(ភ្នំពេញ)៖ អ្នកជំនាញហិរញ្ញវត្ថុ បានលើកឡើងថា សហគ្រាសធុនតូច និងមធ្យម (SMEs) បានដើរតួនាទីយ៉ាងសំខាន់ណាស់ ក្នុងការផលិត កែច្នៃផលិតផលសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋ។ ប៉ុន្តែយ៉ាងនេះក្តី លោកលើកទឹកចិត្តដល់ម្ចាស់ សិប្បកម្ម សហគ្រាស ដែលផលិត និងកែច្នៃផលិតផល គួរចាប់ផ្តើមឡើងពីកម្រិតតូច និងបន្តឈានទៅពង្រីកឱ្យកាន់តែធំ ដើម្បីមានឱកាសក្នុងការរៀនបន្ថែម និងធ្វើឱ្យអាជីវកម្មរបស់ខ្លូនកាន់តែមានលំនឹង។
លោក ជា សុភ័ក្ត អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា(SMEs Bank) មានប្រសាសន៍ថា «ខ្ញុំលើកទឹកចិត្តថា ពេលដែលយើងចាប់ផ្តើមអនុវត្ត យើងក៏គួរកុំចាប់ផ្តើមធំពេក យើងចាប់ផ្តើមជាមួយមូលដ្ឋានតូច ដើម្បីស្វែងរកភាពត្រូវរបស់វា កាលណាយើងចាប់ផ្តើមធំ នៅពេលដែលយើងបរាជ័យ ទុនរបស់យើងមិនមានបញ្ហា? ចឹងយើងត្រូវចាប់ផ្តើមតូច បើសិនជាយើងជោគជ័យ យើងនឹងពង្រីកវាទៅមុខទៀត»។
លោកបានលើកឡើងថា ជាក់ស្តែង មានអាជីវកម្មផលិតប្រហុកមួយ បានចាប់ផ្តើមអាជីវកម្មតាំងពីតូច លក្ខណៈគ្រួសារតជំនាន់ រហូតដល់ក្លាយជាសហគ្រាសធំផលិតប្រហុកផ្គត់ផ្គង់បាននៅទូទាំងប្រទេស ពោលគឺរហូតដល់ទល់ពេលនេះ សហគ្រាសនេះបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្គត់ផ្គង់ប្រហុកខ្មែរ ធំជាងគេនៅកម្ពុជា។
តាមរយៈការឈរជើងដ៏រឹងមាំ និងការរក្សានូវលំនឹងអាជីវកម្មរបស់ខ្លួននេះ សហគ្រាសមួយនេះ មានលទ្ធភាពទទួលបានកម្ចីជាទុនវិនយោគរហូតដល់១.៥លានដុល្លារ ពីធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដើម្បីពង្រីកអាជីវកម្មបន្ថែមផងដែរ។
ទន្ទឹមគ្នានេះ ក្រៅតែពីរៀនពីបទពិសោធន៍នៃការអនុវត្តរបស់ ខ្លួន ក៏ត្រូវរៀនពីបទពិសោធន៍របស់ប្រទេសផ្សេងទៀត ឬអ្នកវិនិយោគផ្សេងទៀត។ ព្រមទាំងត្រូវបន្ត កសាងចំណេះដឹងមូលដ្ឋាន ព្រោះវាគឺជាកត្តាសំខាន់ ក្នុងការចាប់យកជំនាញនៃការផលិត។
សូមស្តាប់ការលើកឡើងបន្ថែមរបស់ លោក ជា សុភ័ក្ត៖