(ក្រចេះ)៖ ធនាគារជាតិនៃកម្ពុជា បន្តលើកកម្ពស់ប្រាក់រៀល នៅខេត្តក្រចេះ ដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ប្រព័ន្ធបាគង និង KHQR ក្នុងគោលដៅជំរុញបង្កើនការប្រើប្រាស់ឱ្យកាន់តែទូលាយ នៃការចរាចរណ៍ រូបិយវត្ថុជាតិនៅលើទីផ្សារ។
សិក្ខាសាលាផ្សព្វផ្សាយស្ដីពី ប្រាក់រៀល ប្រព័ន្ធបាគង និង KHQR រៀបចំឡើងក្រោមការចូលរួមពីលោក យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា រៀបចំឡើងក្នុងខេត្តក្រចេះ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥។
លោក យឹម លាត បានថ្លែងថា «ជុំវិញការងារលើកកម្ពស់ប្រាក់រៀលនេះ រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវគោលនយោបាយជាច្រើន ដោយក្នុងនោះការលើកកម្ពស់ប្រាក់រៀល បានចាត់ទុកជាការងារអាទិភាពមួយ ជាពិសេសចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០មក ស្របពេលដែលស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹងល្អប្រសើរ ក្រោយកម្ពុជាទទួលបានសុខសន្តិភាពពេញលេញនៅចុងឆ្នាំ១៩៩៨ ជាលទ្ធផល, និន្នាការនៃការប្រើប្រាស់ប្រាក់រៀល ក៏មានការកើនឡើងជាលំដាប់ផងដែរ»។
លោក យឹម លាត បានបន្ដថា ចំណែកប្រព័ន្ធបាគង និងស្តង់ដាខេអេចឃ្យូអរ (KHQR) ធនាគារជាតិនៃកម្ពុជា បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការតាំងពី ឆ្នាំ២០២០។ ប្រព័ន្ធបាគងគឺជាប្រព័ន្ធទូទាត់ ដែលអាចឱ្យអ្នកប្រើប្រាស់ធ្វើប្រតិបត្តិការ តាមប្រព័ន្ធអេឡិចត្រូនិកដូចជា៖ ការទូទាត់ ផ្ទេរ ប្រាក់ ដាក់ប្រាក់ និងដកប្រាក់ទាំងក្នុងស្រុក និងជាមួយបណ្តាប្រទេសក្នុងតំបន់បានយ៉ាងឆាប់រហ័ស និងមានភាពងាយស្រួល កាត់ បន្ថយចំណាយថ្លៃប្រតិបត្តិការ និងមានសុវត្ថិភាពខ្ពស់។
លោកបានបញ្ជាក់ថា ចំណែក KHQR ធនាគារជាតិនៃកម្ពុជា បានដាក់ឱ្យប្រើប្រាស់ស្តង់ដា KHQR នៅក្នុងឆ្នាំ២០២២ ដោយបានសម្រួលដល់ការស្កេនទូទាត់ឆ្លងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានយ៉ាងពិលាស ព្រមទាំងបានពង្រឹង ការតភ្ជាប់ការទូទាត់ឆ្លងដែនក្នុងតំបន់ផងដែរ។ បច្ចុប្បន្នយើងអាចធ្វើការទូទាត់ប្រាក់ឆ្លងដែនជាមួយ ប្រទេសថៃ វៀតណាម ឡាវ និងម៉ាឡេស៊ី តាមរយៈការស្កេន QR Code ជាប្រាក់រៀល ដោយមិនចាំបាច់ដូរទៅជាដុល្លារអាមេរិកនោះឡើយ។
លោក ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ បានលើកឡើងថា សម្រាប់ប្រជាពលរដ្ឋក្នុងខេត្ត បច្ចុប្បន្នមានភាពប្រសើរឡើងជាលំដាប់ ដោយមានការដាក់ចេញគោលនយោបាយ និងវិធានការអន្តរាគមន៍ ដ៏មានប្រសិទ្ធភាព របស់រាជរដ្ឋាភិបាល និងការរួមចំណែកមួយចំនួនពីវិស័យឯកជន តាមរយៈការផ្តល់ឥណទានរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលបានផ្ដល់លទ្ធភាពដល់ប្រជាពលរដ្ឋក្នុងការទប់លំនឹង និងពង្រីកអាជីវកម្មផងដែរ។
លោកបានបន្ដថា បច្ចុប្បន្នគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលកំពុងប្រតិបត្តិការនៅក្នុងខេត្តមានចំនួនសរុប៤៨ ដោយបានរួមចំណែកគាំទ្រ ដល់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន តាមរយៈ ការផ្តល់សេវាហិរញ្ញវត្ថុនានាជូនប្រជាពលរដ្ឋ និងក្រុមហ៊ុន-សហគ្រាស។ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ដែលអាចប្រព្រឹត្តទៅបាន ប្រកបដោយវឌ្ឍនភាព និងចីរភាព ទាមទារឱ្យមាននូវវត្តមានរូបិយវត្ថុជាតិ ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្រួលដល់ សកម្មភាពវិនិយោគ ផលិតកម្ម និងពាណិជ្ជកម្មឱ្យមានភាពរស់រវើក៕