(ភ្នំពេញ)៖ ឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានថ្លែងឲ្យដឹងថា វិនិយោគិនត្រូវសិក្សា៤ចំណុចទាំងនេះ ឲ្យច្បាស់ជាមុនសិន មុននឹងចាប់ផ្ដើមវិនិយោគលើអចនលទ្រព្យ ជៀសវាងហានិភ័យ។
ការលើកឡើងរបស់លោក ឧកញ៉ា សន សៀប ធ្វើឡើងក្នុងកម្មវិធី RESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «វិធីការពារខ្លួនពីគម្រោង វិនិយោគអចលទ្រព្យបោកប្រាស់»។
ឧកញ៉ា សន សៀប បានថ្លែងថា នេះជាចំណេះដឹងមួយពាក់ព័ន្ធនឹងការវិនិយោគ គ្រប់គម្រោងទាំងអស់សុទ្ធលើពិភពលោក សឹងតែមានការវិនិយោគ ដែលមានហានិភ័យទាប មធ្យម និងខ្ពស់ ហានិភ័យទាបទទួលផលទាប មធ្យមទទួលផលមធ្យម ខ្ពស់ទទួលផលខ្ពស់ ហើយបញ្ហាភាគច្រើនមានលើការវិនិយោគដែលមានហានិភ័យខ្ពស់។
ឧកញ៉ា សន សៀប បានបន្ថែមទៀតថា ចំពោះទីតាំងដែលទិញនៅឆ្ងាយអាចនឹងមានហានិភ័យខ្ពស់ដូចជាជាប់គាំង លក់មិនចេញ ប៉ុន្ដែពេលខ្លះទៀតអាចលក់ចេញបាន និងបានជាមួយតម្លៃយ៉ាងខ្ពស់ក៏ថាបាន។ កត្តាដែលលើមកថា អាចនឹងមានហានិភ័យខ្ពស់ ចំពោះទីតាំងឆ្ងាយនេះ ដោយសារតែយើងមិនដឹងជាមុនឡើយថា សុវត្ថិភាពយ៉ាងណាទេ ព្រោះទីតាំងនៅឆ្ងាយ, ភាពងាយស្រួលក្នុងការរស់នៅ (មិនទាន់ដឹងច្បាស់ថា ទីតាំងនោះមានទឹក ភ្លើង សាលារៀន ផ្សារ ឬនៅទេ?), ផ្លូវនៃការធ្វើដំណើរជាដើម កត្តាទាំងអស់នេះហើយដែលជាភាពមិនច្បាស់លាស់ បង្ករឲ្យមានហានិភ័យ។
ឧកញ៉ា សន សៀប បានថ្លែងឲ្យដឹងថា មុននឹងវិនិយោគលើវិស័យអចលនទ្រព្យ ត្រូវសិក្សាស្រាវជ្រាវលើចំណុចទាំងនេះរួមមាន៖
១៖ ត្រូវមានចំណេះដឹង ព័ត៌មានលើវិស័យអចលនទ្រព្យ,
២៖ ជ្រើសរើសប្រភេទអចលនទ្រព្យដែលត្រូវវិនិយោគ,
៣៖ ជ្រើសរើសទីតាំង,
៤៖ ការត្រៀមខ្លួនប្រឈមនឹងហានិភ័យនានា។ កត្តាទាំងនេះសុទ្ធសឹងតែជាចំណេះដឹង ក្នុងការបញ្ជៀសនូវរាល់បញ្ហានានា។
ឧកញ៉ា សន សៀប បានថ្លែងបន្ដថា ចំពោះការវិនិយោគលើវិស័យអចលនទ្រព្យ ដែលមានហានិភ័យទាប គឺត្រូវចេះរូបមន្ដនៃការវិនិយោគជាមុនសិន៕