(ស្ទឹងត្រែង)៖ លោក យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ការជំរុញការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន កាន់តែជំរុញប្រសិទ្ធភាព គោលនយោបាយរូបិយវត្ថុ ដែលជួយក្នុងការគ្រប់គ្រងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព។
ការលើកឡើងបែបនេះ ក្នុងឱកាសដែលធនាគារជាតិនៃកម្ពុជា រៀបចំកម្មវិធីផ្សព្វផ្សាយស្តីពី «ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ» នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ នៅខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពលោក យឹម លាត និងលោក សរ សុពុត្រា អភិបាលខេត្ត សិស្សានុសិស្ស និងមន្រ្តីរាជការ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
នៅក្នុងកម្មវិធីនេះ អ្នកចូលរួមបានទស្សនាពិព័រណ៍ពីប្រវត្តិប្រាក់រៀល និងបទបង្ហាញរបស់សិស្សានុសិស្ស ស្តីពីសារៈសំខាន់នៃប្រាក់រៀល ព្រមទាំងវីដេអូខ្លីៗស្តីពី «តើប្រាក់១ម៉ឺនរៀល អាចទិញអ្វីបានខ្លះនៅខេត្តស្ទឹងត្រែង?»។
អង្គពិធីបានទស្សនាស្តង់ពិព័រណ៌របស់ប្រព័ន្ធទូទាត់បាគង ស្តង់ពិព័រណ៍ចំណេះផ្នែកហិរញ្ញវត្ថុ និងស្តង់ពិព័រណ៍របស់គ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីទទួលបានព័ត៌មាន ក៏ដូចជាសេវាកម្មថ្មីៗក្នុងវិស័យហិរញ្ញវត្ថុ។
លោកអភិបាលខេត្ត បានថ្លែងឱ្យដឹងថា សិក្ខាសាលាមានគោលបំណងលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់មន្ទីរ-ស្ថាប័នពាក់ព័ន្ធ និងសាធារណជន ក្នុងការគាំទ្រប្រាក់រៀល ក៏ដូចជាការអបអរសាទរខួបលើកទី៤៥ នៃការដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញ (២០ មីនា ឆ្នាំ១៩៨០-២០ មីនា ឆ្នាំ២០២៥)។
សម្រាប់ការជួបជុំគ្នានៅពេលនេះ ជាឱកាសដ៏ល្អប្រសើរមួយ និងប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅ សំដៅអបអរសាទរខួបលើកទី៤៥ នៃការដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញ ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែមានភាពអភិវឌ្ឍន៍ខ្លាំង និងធន់បន្ថែមទៀត។
លោក យឹម លាត បានថ្លែងថា ធនាគារជាតិនៃកម្ពុជា ក្នុងការពង្រឹងប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុក្របខ័ណ្ឌនយោបាយរូបិយវត្ថុ ដែលបានធ្វើទំនើបកម្មជាបន្តបន្ទាប់ ជាពិសេស ក្នុងការឆ្លើយតប ទៅនឹងយុគសម័យឌីជីថល ក៏ដូចជាការជំរុញឱ្យមានការប្រើប្រាស់ ប្រាក់រៀលទូលំទូលាយ ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរក្សានូវអធិបតេយ្យជាតិ ធ្វើឱ្យសេរីភាព នៃសេដ្ឋកិច្ចកាន់តែមានភាពប្រសើរឡើង និងពង្រឹងនូវអត្តសញ្ញាណជាតិ និងភាពធន់។
លោកបន្ដថា ប្រាក់រៀល បានលើកស្ទួយអត្តសញ្ញាណជាតិ បានកសាងជំនឿទុកចិត្ត ជួយជំរុញសាមគ្គីភាព និងបណ្តុះការបង្រួបបង្រួម និងស្មារតីជាតិនិយម នៅកម្ពុជា។
ទិវាប្រាក់រៀល នឹងបន្តជាវេទិកាដ៏សំខាន់ ក្នុងការលើកកម្ពស់ប្រាក់រៀល និងមានការចូលរួមយ៉ាងផុលផុស ពីគ្រប់ស្ថាប័នក្នុងការលើកស្ទួយការប្រើប្រាស់ប្រាក់រៀល ទាំងក្នុងប្រាក់ចំណូល ចំណាយ ការដាក់តាំងស្លាកតម្លៃ ការទូទាត់ និងការសន្សំ ជាដើម៕