(ភ្នំពេញ)៖ លោក ហូ ស៊ីវយ៉ុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម បានលើកឡើងពីសារៈសំខាន់ របស់វិញ្ញាបនបត្របញ្ជាក់ប្រភព ដើមកំណើតទំនិញ (CO) ដែលប្រៀបដូចជាលិខិតឆ្លងដែនរបស់ទំនិញ និងអាចទទួលបានការអនុគ្រោះពន្ធពីប្រទេសនាំចូល។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ហូ ស៊ីវយ៉ុង អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «យន្តការត្រួតពិនិត្យ និងគ្រប់គ្រងកុំឱ្យមានការលួចបន្លំដើមកំណើតទំនិញ» ក្នុងកម្មវិធី FRESH BUSINESS។
លោក ហូ ស៊ីវយ៉ុង បានបញ្ជាក់យ៉ាងដូច្នេះថា «វិញ្ញាបនបត្របញ្ជាក់ប្រភពដើមកំណើតទំនិញ (CO) គឺជាកិច្ចការមួយដ៏សំខាន់ ហើយវិញ្ញាបនបត្របញ្ជាក់ប្រភពដើមកំណើតទំនិញនេះ ធៀបដូចជា លិខិតឆ្លងដែនសម្រាប់ទំនិញ [...] ទទួលបានការលើកលែងពន្ធ ឬក៏អត្រាពន្ធទាប»។
លោក ហូ ស៊ីវយ៉ុង បានលើកឡើងថា ទោះបីនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាជាសមាជិក ឬក៏ទទួលបានប្រព័ន្ធការអនុវត្ដគ្រោះរួចក៏ដោយក្ដី ប៉ុន្ដែវិញ្ញាបនបត្របញ្ជាក់ប្រភពដើមកំណើតទំនិញ (CO) គឺមានភាពសំខាន់ណាស់៕
ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់លោក ហូ ស៊ីវយ៉ុង៖