(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី សុខ ចិន្ដាសោភា តំណាងសម្ដេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេល៤ខែ ពោលចាប់ពីខែមករា រហូតដល់ខែមេសា ឆ្នាំ២០២៥នេះ ទំហំពាណិជ្ជកម្មគ្រឿងអលង្ការ និងត្បូងមានតម្លៃ មានចំនួនជាង២៤៤លានដុល្លារអាមេរិក។
ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧបនាយករដ្ឋមន្ដ្រី សុខ ចិន្ដាសោភា អញ្ជើញជាអធិបតីភាព បើកកម្មវិធីពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជា អន្ដរជាតិ លើកទី១៦ ឆ្នាំ២០២៥ ដែលរៀបចំឡើង រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្យ។
ឧបនាយករដ្ឋមន្ដ្រី សុខ ចិន្ដាសោភា បានបញ្ជាក់យ៉ាងដូច្នេះថា «គិតត្រឹមតួលេខ៤ខែ ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មគ្រឿងអលង្ការនិង ត្បូងមានតម្លៃ មានចំនួនជាង២៤៤លានដុល្លារ សហរដ្ឋអាម៉េរិក»។
ឧបនាយករដ្ឋមន្ដ្រី សុខ ចិន្ដាសោភា បានលើកឡើងថា ចំនួននេះនៅកម្រិតនៅឡើយ ដែលជាកម្មវត្ថុ និងជាវិញ្ញាសារ តម្រូវឱ្យសមាគម ក្រសួង-ស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធ ខិតខំបន្ថែមទៀត ចូលរួមដោះស្រាយ និងជំរុញកំណើនការនាំចេញ ស្របពេលដែរពិភពលោកទាំងមូល ដែលកំពុងប្រឈមនឹងហានិភ័យ និងភាពមិនប្រាកដប្រជាខ្ពស់ ជាមួយនឹង ផលប៉ះពាល់ដែលបង្កឡើង ដោយឥទ្ធិពលផ្ទួនៗគួបគ្នាពីវិបត្តិធំៗ មួយចំនួនដូចជា៖ ស្លាកស្នាមនៃវិបត្តិ ជំងឺកូវីដ-១៩, សង្គ្រាម, ផលប៉ះពាល់ពីការបន្តឡើង នៃភាពតានតឹង ផ្នែកភូមិសាស្ត្រនយោបាយ រវាងប្រទេសមហាអំណាច និងបញ្ហាប្រឈមធំៗមួយចំនួនទៀត ដែលបណ្តាលមកពី ការប្រែប្រួលអាកាសធាតុ និន្នាការវិវឌ្ឍន៍ទៅមុខមិនប្រាកដប្រជា និងភាពរង្គោះរង្គើនៃសណ្តាប់ធ្នាប់ និងនិម្មាបនកម្មពិភពលោក។
បើតាមឧបនាយករដ្ឋមន្ដ្រី សុខ ចិន្ដាសោភា, ក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មគ្រឿងអលង្ការ និងត្បូងមានតម្លៃ សម្រេចបានជាង៧៨៨លានដុល្លារសហរដ្ឋអាម៉េរិក ដែលមានការថយចុះប្រមាណជា៣០% ធៀបនឹងឆ្នាំ២០២៣ ដែលគិតជាទឹកប្រាក់សរុប សម្រេចបានក្នុងរង្វង់ ១,២៦៧លានដុល្លារសហរដ្ឋអាម៉េរិក។
ក្នុងគោលបំណងធានាឱ្យបាននូវការអភិវឌ្ឍនូវវិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃ នៅកម្ពុជា និងការកសាងភាពធន់ ឧបនាយករដ្ឋមន្ដ្រី សុខ ចិន្ដាសោភា បានចែករំលែកនូវទស្សនៈផ្ទាល់ខ្លួនមួយចំនួន ដើម្បីសមាគម ក្រសួង-ស្ថាប័ន និងគ្រប់តួអង្គពាក់ព័ន្ធ រួមគ្នាអនុវត្ត៖
ទី១៖ ជំរុញការផលិត ការកែច្នៃត្បូង ប្រកបដោយគុណភាពក្នុងស្រុក ឱ្យកាន់តែច្រើនបន្ថែមទៀត ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងដើម្បីនាំចេញទៅកាន់ទីផ្សារតំបន់ និងសកលលោក ខណៈបច្ចុប្បន្នកម្ពុជា បានបើកច្រកទីផ្សារកាន់តែទូលំទូលាយ៖
* ជាក់ស្តែងកម្ពុជា ជាប្រទេសសមាជិកអាស៊ាន ដែលជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន ជាមួយដៃគូ កិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP), កម្ពុជា-សាធារណរដ្ឋកូរ៉េ និងកិច្ចព្រមព្រៀងភាពដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាត់អារ៉ាប់រួម (CEPA)។
បន្ថែមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាសម្រេចបាន កម្ពុជាក្នុងឋានៈជាប្រទេស LDC គឺទទួលបានផលប្រយោជន៍ពី ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ក្រោមអង្គការពាណិជ្ជកម្មពិភពលោក ចំនួន២៣ ក្នុងរួមមាន EBA (EU), DCTS (UK) ជាដើម -ល-។
ទី២៖ ជំរុញការកសាងទំនុកចិត្ត ទាំងលើគុណភាព និងភាពស្មោះត្រង់ក្នុងការប្រកប អាជីវកម្មក្នុងការផ្តល់សេវាកម្មនិងលក់ និងសូមប្រកាន់ខ្ជាប់នូវគោលការណ៍សុចរិតភាព និង សច្ចភាព ចៀសវាងជាកំហិត និងលុបបំបាត់ ការក្លែងបន្លំគុណភាព និងប្រភព និងក្នុងរូបភាព នានាក្នុងវិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃ។
ទី៣៖ លើកទឹកចិត្តឱ្យសមាគម បន្តស្វែងរកដៃគូសហការក្នុង និងក្រៅប្រទេសបន្ថែមទៀត ដើម្បីពិនិត្យលទ្ធភាពរៀបចំពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជាអន្តរជាតិ ឱ្យបានច្រើនលើក ក្នុងមួយឆ្នាំនៅកម្ពុជា និងដឹកនាំពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃ កម្ពុជាទៅចូលរួមពិព័រណ៍គ្រឿងអលង្ការកម្រិតអន្តរជាតិនៅបរទេសតួយ៉ាង នៅប្រទេសអ៊ីតាលី សហភាពអឺរ៉ុប និងចក្រភពអង់គ្លេសជាដើម។
ទី៤៖ លើកទឹកចិត្តឱ្យសមាគម បង្កើនសមត្ថភាពជំនាញបច្ចេកទេស និងបង្កើតជាសិក្ខាសាលាកសាងសមត្ថភាព វគ្គបណ្តុះបណ្តាលនានា និងកម្មវិធីទស្សនកិច្ចសិក្សា ទៅកាន់ស្ថាប័ន ជំនាញនៅបរទេស លើជំនាញដែលចូលរួម លើកកម្ពស់ស្នាដៃច្នៃប្រឌិតរបស់អ្នកច្នៃម៉ូតគ្រឿងអលង្ការកម្ពុជា ការលើកកម្ពស់ស្នាដៃស្រាវជ្រាវលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្នុងការរចនាម៉ូត គ្រឿងអលង្ការកម្ពុជាជាដើម ជូនពាណិជ្ជករ ដែលជាសមាជិករបស់ខ្លួន។
ទី៥៖ ស្វែងរកកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីទទួលបានព័ត៌មានពេញលេញ សុក្រឹត និងគ្រប់ជ្រុងជ្រោយ អំពីទីផ្សារនាំចេញនីតិវិធីក្នុងការនាំចេញ ការកសាងម៉ាក លក្ខខណ្ឌតម្រូវនានា តម្រូវដោយប្រទេសនាំចូល ដើម្បីជំរុញការនាំចេញផលិតផលគ្រឿងអលង្ការ និងត្បូងមានតម្លៃផលិតនៅកម្ពុជា។
លោកស្រី ញ៉ែត ស្រីអូន ប្រធានសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា បានលើកឡើងថា ក្នុងរយៈពេលជាង១ឆ្នាំមកនេះ សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា សម្រេចបាននូវផ្លែផ្កាថ្មីៗ ជាបន្តបន្ទាប់ បើទោះបីជាឆ្លងកាត់ឧបសគ្គជាច្រើនក្តី។
ដើម្បីសម្រេចបាននូវផ្លែផ្កានេះ លោកស្រី ញ៉ែត ស្រីអូន បានលះបង់ពេលវេលា កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងការអនុវត្តតាមគោលការណ៍ និងបេសកកម្ម ដែលបានដាក់ចេញ សម្រាប់ដឹកនាំសមាគម ដើម្បីធ្វើឱ្យសមាគមមួយនេះ មានភាពរឹងមាំ និងពង្រីកខ្លួនឲ្យកាន់តែប្រសើរថែមទៀត៕