា មានការសហការពីក្រុមហ៊ុនមូលបត្រ រ៉ូយ៉ាល់គ្រុប ម.ក និងគាំទ្រដោយផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥។

លោក ស៊ូ សុជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «សម្រាប់អ្នកវិនិយោគ យើងកុំទម្លាក់សាច់ប្រាក់ ទៅលើទីតាំងមួយ ដែលយើងអត់ស្គាល់ យើងអត់ហ៊ានថា ទីតាំងនោះ ហានិភ័យប៉ុន្មាននោះទេ បើយើងអត់ស្គាល់ទីតាំងនោះទេ សូមកុំទម្លាក់សាច់ប្រាក់ឲ្យសោះ»

ទន្ទឹមគ្នានេះ លោក ស៊ូ សុជាតិ បានលើកឡើងថា ការងារវិនិយោគភាគហ៊ុន គឺយើងអត់ដែលធានាថា ភាគហ៊ុនឲ្យតែវិនិយោគ ដឹងតែឡើងថ្លៃនោះទេ អីចឹងហើយបានអញ្ជើញមក ដើម្បីបណ្ដុះបណ្ដាល ឲ្យដឹងអំពីស្ថានភាពនៃតម្លៃភាគហ៊ុន និងភាគហ៊ុនប្រភេទណា ដែលគួរតែវិនិយោគ។

ក្នុងនាមនិយ័តករមូលបត្រកម្ពុជា លោក ស៊ូ សុជាតិ ក៏សូមថ្លែងអំណរគុណ សម្រាប់ស្ថាប័នពាក់ព័ន្ធ ដែលបានផ្ដល់ការគាំទ្រ និងចាត់បញ្ចូនមន្ដ្រីរាជការ ដើម្បីចូលរួមក្នុងវេទិកាវិនិយោគិន លើកទី១ ស្តីពី «ការសន្សំមូលបត្រ» នេះ។

លោក សេង ចាន់ធភន នាយកប្រតិបត្ដិនៃក្រុមហ៊ុនមូលបត្រ រ៉ូយ៉ាល់គ្រុប ម.ក បានលើកឡើងថា ការសន្សំភាគហ៊ុន គឺល្អ ព្រោះថា ការសន្សំវាធ្វើឲ្យយើងកើនទ្រព្យ ដោយយើងចាប់ផ្ដើមសន្សំបន្ដិចម្ដងៗ ប៉ុន្ដែជំហានដំបូង គឺចាប់ផ្ដើមជាមុនសិន។

លោកបានបញ្ជាក់ថា ការសន្សំមានវិធីសាស្ដ្រច្រើនប្រភេទ ដោយអ្នកខ្លះសន្សំមាស និងអ្នកខ្លះសន្សំដី ប៉ុន្ដែសម័យថ្មីនេះ យើងអាចសន្សំភាគហ៊ុន ហើយភាគហ៊ុន មានភាពងាយស្រួលក្នុងការសន្សំ ព្រោះមានភាពងាយស្រួល ក្នុងការទិញ-លក់ និងមានសុវត្ថិភាព។

សូមជម្រាបថា វេទិកាវិនិយោគិនលើកទី១ ស្តីពី «ការសន្សំមូលបត្រ» នេះ មានគោលដៅសំខាន់ គឺដើម្បីបង្កើនការយល់ដឹង ឲ្យបានកាន់តែស៊ីជម្រៅ តាមរយៈការចែករំលែកចំណេះដឹង បទពិសោធន៍ និងការអនុវត្ដជាក់ស្ដែង តាមកម្មវិធីរបស់ផ្សារមូលបត្រកម្ពុជា៕