(ព្រះសីហនុ)៖ លោក ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) តំណាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក.អ.ក. បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ ស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ (IDP) ក្នុងឆ្នាំ២០២១-២០២៣ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នៅខេត្តព្រះសីហនុ។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងសមាជិកលេខាធិការដ្ឋាន IDP សរុបប្រមាណ ១០០ នាក់។ គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយ IDP ក្នុងឆ្នាំ២០២១-២០២៣ ក៏ដូចជាបញ្ហាប្រឈម សំណូមពរ ដែលក្រសួង ស្ថាប័នទទួលបន្ទុកអនុវត្ត វិធានការបានជួបប្រទះ និងស្វែងរកដំណោះស្រាយដើម្បីសម្រេចនូវការអនុវត្តគោលនយោបាយនេះឱ្យ បានគ្រប់ជ្រុងជ្រោយ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

ជាកិច្ចចាប់ផ្តើម លោក ជា វុទ្ធី បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណដល់តំណាង ក្រសួង ស្ថាប័នពាក់ព័ន្ធដែលបានអញ្ជើញចូលរួមសិក្ខាសាលានាព្រឹកនេះ។ ទន្ទឹមនេះ លោក បានលើក-ឡើងអំពីសាវតារ និងវឌ្ឍនភាពរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា ក្រោមមគ្គុទ្ទេសក៍ដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជា ប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្ន រហូតមានការរៀបចំនិងដាក់ចេញនូវគោលនយោបាយ IDP។

ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពរហ័សរហួន និងថាមវន្ត-ភាពរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ទៅលើយុទ្ធសាស្ត្រកំណើនសេដ្ឋកិច្ច តាមរយៈការបន្តអនុវត្តគោលនយោបាយ IDP ឆ្នាំ២០១៥-២០២៥ និងការគិតគូររៀបចំគោលនយោបាយ IDP សម្រាប់ដំណាក់កាលបន្ទាប់ផងដែរ។

ឆ្លៀតក្នុងឱកាសនេះ លោកបានលើកអំពីបញ្ហាប្រឈមផ្សេងៗ ដែលជាកត្តាបង្កហានិភ័យដល់វិស័យ ឧស្សាហកម្មកម្ពុជា ដូចជា៖ (១) ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ច (២) ការរុះរើខ្សែ-ច្រវាក់ផ្គត់ផ្គង់ផលិតកម្ម (៣) ឌីជីថលូបនីយកម្មក្នុងឧស្សាហកម្ម (៤) បម្រែបម្រួលប្រជាសាស្ត្រ (៥) ការ-ប្រែប្រួលអាកាសធាតុនិងការជំរុញសេដ្ឋកិច្ចបៃតង និង(៦) ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេស អភិវឌ្ឍន៍តិចតួច (LDC) ផងដែរ។

បន្ថែមពីនេះ លោកបានថ្លែងអំណរគុណចំពោះក្រសួង ស្ថាប័ន ពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់កិច្ចសហការជាមួយ ក.អ.ក. ក្នុងការផ្តល់របាយការណ៍ និងធាតុចូលនានា បានទាន់ពេលវេលា និងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ក្នុងការអនុវត្តវិធានការគោលនយោបាយ IDP ឱ្យសម្រេចបានប្រកបដោយប្រសិទ្ធភាព និងលើកទឹកចិត្តឱ្យ បន្តចូលរួមអនុវត្តវិធានការដែលនៅសេសសល់ឱ្យបានពេញលេញ និងប្រកបដោយបុរេសកម្មខ្ពស់ ដើម្បី លើកកម្ពស់ការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាឱ្យកាន់តែមានភាពរីកលូតលាស់ និងសម្រេចជោគជ័យ តាមចក្ខុវិស័យដែលបានរំពឹងទុក។

ជាកិច្ចបន្ទាប់នៃអង្គសិក្ខាសាលា មន្ត្រីគណៈកម្មាធិការវិនិយោគកម្ពុជា និងជាសមាជិកលេខាធិការដ្ឋាន IDP ព្រមទាំង លោក ហៀន សុប៉ូលីន ប្រធានស្តីទីនាយកដ្ឋានប្រតិបត្តិការ និងគ្រប់គ្រងតំបន់ សេដ្ឋកិច្ចពិសេសនៃក.អ.ក. បានធ្វើបទបង្ហាញអំពី (១) របាយការណ៍វឌ្ឍនភាពនៃការអនុវត្តគោល-នយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា ក្នុងឆ្នាំ២០២១-២០២៣ និង (២) ដំណើរការវិវត្តនៃតំបន់សេដ្ឋកិច្ច ពិសេសកម្ពុជា ដែលមានការចូលរួមសួរសំណួរ-ចម្លើយយ៉ាងផុសផុលពីសំណាក់អ្នកចូលរួម។

ជាកិច្ចបន្ត អង្គសិក្ខាសាលា ក៏បានរៀបចំកិច្ចពិភាក្សាលើប្រធានបទ «ការបង្កើនផលប្រយោជន៍ក្នុង ស្រុកជាអតិបរមា និងការជំរុញឧស្សាហកម្មប្រតិគមន៍» ដោយបានអញ្ជើញវាគ្មិនកិត្តិយស ចំនួន៤រូប មកពី ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួង ពាណិជ្ជកម្ម, និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ វេទិកានេះ គឺជាកិច្ចពិភាក្សាមួយដ៏មានសារៈ-សំខាន់ក្នុងការបំផុសគំនិត មតិយោបល់ ដើម្បីជំរុញឧស្សាហកម្មប្រតិគមន៍កម្ពុជាឱ្យមានការរីកចម្រើន បន្ថែមទៀត។

ជាកិច្ចថ្លែងក្នុងពិធីបិទអង្គសិក្ខាសាលា លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា និងជាប្រធានលេខាធិការដ្ឋាន IDP នៃក.អ.ក. បានលើកឡើង អំពីទិស-ដៅការងារបន្តរបស់លេខាធិការដ្ឋាន ក្នុងការរៀបចំផែនការសម្រាប់ការរៀបចំរបាយការណ៍វាយតម្លៃចុង អាណត្តិនៃការអនុវត្តគោលនយោបាយ IDP និងថ្លែងអំណរគុណ ដល់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុង ការចូលរួមចំណែកធ្វើឱ្យសិក្ខាសាលាបញ្ចប់ដោយភាពរលូន និងជោគជ័យ តាមគោលបំណងដែលបាន រំពឹងទុក៕