(ភ្នំពេញ)៖ ឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានបញ្ជាក់ឲ្យដឹងថា គម្រោងដែលមានច្បាប់អាជ្ញាសាងសង់ និងមានអាជ្ញាបណ្ណលក់ ជាគម្រោងដែលមានហានិភ័យទាបចំពោះអតិថិជន ហើយបើមានបញ្ហានឹងមានការដោះស្រាយពីរាជរដ្ឋាភិបាល។
ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧកញ៉ា សន សៀប អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «វិធីការពារខ្លួនពីគម្រោង វិនិយោគអចលទ្រព្យបោកប្រាស់» ក្នុងកម្មវិធី FRESH BUSINESS។
ឧកញ៉ា សន សៀប បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំអាចបញ្ជាក់បានថា គម្រោងណាក៏ដោយ ឲ្យតែគម្រោងហ្នឹងធ្វើស្របច្បាប់ យើងហៅថា ជាគម្រោងស្របច្បាប់ បើសិនជាគម្រោងណា អត់មានច្បាប់អនុញ្ញាតគ្រប់គ្រាន់ យើងហៅថា គម្រោងអត់ស្របច្បាប់ អត់មានទទួលបានច្បាប់ទម្លាប់ត្រឹមត្រូវ»។
បន្ថែមពីនោះទៀត ឧកញ៉ា សន សៀប បានលើកឡើងថា កាលណាអ្នកទិញ ទៅទិញគម្រោងអត់មានច្បាប់ត្រឹមត្រូវ វាមានបញ្ហាហានិភ័យខ្ពស់ ព្រោះថា នៅពេលដែលម្ចាស់គម្រោងមានបញ្ហា វាដោយអ្នកទិញទៅជាមួយគ្នាដែរ។
ឧកញ៉ា សន សៀប បានប្រាប់ថា ដើម្បីដឹងថា គម្រោងនោះមានច្បាប់ត្រឹមត្រូវឬក៏អត់ មើលលើលក្ខខណ្ឌចំនួន២ រួមមាន៖ មានច្បាប់អនុញ្ញាតសាងសង់សំណងឬក៏អត់ និងអាជ្ញាប័ណ្ណ ក្នុងការអនុញ្ញាតលក់គម្រោងនោះឬក៏អត់។
ឧកញ៉ា សន សៀប បន្ដទៀតថា បើសិនជាមាន២លក្ខខណ្ឌនេះ នៅតែមានបញ្ហាទៀតនោះ យ៉ាងហោចណាស់ ក៏ទទួលបានការដោះស្រាយពីរាជរដ្ឋាភិបាល ប៉ុន្ដែបើសិនជាគ្មាន២លក្ខខណ្ឌនេះទេ ការទទួលបានពីការដោះស្រាយរបស់រាជរដ្ឋាភិបាល ក៏ទទួលបានតិចផងដែរ៕